ជាតិ
កម្ពុជា ដាក់​ដំណើរការ​កម្មវិធី ACCESS ក្រោម​មូលនិធិ​១០​លាន​ដុល្លារ ដើម្បី​ជួយ​ស្ត្រី​និង​ជនពិការ
21, Mar 2019 , 8:39 pm        
រូបភាព
វង សូត
វង សូត
​ភ្នំពេញ​៖ កម្ពុជា បាន​សម្ពោធ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​អូស្ត្រាលី​(ACCESS) ដើម្បី​ជួយ​ជនពិការ និង​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ប្រកបដោយ​និរន្ត​ភាព គុណភាព និង​បរិ​យាប​ន្ន​។​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​អូស្ត្រាលី បង្កើត​ក្រោម​មូលនិធិ​ដែលមាន​ទឹកប្រាក់​១៥​លាន​ដុល្លារ​អូស្ត្រាលី (​ជាង​១០​លាន​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​៣​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៨​ដល់​២០២១​។​

 
​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា លោក វង សូត បាន​និយាយថា កម្មវិធី ACCESS នឹង​ដំណើរការ​បានល្អ ក្នុង​ការផ្តល់​បច្ចេកទេស និង​ថវិកា​ដល់ដៃ​គូ​ប្រកបដោយ​និរន្តរភាព​សម្រាប់​សេវាកម្ម​នីមួយៗ ស្របតាម​ផែនការ​សកម្មភាព​ដែល​បាន​គ្រោងទុក​។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​អូស្ត្រាលី លោក វង សូត បាន​និយាយ​ដូច្នេះ​ថា​៖« ខ្ញុំ​មាន​សេចក្តីសង្ឃឹម​ផងដែរ​ថា តាមរយៈ​ការអនុវត្ត​អភិបាលកិច្ច និង​ការអនុវត្ត​កម្មវិធី ដើម្បីឱ្យ​ស្របតាម​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កម្ពុជា​នឹងមាន​ការចូលរួម​កាន់​តែ​ច្រើនជាង​មុន ក្នុងការ​គិតគូរ​សម្រាប់​វិស័យ​ពិការភាព​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ​»​។​


 
​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ជំ​រុញឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ បំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន​ក្នុង​ការផ្តល់សេវា នានា​ជនពិការ​ភាព ជាពិសេស​ធ្វើយ៉ាងណា​លើកកម្ពស់ ដល់​សុខុមាលភាព​ជនពិការ​ភាព ឱ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​កម្មវិធី ACCESS នេះ ។​
 
​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​អូស្ត្រាលី​(ACCESS) ដែលមាន​ទឹកប្រាក់​ជាង​១០​លាន​ដុល្លារ គឺជា​ការ​ផ្ដួចផ្ដើមឡើង​របស់​ប្រទេស​អូស្ត្រាលី ដើម្បី​លើកកម្ពស់​សេវា​ប្រកបដោយ​និរន្ត​ភាព គុណភាព និង​បរិ​យាប​ន្ន​សម្រាប់​ជន​មាន​ពិការភាព និង​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។​
 
​លោកស្រី Angela Corcoran ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ថា ៖«​កម្មវិធី​ACCESS ឆ្លុះបញ្ចាំង​ពី​ភាព​មុតមាំ​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុងការ​គ្រាំទ្រ​សិទ្ធិមនុស្ស សមភាព​យេនឌ័រ និង​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យាប​ន្ន​សម្រាប់​ជនពិការ​ភាព​នៅ​កម្ពុជា​។ ទាំងអស់នេះ​ជា ស្នូល​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​និង​កំណើនសេដ្ឋកិច្ច​»​។ 



​គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​បានផ្តល់​របប​គោលនយោបាយ​ជនពិការ​ក្រីក្រ​តាម​សហគម​ន៏​ដល់​ជន​មាន​ពិការភាព បាន​ចំនួន ១០​ខេត្ត រួមមាន ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ កណ្តាល ត្បូងឃ្មុំ ប៉ៃលិន បាត់ដំបង ពោធិសាត់ ព្រៃវែង និង​ខេត្តស្វាយរៀង សរុប​ចំនួន​១១.៦២៨ នាក់ ។​
 
​តាមរយៈ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិ​ទិ្ធ​ជនពិការ រដ្ឋាភិបាល បានកំណត់​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យចូល​បម្រើ​ការងារ​នៅតាម​ក្រសួង​-​ស្ថាប័នរដ្ឋ​ឱ្យ​គ្រប់​២​ភាគរយ និង វិស័យ​ឯកជន ១​ភាគរយ​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨ ជន​មាន​ពិការភាព​សរុប​ចំនួន ២.៨៣៩ នាក់ ក្នុងនោះ​ជនពិការ​កម្រិតធ្ងន់​មាន​ចំនួន ១.៤៧៨ នាក់ បាន​ចូល​បម្រើ​ការងារ​នៅតាម​ក្រសួង ស្ថាប័នរដ្ឋ​ចំនួន ៤០​។ ចំណែក​វិស័យ​ឯកជន​ចំនួន ៧៧ មាន​ជនពិការ​ចំនួន ៣.០៥៥ នាក់ កំពុង​បម្រើ​ការងារ​។ សរុប​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​មាន​ជន​ពិការភាព​ចំនួន​ប្រមាណ ៥.៨៩៤ នាក់ កំពុង​បម្រើ​ការងារ​៕

Tag:
 ACCESS
  វង សូត​
  អូស្ត្រាលី​
© រក្សាសិទ្ធិដោយ thmeythmey.com