អន្តរជាតិ
រុស្ស៊ី​ខឹង​ប៉ូឡូញ​ដែល​មិន​អញ្ជើញលោក ពូ​ទីន ចូលរួម​កម្មវិធីរំឭកខួបនៃការផ្ទុះ​សង្គ្រាមលោកលើកទី​២
21, Mar 2019 , 10:19 pm        
រូបភាព
​ក្រុង​មូ​ស្គូ​នៅ​ថ្ងៃទី​២០ ខែមីនា បានបង្ហាញ​ការខឹង​សម្បារ​យ៉ាងខ្លាំង​ដាក់​ក្រុង​វ៉ា​សូវី ដែល​មិន​អញ្ជើញ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ឲ្យ​ចូលរួម​ពិធី​រំឭក​ខួប​ទី​៨០ នៃ​ការចាប់ផ្ដើម​សង្គ្រាមលោកលើកទីពីរ​។ ក្រុង​មូ​ស្គូ​ចោទ​ក្រុង​វ៉ា​សូវី​ថា មិន​ខ្វល់ខ្វាយ​ពី​ប្រវត្តិសាស្ត្រ ហើយ​រៀបចំ​កម្មវិធី​តែ​គ្នាឯង​ទៅវិញ​។

 
​នៅ​ខែកញ្ញា​ឆ្នាំ​២០១៩ ប៉ូឡូញ នឹង​រៀបចំ​ពិធី​រំឭក​ខួប​ទី​៨០​ឆ្នាំ​ការផ្ទុះ​សង្គ្រាមលោកលើកទីពីរ​។ មេដឹកនាំ​ប្រទេស​ច្រើន នឹងចូលរួម​ពិធី​នេះ​តាម​ការអញ្ជើញ​របស់​ប៉ូឡូញ ប៉ុន្តែ​ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន នឹងមិន​មានមុខ​ឡើយ​។ ការមិន​អញ្ជើញលោក ពូ​ទីន ធ្វើ​ឲ្យ​រុស្ស៊ី​មិន​ពេញចិត្ត​ឡើយ និង​ប្រើ​ពាក្យរិះគន់​ប៉ូឡូញ​ខ្លាំងៗ​ផង​។​
 
​ក្រសួងការបរទេស​រុស្ស៊ី​នៅ​ថ្ងៃទី​២០ ខែមីនា បាន​បញ្ចេញ​ការខឹង​សម្បារ​ពេល​ដឹងថា ប៉ូឡូញ​មិន​អញ្ជើញ​ប្រមុខរដ្ឋ​រុស្ស៊ី​ចូលរួម​ការ​រំឭក​ខួប​នេះ​។ អ្វីដែល​ធ្វើ​ឲ្យ​ក្រុង​មូ​ស្គូ​កាន់តែ​មិន​សប្បាយចិត្ត​នោះ ប៉ូឡូញ​បែរជា​រៀបចំ​គម្រោង​រំឭក​ខួប​ជាមួយ​មិត្តភក្តិ​ជិតដិត​របស់ខ្លួន​មាន​អាមេរិក ប្រទេស​អឺរ៉ុប និង​រដ្ឋ​អតីត​សហភាពសូវៀត​មួយចំនួនទៀត​។ រុស្ស៊ី​ប្រតិកម្ម​ដាក់​ប៉ូឡូញ​ថា មិន​អើពើ​តថភាព​ប្រវត្តិសាស្ត្រ ហើយ​ចង់​ផ្លាស់ប្ដូរ​កម្មវិធី​ខែកញ្ញា​ទៅជា​ជំនួប​សម្ងាត់​វិញ​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រសួងការបរទេស​រុស្ស៊ី​ក៏​រំឭក​ប៉ូឡូញ​ពី​គុណសម្បត្តិ​របស់​រុស្ស៊ី​ដែល​កាលនោះ​ជា​សហភាពសូវៀត​ក្នុងការ​កម្ទេច​កម្លាំង​ហ៊ី​ត្លែរ ហើយ​បាន​រំដោះ​ប៉ូឡូញ​ពី​ក្រញាំ​របស់​យោធា​ណា​ស៊ី​ទៀតផង ប៉ុន្តែ​ចុងក្រោយ​រុស្ស៊ី​បែរជា​គ្មាន​មុខ​នៅ​កម្មវិធី​រំឭក​ខួប​ទី​៨០​ឆ្នាំនេះ​ទៅវិញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ឆ្លើយ​ពាក្យរិះគន់​របស់​រុស្ស៊ី ការិយាល័យ​ព័ត៌មាន​របស់​ប្រធានាធិបតី​ប៉ូឡូញ​អះអាងថា ការអញ្ជើញ​មេដឹកនាំ​ឲ្យ​ចូលរួម​ក្នុងការ​ជួបជុំ​នេះ មិនមែន​អាស្រ័យ​លើ​បញ្ហា​ប្រវត្តិសាស្ត្រ​ឡើយ​។ ព្រឹត្តិការណ៍​ពិសេស​នេះ នឹងត្រូវ​រំឭក​ដោយ​ប៉ូឡូញ និង​ប្រទេស​ជាច្រើន​ដែល​ធ្វើការ​ជាមួយគ្នា​ដើម្បី​សន្តិភាព​ពិភពលោក​ដោយ​ផ្អែកលើ​គោលការណ៍​គោរព​ច្បាប់​អន្តរជាតិ​។ នេះ​ជាការ​បញ្ជាក់​របស់​ការិយាល័យ​លោក​ប្រធានាធិបតី Andrzej Duda ។​
 
​សូម​រំឭកថា ទ័ព​អាល្លឺម៉ង់​បាន​ឈ្លានពាន​ប៉ូឡូញ​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​១៩៣៩ ដែល​នាំ​ឲ្យ​មានការ​ផ្ទុះឡើង​សង្គ្រាមលោកលើកទីពីរ​។ ប៉ុន្តែ​ការឈ្លានពាន​នេះ អាល្លឺម៉ង់ និង​សហភាពសូវៀត​បាន​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ដែល​បាន​ហែក​ប៉ូឡូញ​ជា​ពីរ​។ នៅ​ឆ្នាំ​១៩៤១ ទ័ព​អាល្លឺម៉ង់​ក៏​វាយប្រហារ​លើ​កម្លាំង​ទ័ព​សហភាពសូវៀត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ជារឿយៗ ក្រុង​មូ​ស្គូ​តែង​ត្អូញត្អែរថា ពិភពលោក​បំភ្លេច​គុណ​សហភាពសូវៀត​ដែល​ជួយ​រំដោះ​ពី​ដៃ​ហ៊ី​ត្លែរ ខណៈ​ជ័យជម្នះ​របស់​កងទ័ព​ក្រហម​ក្លាយជា​មោទកភាព​របស់​រុស្ស៊ី​៕ 
 

Tag:
 រុស្ស៊ី​
  ប៉ូឡូញ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com