ជាតិ
គជប ជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ជាង ៣ពាន់នាក់
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោតចំនួន ១,៦៤៦ ក្រុម ស្មើនឹង ៣,២៩២នាក់ ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំសង្កាត់ចំណុចរាជធានី-ខេត្ត។ ក្រុមចុះឈ្មោះបោះឆ្នោតជាង ៣ពាន់នាក់នេះ នឹងត្រូវត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩។
បើតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បេក្ខជនទាំង ៣,២៩២នាក់ នឹងត្រូវជ្រើសរើសលើមុខតំណែងចំនួន២ គឺ ប្រធានក្រុមចុះឈ្មោះបោះឆ្នោត និងសមាជិកក្រុមចុះឈ្មោះបោះឆ្នោត។ បេក្ខជនដែលបានជ្រើសរើសទាំងអស់ នឹងក្លាយជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំសង្កាត់ចំណុចរាជធានី-ខេត្ត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩។
បេក្ខជនដែលមានចំណាប់អារម្មណ៍បម្រើការងារតាមមុខតំណែងខាងលើ អាចស្វែងរកសេចក្ដីជូនដំណឹង ពីការប្រឡងជ្រើសរើស, លក្ខខណ្ឌជ្រើសរើស និងការដាក់ពាក្យ ដែលបិទផ្សាយចាប់ពីថ្ងៃទី ២៨ មីនា នៅតាមសាលាឃុំ-សង្កាត់ និងទីកន្លែងសាធារណៈក្នុងឃុំ-សង្កាត់។
សម្រាប់ពាក្យសុំប្រឡងចូលបម្រើការងារ នឹងចែកជូនឥតគិតថ្លៃ នៅតាមសាលាឃុំ-សង្កាត់នានា។ គជប នឹងចាប់ផ្ដើមចែកពាក្យ និងទទួលពាក្យសុំប្រឡងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៧ព្រឹក។ ដោយឡែកពាក្យសុំប្រឡង នឹងឈប់ទទួលពាក្យនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៥៖៣០នាទីល្ងាច។ នេះបើតាមសចក្ដីជូនដំណឹងដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com