អន្តរជាតិ
អ្នកនាំពាក្យ​៖ ការដកខ្លួន​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ព្រោះ​ហ្វីលីពីន​មាន​ប្រព័ន្ធយុត្តិធម៌​រឹងមាំ​ហើយ​
24, Mar 2019 , 11:23 am        
រូបភាព
រូបភាព៖ Manila Bulletin
រូបភាព៖ Manila Bulletin
ដោយ:
​បន្ទាប់ពី​សមាជិកភាព​ហ្វីលីពីន​នៅក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ត្រូវបាន​បញ្ចប់​ជា​ផ្លូវការ​រួចហើយ​មក មានការ​ចោទប្រកាន់​ច្រើន​លើ​រដ្ឋបាល​ដឹកនាំ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ថា មិន​ហ៊ាន​ប្រឈមមុខ​ផ្នែក​ច្បាប់ ខណៈដែល​តុលាការ​ទើបតែ​ចាប់ផ្តើម​ស៊ើបអង្កេត​បឋម​លើ​សំណុំរឿង​គ្រឿងញៀន​ប៉ុណ្ណោះ​។ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ហ្វីលីពីន បាន​អះអាងថា ការចាកចេញ​នេះ ក៏​ព្រោះតែ​ហ្វីលីពីន មាន​ប្រព័ន្ធយុត្តិធម៌​រឹងមាំ​រួចហើយ​។​

 
​តាមរយៈ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​នៅ​ថ្ងៃ​១៩ មីនា អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​លោក Salvador Panelo បាន​អះអាង​ជំហរ​ជាថ្មី​ថា ហ្វីលីពីន មិន​ត្រូវការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​អ្វី​នោះទេ​។ លោក បាន​គូសបញ្ជាក់ថា ហ្វីលីពីន មាន​ប្រព័ន្ធយុត្តិធម៌​រឹងមាំ និង​ប្រសិទ្ធភាព​ដើម្បី​ធានា​ពិនិត្យ​លើ​ការអនុវត្ត​របស់​ប្រធានាធិបតី ដែល​បំពាន​អំណាច​រួចទៅហើយ​។ នេះ​តាម​ការចុះផ្សាយ​របស់ Inquirer​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោកអ្នក​នាំពាក្យ និង​ជា​ប្រធាន​ប្រឹក្សា​ផ្នែក​ច្បាប់​របស់​ប្រធានាធិបតី បាន​លើកឡើងថា ហ្វីលីពីន បានបង្ហាញ​ពី​គំរូ​ទៅកាន់​ពិភពលោក​រួចទៅហើយ​ពាក់ព័ន្ធ​ការចាត់វិធានការ​ទៅលើ​ប្រធានាធិបតី​បី​រូប​កន្លងមក​ដែល​បាន​បំពាន​នឹង​អំណាច​តាមរយៈ​ការបណ្តេញចេញ​តំណែង ដែល​ក្នុងនោះ​រួមមាន​អតីត​ប្រធានាធិបតី Macapagal-Arroyo, Joseph Estrada និង Ferdinand Marcos​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ហ្វីលីពីន គឺជា​ដ៏​រដ្ឋ​កម្រ​មួយ​របស់​អាស៊ាន ដែល​បាន​ចូលរួម​ជា​ភាគី ឬ​សមាជិក​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅក្នុង​ឆ្នាំ​២០១១​។ បច្ចុប្បន្ន មាន​រដ្ឋ​ពីរ​ប៉ុណ្ណោះ​របស់​អាស៊ាន​រួមមាន​កម្ពុជា និង​ម៉ាឡេស៊ី (​ស្ថិតនៅក្នុង​ដំណាក់​រង់ចាំ​នៃ​ការចូល​ជា​ធរមាន​ជា​សមាជិក​) ដែលជា​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​។​
 
​ក៏ប៉ុន្តែ​ប្រាំបី​ឆ្នាំ​ក្រោយមក ពោលគឺ​នៅពេល​ហ្វីលីពីន​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​រដ្ឋបាល​លោក​ប្រ​ធានា ធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ហ្វីលីពីន បានសម្រេច​ដើរចេញ​ពី​តុលាការ​នេះ​វិញ បន្ទាប់ពី​រដ្ឋអាជ្ញា​រប​ស់​តុលាការ​ប្រកាស​ចាប់ផ្តើម​វាយតម្លៃ​បឋម​លើ​ស្ថានភាព​នៃ​យុទ្ធនាការ​គ្រឿងញៀន​រប​ស់លោក​ប្រធានាធិបតី ថា​តើ​អាច​ធ្លាក់​ក្នុង​បទឧក្រិដ្ឋ ដូច​មានចែង​ក្នុង​លក្ខន្តិកៈ​ឬ​យ៉ាងណា​។​
 
​ជាមួយនឹង​ការចាកចេញ​របស់​ហ្វីលីពីន​នេះដែរ រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក៏បាន​ថ្លែង​បញ្ជាក់​ជាថ្មី​ដូចគ្នា​ផងដែរ​ថា ទោះបីជា​ហ្វីលីពីន បានបញ្ចប់​សមាជិក​ពី​តុលាការ​ជា​ផ្លូវការ​ហើយ​ក្តី បណ្តឹង​នៃ​សំណុំរឿង​មិន​បញ្ចប់​ជាមួយ​ឡើយ​។ ពោលគឺ​តុលាការ​នៅតែ​បន្ត​នីតិវិធី​ដើម្បី​ពិនិត្យ​ទៅលើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក ឌូ​ទើ​តេ ដែល​របាយការណ៍​សិទ្ធិមនុស្ស​អះអាងថា សម្លាប់​មនុស្ស​ជាច្រើន​ពាក់ព័ន្ធ​ហើយ​នោះ​៕

Tag:
 ហ្វីលីពីន​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com