អន្តរជាតិ
មន្ត្រីជាន់ខ្ពស់​អាមេរិក​៖ «ដំណើរការ​ប្រជាធិបតេយ្យ​ថៃ​កំពុង​បោះជំហាន​ទៅមុខ​»
22, Mar 2019 , 8:39 pm        
រូបភាព
លោក Murphy ជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសថៃ Virasakdi Futrakulកាលពីថ្ងៃ ១៨ ខែមីនា
លោក Murphy ជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសថៃ Virasakdi Futrakulកាលពីថ្ងៃ ១៨ ខែមីនា
​បេសកជន​ពិសេស​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​បង្ហាញ​សុ​ទិ​ដ្ឋិនិយម​ចំពោះ​ដំណើរ​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ថៃ​តាមរយៈ​បោះឆ្នោត​សាកល​ដែល​នឹង​ប្រព្រឹត្ត​ទៅជា​ផ្លូវការ​ថ្ងៃ ២៤ ខែមីនា និង​រំពឹង​ខ្ពស់​ថា សម្ព័ន្ធភាព​រវាង​ថៃ និង​អាមេរិក​នឹង​កាន់តែ​ជិតស្និទ្ធ​នៅពេល​ខាងមុខ​។ 


 
​លោក W. Patrick Murphy ដែលជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ដែល​ទើប​បញ្ចប់​ទស្សនកិច្ចរ​បស់​ខ្លួន​នៅ​ប្រទេស​ថៃ​បាន​លើកឡើងថា ប្រជាធិបតេយ្យ​នៅ​ថៃ​កំពុង​បោះជំហាន​ទៅមុខ ខណៈដែល​ការបោះឆ្នោត​សាកល​កំពុង​ប្រព្រឹត្ត​ឡើងជា​បណ្តើរ​តាំងពី​ចុង​សប្តាហ៍​មកនេះ​។ 
 
​លោក​បន្ថែមថា លោក​បាន​ជួបពិភាក្សា​ជាមួយ​តំណាង​រដ្ឋាភិបាល​ថៃ​, តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ផ្សេងទៀត​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍ ហើយ​លោក​រីករាយ​ដែល​ឃើញ​ប្រជាជន​ថៃ​ច្រើន​ស្រេកឃ្លាន​ចង់​អនុវត្ត​សិទ្ធិ​នយោបាយ​ដោយ​ចេញទៅ​បោះឆ្នោត​ក្នុងការ​បោះឆ្នោត​មុន​កំណត់​។​
 
«​ដំណើរការ​នៃ​ប្រជាធិបតេយ្យ​នៅ​ថៃ​កំពុង​បោះជំហាន​ទៅមុខ​។ យើង​ឃើញ ចំនួន​អ្នក​ទៅ​បោះឆ្នោត​មុន​កំណត់​មាន​កម្រិត​ខ្ពស់ ហើយ​ប្រជាជន​ថៃ​សក្តិសម​នឹង​ទទួលបាន​ឱកាស​បែបនេះ និង​អាចមាន​សេរីភាព និង​អាច​បញ្ចេញ​ឆន្ទៈ​ដូច​អ្វីដែល​ខ្លួន​ធ្លាប់មាន​កន្លងមក​»​។ មន្ត្រីការទូត​ជាន់ខ្ពស់​អាមេរិក​រូបនេះ​ថ្លែង​បែបនេះ​ដោយ​ឆ្លើយតប​នឹង​សំណួរ​សារព័ត៌មាន​ថ្មីៗ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​សុក្រ​ទី ២២ ខែមីនា​។​
 
​ប្រជាជន​ថៃ​លើស ៥១ លាន​នាក់​ឯណោះ​ដែលមាន​សិទ្ធិ​ចូលរួម​ក្នុងការ​បោះឆ្នោត​សាកល​ថ្ងៃ ២៤ ខែមីនា​ខាងមុខនេះ​។ វា​ជាការ​បោះឆ្នោត​ប្រជាធិបតេយ្យ​លើកដំបូង​បំផុត​រាប់​ចាប់ពី​ពេលដែល​ក្រុម​យោធា​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ដណ្តើម​អំណាច​កាលពី​ខែឧសភា​ឆ្នាំ ២០១៤ និង​មានការ​ពន្យារពេល​បោះឆ្នោត​ជាច្រើនលើក​មក​នោះ​។​
 
​ជុំវិញ​ការរំពឹង​ពី​ការបោះឆ្នោត​លើកដំបូង​ក្នុងពេល​ប្រាំ​ឆ្នាំ​មកនេះ​លោក Murphy បាន​ថ្លែងថា លោក​ពិត​ចង់ឃើញ​សម្ព័ន្ធមិត្ត​ថៃ​ត្រឡប់​ទៅរក​ផ្លូវ​ប្រជាធិបតេយ្យ និង​មាន​រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត​ត្រឹមត្រូវ​។ ដូច្នេះ​លោក​រំពឹងថា ស្ថាប័ន​ដឹកនាំ គណបក្សនយោបាយ សង្គម​ស៊ីវិល និង​ប្រជាជន​ថៃ​ទាំងអស់​ចូលរួម​ក្នុង​ដំណើរការ​បោះឆ្នោត​នេះ ហើយ​វា​នឹង​ជះឥទ្ធិពល​ល្អប្រសើរ​ចំពោះ​ប្រជាជន​ថៃ ក៏ដូចជា​ជា​សម្ព័ន្ធភាព​ដែល​ថៃ​មាន​ជាមួយ​អាមេរិក​ដូចគ្នា​ដែរ​៕​
 

Tag:
 ថៃ​
  អាមេរិក​
  បោះឆ្នោត​
  Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com