អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី ណែនាំ​កសិករ​ឲ្យ​ងាក​ទៅ​ដាំ​ទុរេន ក្រោយ​ទីផ្សារ​ដូងប្រេង​អឺរ៉ុប​កាន់តែ​ចង្អៀត​
23, Mar 2019 , 7:59 pm        
រូបភាព
រូបភាព៖ ការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី
រូបភាព៖ ការិយាល័យប្រធានាធិបតីឥណ្ឌូណេស៊ី
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ណែនាំ​ឲ្យ​ប្រជាជន​ដែលជា​អ្នក​ដាំដូង​ប្រេង​នៅក្នុង​ប្រទេស​ប្តូរ​មក​ដាំ​ទុរេន​វិញ​ម្តង​។ សេចក្តីណែនាំ​របស់​ក្រុង​ហ្សា​ការ​តា ធ្វើឡើង​ស្របពេល​ដែល​ទីផ្សារ​ដូងប្រេង​របស់ខ្លួន​នៅ​អឺរ៉ុប​កាន់តែ​មានការ​រឹតត្បិត ខណៈ​មើលឃើញ​ពី​សក្តានុពល​របស់​ទីផ្សារ​ទុរេន មិនមាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​។​


 
​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​សមាគមន៍​អ្នក​ដាំដូង​ប្រេង​នៅ​ថ្ងៃ​១៩ មីនា​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​ប្រឹក្សា​ឲ្យ​អ្នក​ដាំដូង​ប្រេង​ពង្រីក​អាជីវកម្ម​របស់ខ្លួន ដោយ​ងាក​មក​ដាំ​ដើម​ទុរេន​វិញ ដោយ​លោក ជឿជាក់ថា ថា ផលិតផល​នេះ មានឱកាស និង​តម្រូវការ​ច្រើន​នៅក្នុង​ទីផ្សារ​អន្តរជាតិ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី Jakarta Post​។​
 
​លោក​ប្រធានាធិបតី បាន​លើកឡើងថា ឥណ្ឌូណេស៊ី គឺជា​ប្រភព​ផលិតផល​ដូរ​ប្រេង​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​រួចទៅហើយ ក៏ប៉ុន្តែ​មុខទំនិញ​នេះ បាន​ជួប​ផល​លំបាក​នៅក្នុង​ការពង្រីក​ទីផ្សារ ព្រោះ​បណ្តា​ប្រទេស​មួយចំនួន បាន​ភ្ជាប់​ជាមួយនឹង​បញ្ហា​បរិស្ថាន ខណៈ​ប្រទេស​មួយចំនួន​ផ្សេងទៀត បាន​យកពន្ធ​ខ្ពស់​ពេក​។ 
 
​តប​នឹង​បញ្ហា​នេះ លោក​ប្រធានាធិបតី បានផ្តល់​ជម្រើស និង​អនុសាសន៍​មួយ ដោយ​លោក ជឿ​ជា​ថា ទុរេន មាន​សក្តានុពល​ជាង​ដូងប្រេង​។ លោក សង្កត់ធ្ងន់ថា ចិន មាន​តម្រូវការ​ខ្ពស់​លើ​ផ្លែ​ទុរេន ដែល​កន្លងមក ប្រភព​នៃ​ការផ្គត់ផ្គង់ មកពី​ម៉ាឡេស៊ី​។ តាម​លោក​ប្រធានាធិបតី ឥណ្ឌូណេស៊ី មាន​ទុរេន​ល្អ និង​ចម្រុះ​ប្រភេទ ក៏ប៉ុន្តែ មិនទាន់បាន​គ្រប់គ្រង​បាន​ត្រឹមត្រូវ​។ 
 
​តាម Jakarta Post  ក្នុង​មួយឆ្នាំ ឥណ្ឌូណេស៊ី ផលិត​ដូងប្រេង​បាន ៤៦ លាន​តោន​។ ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​ដ៏​ធំ​នៃ​ផលិតផល​នេះ បានចាប់ផ្តើម​រឹតត្បិត​តាមរយៈ​ការដំឡើង​ពន្ធ និង​ដាក់​លក្ខខណ្ឌ​ពាក់ព័ន្ធ​បរិស្ថាន​លើ​ការ​នាំចូល ដែល​ធ្វើ​ឲ្យ​មិន​ត្រឹមតែ​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​ទេ តែ​ម៉ាឡេស៊ី ក៏​ដូចគ្នា​ផងដែរ បាន​ប្រតិកម្ម​ខ្លាំង និង​សន្យា​មាន​វិធានការ​ត្រឡប់​ទៅវិញ​៕  
 

Tag:
 ឥណ្ឌូណេស៊ី​
  ដូងប្រេង​
  ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com