ONE Championship
កីឡាជាតិ
ជាតិ
António Faria ចង់​សងសឹក រិ​ទ្ធ ភូ​លូ ក្រោយ​ចាញ់​ពិន្ទុ​នៅ​បាត់ដំបង​
23, Mar 2019 , 1:19 pm        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​វិស័យ​ក្បាច់គុន​កម្ពុជា​កំពុង​រីកចម្រើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ដែល​ជាក់ស្ដែង​គឺ​យើង​អាច​ដឹងបាន​តាមរយៈ​តួលេខ​ដ៏​ច្រើន​នៃ​កីឡាករ​អាជីព​ដែល​ធ្វើដំណើរ​មក​ប្រកួត​នៅ​កម្ពុជា​កន្លងមក​។

 
​កាលពី​ថ្ងៃទី​១៧​ខែមីនា ជើងឯក World Lethwei Championship ទម្ងន់ light welterweight ជនជាតិ​ព័រ​ទុយ​ហ្គា​ល់ António Faria បានបង្ហាញ​ខ្លួន​លើក​ទី​២​នៅ​កម្ពុជា ដោយ​ប្រកួត​ជាមួយ​កីឡាករ​គុន​ខ្មែរ​វ័យក្មេង​ដ៏​មាន​ទេពកោសល្យ រិ​ទ្ធ ភូ​លូ​។ 
 
​កីឡាករ​វ័យ​៣០​ឆ្នាំ Faria បាន​កើន​ប្រជាប្រិយ​ភាពជា​លំដាប់ ពិសេស​កាលពី​ខែកុម្ភៈ​កន្លងទៅ​គេ​បាន​ឈានដល់​កម្រិត​ថ្មី​មួយទៀត​នៅពេល​គេ​ក្រសោប​បាន​ខ្សែក្រវាត់  WLC light welterweight ដោយ​ផ្ដួល​ម្ចាស់​ជើងឯក​របស់​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា Saw Htoo Aung នៅក្នុង​ព្រឹត្តិការណ៍ WLC7: Mighty Warriors ក្នុង​ទីក្រុង​ម៉ាន់​ដា​ឡាយ​។ 
 
​ជំនាញ​និង​ការប្ដេជ្ញាចិត្ត​របស់ Faria ដែលជា​អ្នកលេង​ក្បាច់គុន​ជា​យូរ​មកហើយ​នោះ បាន​នាំ​គេ​ត្រាច់ចរ​មកកាន់​ប្រទេស​កម្ពុជា​។ 
 
Faria និយាយថា​៖ «​ប្រជាជន​កម្ពុជា​គឺ​ស្វិតស្វាញ​និង​មាន​បេះដូង​ធំ​ទូលាយ​។ គ្រប់គ្នា​នៅទីនេះ​ពិតជា​រួសរាយ​ណាស់ ហើយ​ពួកគេ​ស្រលាញ់​ការ​វ៉ៃ​។ នៅ​ប្រទេស​របស់ខ្ញុំ នៅពេល​អ្នក​និយាយថា​អ្នកជា​កីឡាករ​ប្រដាល់ ពួកគេ​មើល​មក​អ្នក​ដូច​មនុស្ស​ចម្លែក ប៉ុន្ដែ​នៅទីនេះ​ផ្សេង​»​។ 
 
Faria រំភើបចិត្ត​ដែល​បានបង្ហាញ​សមត្ថភាព​ទល់នឹង​កីឡាករ​វ័យ​កំពុង​រះ​ខ្លាំង​ម្នាក់​របស់​កម្ពុជា រិ​ទ្ធ ភូ​លូ ក្នុងការ​ប្រកួត​ដំបូង​របស់គេ​នៅ​សង្វៀន​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ 
 
​ការប្រយុទ្ធ​ដ៏​សកម្ម​បានចាប់ផ្ដើម ដោយ​កីឡាករ​កម្ពុជា​បាន​វាយ​ឱ្យ​ជើងឯក WLC មាន​ស្នាម​បែក​ក្នុង​ទឹក​ទី​១ ដែល​ធ្វើឱ្យ Faria ស្រឡាំងកាំង​។ 
 
​ក្រោយ​ការប្រកួត Faria បញ្ជាក់ថា​៖«​ខ្ញុំ​ពិតជា​ចូលចិត្ត​ការប្រកួត​មួយ​នេះ​ណាស់ វា​ជាការ​ប្រកួត​របស់​អ្នក​ប្រយុទ្ធ​ដ៏​ពិតប្រាកដ​»​។ 
 
