ជាតិ
សង្គមជាតិ
ប្រធានអាជ្ញាធរជាតិព្រះវិហារ៖ តំបន់កោះកេរប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃខ្លាំង នៅរដូវក្ដៅ
× សៀមរាប៖ ក្រៅពីបញ្ហាអភិរក្សហើយនោះ នៅតំបន់ប្រាសាទកោះកេរ ក៏មានការប្រឈមខ្លាំងទៅនឹងភ្លើងឆេះព្រៃ ការកាប់ទន្ទ្រានព្រៃផងដែរ។ ប្រធានអាជ្ញាធរជាតិព្រះវិហារ ដែលគ្រប់គ្រងតំបន់កោះកេរ បានទទួលស្គាល់ថា បញ្ហាកាប់ទន្ទ្រានព្រៃ ពិសេសនោះនៅរដូវក្ដៅនេះ បញ្ហាភ្លើងឆេះព្រៃកំពុងប្រឈមខ្លាំង។
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ បញ្ហាប្រឈមខ្លាំងនៅតំបន់កោះកេរ បន្ទាប់ពីការងារអភរិក្សនោះ គឺភ្លើងឆេះព្រៃ។ «ព្រៃឆេះជារឿយៗនៅតំបន់កោះកេរក្នុងរដូវប្រាំងនេះ យើងពិបាកទប់ស្កាត់ណាស់ ដោយសារខ្វះសម្ភារដូចជាឡានទឹកជាដើម»។ នេះជាការបញ្ជាក់របស់លោក គឹម សេតារា។ លោកបន្ថែមថា ក្រៅពីនេះការទន្ទ្រានដីព្រៃឈើក៏នៅតែជាបញ្ហា ដែលអាជ្ញាធរពិបាកទប់ស្កាត់ផងដែរ។ យ៉ាងណា លោក គឹម សេតារា អះអាងថា នឹងចាត់វិធានតាមផ្លូវច្បាប់ចំពោះជនល្មើសដែលប្រព្រឹត្តិករណីនេះ។
គួររម្លឹកថា កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការ អាយស៊ីស៊ី-ព្រះវិហារ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ មីនា ដឹកនាំកិច្ចប្រជុំដោយ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានសហប្រធានចិន និងឥណ្ឌា និងប្រទេសជាសមាជិក៦ទៀតចូលរួម ក្នុងនោះរួមមាន បែលហ្សិក ជប៉ុន បារាំង សហរដ្ឋអាមេរិក ថៃ និងកូរ៉េខាងត្បូង។ បទបង្ហាញសំខាន់ៗក្នុងកិច្ចប្រជុំនេះ រួមមានការបង្ហាញអំពីរបាយការណ៍អភិរក្ស និងអភិវឌ្ឍន៍ដូចជា គម្រោងអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង លទ្ធផលបឋមនៃការស្រាវជ្រាវបុរាណវិទ្យានៅស្ថានីយ៍គោកដីឆ្នាំង។ល។ រីឯការចូលរួមរបស់ដៃគូសហប្រតិបត្តិការអន្តរជាតិ រួមមានគម្រោងដោះមីន សកម្មភាពដោះមីននៅតំបន់ប្រាសាទព្រះវិហារ ដែលបទបង្ហាញទូទៅផ្តោតលើគម្រោងជួសជុលប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ៕
Tag:
អភិរក្ស
កោះកេរ
ភ្លើងឆេះព្រៃ
គឹម សេតារា
© រក្សាសិទ្ធិដោយ thmeythmey.com