កីឡាជាតិ
ជាតិ
AFC U23៖ កម្ពុជា ស្វាគមន៍​កូរ៉េខាងត្បូង ក្រោយ​អូស្ត្រាលី ប៉ះ​ឆាយ​នី​ស​តៃប៉ិ​
24, Mar 2019 , 1:52 pm        
រូបភាព
លោក Keisuke Honda ពេលដឹកនាំ U23 កម្ពុជាក្នុងជំនួបជាមួយអូស្ត្រាលី, រូបភាពពីហ្វេសប៊ុក FFC
លោក Keisuke Honda ពេលដឹកនាំ U23 កម្ពុជាក្នុងជំនួបជាមួយអូស្ត្រាលី, រូបភាពពីហ្វេសប៊ុក FFC
ដោយ:
​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា ត្រូវ​ស្វាគមន៍​ជើង​ខ្លាំង​កូរ៉េខាងត្បូង សម្រាប់​ជំនួប​លើក​ទី​២​វគ្គ​ជម្រុះ​ពូ​ល H នៃ​ព្រឹត្តិការណ៍ AFC U23 Championship 2020 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ម៉ោង​៨​យប់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩​នេះ​។ រីឯ​ក្រុម​ឆាយ​នី​ស​តៃប៉ិ ដែល​បរាជ័យ​ដូច​កម្ពុជា​ក្នុងជំនួប​បើកឆាក តទល់​ជាមួយ​ក្រុម​អូស្ត្រាលី នៅ​ម៉ោង​៥​រសៀល​។

 
​នេះ​ជា​ជំនួប​ដ៏​សំខាន់​សម្រាប់​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយ​ក្រោម​២៣​កម្ពុជា ដើម្បី​កំណត់​ជោគវាសនា ថា​តើ​អាចមាន​លទ្ធភាព​ឡើងទៅ​វគ្គ​បន្ត ឬ​ធ្លាក់​ចេញ​ព្រឹត្តិការណ៍ AFC U23 Championship 2020​។ ប្រសិនបើ​កម្ពុជា​ចាញ់​កូរ៉េខាងត្បូង​នៅ​យប់​នេះ នោះ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នឹង​អាច​បាត់បង់ តែបើ​ឈ្នះ កម្ពុជា​នៅតែមាន​សង្ឃឹម​ក្នុងការ​ឈានទៅ​វគ្គ​បន្ត​។​
 
​តែ​យ៉ាងណា វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​ក្រុម​គោព្រៃ​កម្ពុជា​ក្នុងការ​យកឈ្នះ​នោះទេ ព្រោះ​កូរ៉េខាងត្បូង ក៏​ជា​ក្រុម​ជើង​ខ្លាំង​នៅ​តំបន់​អាស៊ី​មួយ​ផងដែរ​។ ជាក់ស្តែង​ក្នុង​បើកឆាក​ពូ​ល H កាលពី​ថ្ងៃទី​២២ មីនា កូរ៉េខាងត្បូង​បាន​លត់​ឆាយ​នី​ស​តៃប៉ិ​ក្នុង​លទ្ធផល ៨-០ ខណៈដែល​កម្ពុជា​បាន​ចាញ់​អូស្ត្រាលី ៦-០​។ 
 
​ជាមួយគ្នានេះ លោក Felix Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បង្ហាញ​ក្តី​រំពឹងថា ក្រុម​កីឡាករ U23 កម្ពុជា​នឹងធ្វើ​បានល្អ​ក្នុងជំនួប​ជាមួយ​កូរ៉េខាងត្បូង​នៅ​ម៉ោង​៨​យប់​នេះ​។ «​យើង​នៅតែមាន​ភាពជឿជាក់​លើ​កីឡាករ​របស់​យើង ពួកគេ​បានបង្ហាញ​នូវ​អ្វី ដែល​ធ្វើ​ឲ្យ​យើង​នៅតែមាន​ក្តីសង្ឃឹម​នៅ​ប្រកួត​ក្រោយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix Dalmas ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ជំនួប​ជាមួយ​អូស្ត្រាលី​។ 
 
​មុន​ជំនួប​រវាង​ក្រុម​ទាំងពីរ​ខាងលើ ក្នុង​ពូ​ល H នេះដែរ ក៏មាន​ការប្រកួត​មួយគូ​ទៀតផង​ដែរ គឺ​រវាង​ក្រុម​ឆាយ​នី​ស​តៃប៉ិ​ជាមួយ​ក្រុម​អូស្ត្រាលី ដែល​ធ្វើឡើង​នៅ​ម៉ោង​៥​រសៀល​នា​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ជំនួប​បើកឆាក ឆាយ​នី​ស​តៃប៉ិ​បាន​ចាញ់​កូរ៉េខាងត្បូង​ក្នុង​លទ្ធផល ៨-០ ខណៈ​អូស្ត្រាលី​យកឈ្នះ​កម្ពុជា ៦-០៕   
 

Tag:
 បាល់ទាត់​
  AFC U23 Championship 2020
© រក្សាសិទ្ធិដោយ thmeythmey.com