Faria បន្តថា​៖ «​ក្នុង​ទឹក​ទី​១ ខ្ញុំ​មិនបាន​យកចិត្តទុកដាក់​១០០%​ទេ ហើយ​គាត់​បាន​វាយ​ខ្ញុំ​បែក​២​កន្លែង​លើ​ផ្ទៃមុខ ប៉ុន្តែ​វា​គ្មាន​បញ្ហា​សម្រាប់​ខ្ញុំ​ទេ​»​។ 
 
Faria បានបង្ហាញ​ជំហរ​រឹងមាំ​និង​តស៊ូ​ក្នុងការ​ប្រកួត​បាន ទោះបី​គេ​ឈឺចាប់​ខ្លាំង​ក៏ដោយ​។ 
 
​ភូ​លូ បាន​រក្សា​ការ​វាយ​ចេញ​ដៃស្ដាំ​ធ្ងន់ៗ​និង​ប្ដូរ​គ្នា​ច្រើនលើក​ក្នុងការ​ប្រកួត​៥​ទឹក ខណៈ Faria រក្សា​ការដើរ​ចូល​និង​វាយ​ចេញ​លឿនៗ​។ 
 
Faria បន្ថែមថា​៖ «​ទឹក​ទី​៣ ទី​៤ និង​ទី​៥ ខ្ញុំ​គិតថា​ខ្ញុំ​ឈ្នះ​។ ក្នុង​៣​ទឹក​ចុង​ក្រោយនេះ ខ្ញុំ​ខ្លាំង​ជាង​គាត់ ប៉ុន្ដែ​ការប្រកួត​គឺ​អូ​ចឹ​ង​ឯង​។ ជួនកាល​អ្នកឈ្នះ ជួនកាល​អ្នកចាញ់​។ ខ្ញុំ​គិតថា​បើ​មានការ​ប្រកួត​សងសឹក​នៅពេល​ខាងមុខ​គឺជា​រឿង​ល្អ​»​។ 
 
​ការប្រកួត​ដ៏​ស្វាហាប់​រវាង Faria និង ភូ​លូ  បានធ្វើឱ្យ​ទស្សនិកជន​ដែល​ចូល​ទស្សនា​ផ្ទាល់​ក្នុង​សង្វៀន​ស្រុក​ឯក​ភ្នំ​ហ៊ោកញ្ជ្រៀវ​យ៉ាងខ្លាំង ហើយ​អាច​និយាយបានថា​ទស្សនិកជន​ពិតជា​មាន​ក្ដី​សោមនស្ស​ក្ន​យ​ង​ការ​ឃើញ​កីឡាករ​បរទេស​មក​ប្រកួត​ជាមួយ​កីឡាករ​ដ៏​មាន​ទេពកោសល្យ​របស់​កម្ពុជា​។ 
 
​បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ដោយ​គ្មាន​ឈប់ឈរ ចៅក្រម​បានផ្ដល់​ជ័យជម្នះ​ដោយ​ពិន្ទុ​ដល់ ភូ​លូ ដែល​កាន់តែ​ធ្វើឱ្យ ភូ​លូ មាន​ស្ថិតិ​ប្រកួត​ប្រសើរឡើង​មួយកម្រិត​ទៀត​ជាមួយ​ជ័យជម្នះ​លើ​ជើងឯក Lethwei នេះ​។ 
 
​ពេលនេះ Faria កំពុង​សម្លឹង​ទៅកាន់​ការប្រកួត​សងសឹក​ជាមួយ ភូ​លូ និង​បញ្ចេញ​សមត្ថភាព​នៅ​ពីមុខ​ទស្សនិកជន​កម្ពុជា​ដ៏​ច្រើន​កុះករ​ជាថ្មីទៀត​។ 
 
Faria សង្កត់ ធ្ងន់​ថា​៖ «​ខ្ញុំ​ចូលចិត្ត​ប្រកួត​នៅ​កម្ពុជា​។ ប្រជាជន​កម្ពុជា​ស្រលាញ់​កីឡា​មួយ​នេះ​ណាស់ ហើយ​នេះ​គឺជា​ការជំរុញ​ទឹកចិត្ត​យ៉ាងខ្លាំង​ដើម្បីឱ្យ​កីឡាករ​ប្រកួត​ឱ្យ​ល្អមើល​។ ពេលខ្លះ ចាញ់​ឬ​ឈ្នះ​មិន​សំខាន់​ដូច​ការ​វ៉ៃ​ឱ្យ​បានល្អ​នោះទេ​។ ប្រហែល​មួយខែ​ទៀត ខ្ញុំ​រួចរាល់​សម្រាប់​ការប្រកួត​សងសឹក​ហើយ​»៕
 

Tag:
 ONE Championship
  រិ​ទ្ធ ភូ​លូ
© រក្សាសិទ្ធិដោយ thmeythmey.com