តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នករត់​តាក់ស៊ី​នៅ​ស្រុក​ពួក​
ជាតិ
សង្គមជាតិ
តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិ​ជប៉ុន​២​នាក់ ដែល​ប្លន់​សម្លាប់​អ្នករត់​តាក់ស៊ី​នៅ​ស្រុក​ពួក​
20, Mar 2019 , 3:23 pm        
រូបភាព
​សៀមរាប​៖ នៅ​ទីបំផុត តុលាការ​សាលាដំបូង​ខេត្តសៀមរាប បានសម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ជប៉ុន​២​នាក់ ដែល​បានសម្លាប់​អ្នករត់​តាក់ស៊ី ដើម្បី​ប្លន់​រថយន្ត​នៅ​ស្រុក​ពួក ខេត្តសៀមរាប​។ ដីការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៩ មីនា ដោយ​ចោទប្រកាន់​ពីបទ ឃាតកម្ម​គិតទុក​ជាមុន​។​

 
​គួររម្លឹកថា ជនជាតិ​ជប៉ុន​២​នាក់ បានធ្វើ​សកម្មភាព​សម្លាប់​បុរស​អ្នករត់​តាក់ស៊ី​ឈ្មោះ ហ៊ឹម ចាន់ នៅវេលា​ម៉ោង ៥​រសៀល ថ្ងៃទី​១៧ មីនា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​គោក​ដូង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។ ជនល្មើស​បាន​សារភាពថា ធ្វើ​គម្រោង​ប្លន់​នេះ​ដោយសារ​ត្រូវការ​លុយ​។ ជន​ទាំង​២​មាន ទី​១ ISHIDA REIMON ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទី​២ ឈ្មោះ NAKA RYUJI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ បាន​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃទី​១៦ មីនា ដោយមាន​ប្រវត្តិ​ធ្លាប់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ ២០១៨​ផងដែរ​។ មន្ត្រីនគរបាល​មិនបាន​រកឃើញ​សារធាតុ​ញៀន​ក្នុង​ខ្លួន​របស់​ទាំង​២​នោះទេ តែមាន​ការសង្ស័យថា បាន​ចាញ់ល្បែង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com