ការតស៊ូព្យាយាមគង់បានសម្រេច។ អស់រយៈពេល៤ទសវត្សរ៍ទៅហើយ ពោលគឺក្នុង១ឆ្នាំម្តង លោក Colin Jones បានសុំមិត្តស្រីខ្លួន រៀបអាពាហ៍ពិពាហ៍ ប៉ុន្តែកញ្ញា Pauline Young តែងតែបដិសេធ។ ទីបំផុត ចម្លើយយល់ព្រមបានចេញពីមាត់ខាងស្រី ខណៈដែលពួកគាត់មានវ័យជាង៧០ឆ្នាំរៀងខ្លួនទៅហើយ។
ក្នុងវ័យ៧៤ឆ្នាំ លោក Colin អះអាងថា គាត់ត្រេកអរសឹងតែធ្លាក់ពីលើគ្រែ នៅពេលដែលសង្សាវ័យ៧២ឆ្នាំរបស់គាត់ប្រាប់ថា យល់ព្រមរៀបការជាមួយខ្លួន។ ពួកគាត់បានរៀបអាពាហ៍ពិពាហ៍កាលពីទិវានៃក្តីស្រឡាញ់កន្លងមកនៅវិហារ Saint-Georges ក្រុង Telford ប្រទេសអង់គ្លេស។
ក្រោយរៀបការរួច លោក Colin បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសមួយថា៖ «ខ្ញុំមិននឹកស្មានដល់សោះថា យើងមានថ្ងៃនេះ»។ លោកបានបញ្ជាក់ថា ពួកបាគាត់ជួបគ្នាលើកដំបូងនៅឆ្នាំ១៩៧៦។
តាមពិតទៅ ពួកគាត់ធ្លាប់មានប្រវត្តិរៀបការ និងមានកូនរៀងៗខ្លួន (សរុបទាំងសងខាង៥នាក់)។ ពួកគាត់បានជួបគ្នា នៅពេលដែលយកកូនទៅលេងកន្លែងក្មេងលេង (Playground) មួយនៅក្រុង South East។
ក្រោយមានចិត្តស្រឡាញ់គ្នាទៅវិញ ទៅមក ពួកគាត់បានផ្លាស់ទៅរស់នៅក្រុង Newtown ខេត្ត Powys ប្រទេសវេលស៍ និងបើកអាជីវកម្មរួមគ្នាមួយ ដោយដាក់ឈ្មោះថា «Young Jones»។ ១៤ឆ្នាំចុងក្រោយនេះ ពួកគេបានទៅរស់នៅក្រុង Gozo ប្រទេសម៉ាលត៍ ដោយបើកអាជីវកម្មផ្នែកភោជនីយដ្ឋាន និងស្នាក់នៅ B & B។
ទោះបីរស់នៅរួមគ្នា និងធ្វើការជាមួយគ្នារាល់ថ្ងៃក៏ដោយ លោក Jones តែងតែរង់ចាំចម្លើយ «OK» ជានិច្ចពីលោកយាយ Pauline ពោលគឺរង់ចាំរហូតដល់ទៅ៤២ឆ្នាំ។ ទីបំផុតលោកយាយ Pauline បានយល់ព្រមពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ ខណៈដែលស្ថានភាពជំងឺរបស់លោកយាយកាន់តែដុនដាប។
អាពាហ៍ពិពាហ៍គូស្នេហ៍វ័យចំណាស់មិនមានការទទួលតាមផ្លូវច្បាប់ជាផ្លូវការនោះឡើយ ប៉ុន្តែខាងព្រះវិហារ បានរៀបចំពិធីទៅតាមប្រពៃណីទំនៀមទម្លាប់យ៉ាងត្រឹមត្រូវ។
បច្ចុប្បន្ន លោកយាយ Pauline ស្ថិតនៅក្រោមការព្យាបាលនៅមណ្ឌលថែរក្សាអ្នកជំងឺមួយកន្លែងនៅក្រុង Telford ដោយសារតែគាត់មានជំងឺសរសៃដើរយឺត និងញ័រដៃជើង។ លោកតា Colin ដែលត្រូវមើលអាជីវកម្មរបស់ខ្លួននៅ Gozo បានរៀបចំកាលវិភាគដ៏ច្បាស់លាស់ ដោយធ្វើដំណើរទៅសួរសុខទុក្ខភរិយា ស្ទើររៀងរាល់សប្តាហ៍។
តាមការផ្សាយរបស់ Daily Mail លោកតា Colin បានបញ្ជាក់ថា៖ «ពួកយើងស្រឡាញ់ការងារមុខជំនួញខ្លាំងណាស់ ប៉ុន្តែសុខភាពរបស់ Pauline មិនសូវអំណោយផលនោះឡើយ»។ គេមិនដឹងស្ថានភាពជំងឺលោកយាយ Pauline នឹងមានការប្រែប្រួលបែបណានោះឡើយ ប៉ុន្តែគូស្នេហ៍ចំណាស់ទាំងពីររំពឹងថា នឹងមានឱកាសរស់នៅដោយរីករាយជាមួយគ្នានៅក្រុង Gozo ជាមួយអាជីវកម្មដែលពួកគាត់បើករួមគ្នាអស់រយៈពេលជាង៤០ឆ្នាំ៕