ONE Championship
កីឡាជាតិ
ជាតិ
កីឡាករ​គុន​ចម្រុះ​កំពូលៗ​កម្ពុជា​លើកទឹកចិត្ត​អ្នកលេង​ក្បាច់គុន​ជានា​រី​
25, Mar 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ Matias Andres
 
​ជា​យូរ​មកហើយ ONE Championship បានផ្ដល់​ឱកាស​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដល់​តារា​កំពុង​រះ​ជាច្រើនរូប​នាពេល​បច្ចុប្បន្ន និង​បន្ត​បំផុសទឹកចិត្ត​អ្នក​ហាត់​ក្បាច់គុន​ក្មេងៗ​ជាច្រើន​ផ្សេងទៀត​។​

 
​រាប់​ចាប់ពី​ជើងឯក ONE Atomweight World Champion ដែល​មិនទាន់​ស្គាល់​ចាញ់ Angela Lee រហូតដល់​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​នារី​២​ខ្សែ Stamp Fairtex របស់​ថៃ ឃើញថា​ស្ត្រី​នៅក្នុង​ស្ថាប័ន ONE Championship បាន​ជះឥទ្ធិពល​ដែល​មិនអាច​ប្រកែក​បាន​មកលើ​ពិភព​ក្បាច់គុន ហើយ​កម្ពុជា​កំពុង​ព្យាយាម​ដើរ​តាម​។​
 
​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយនេះ តារា​រះ​លឿន​បំផុត​របស់​កម្ពុជា ឯម សុ​វណ្ណា​រី និង នៅ ស្រី​ពៅ បាន​បោះជំហាន​ឈានចូល​ក្នុង​ស្ថាប័ន​ក្បាច់គុន​ធំ​បំផុត​របស់​ពិភពលោក​យ៉ាង​កក្រើក​។​
 
​សុ​វណ្ណា​រី កំពុង​កាន់កាប់​ស្ថិតិ​ឈ្នះ​៣​ប្រកួត​ជាប់ៗ​គ្នា ខណៈ ស្រី​ពៅ បាន​ចូល​ប្រកួត​គុន​ចម្រុះ​លើកដំបូង​ក្នុង​អាជីព​កាលពី​ខែកុម្ភៈ​កន្លងទៅ ដោយ​ត្រួតត្រា​ការ​វាយ​លើ​តារា​ដ៏​ល្បីល្បាញ​របស់​ថៃ Rika “Tinydoll” Ishige ពេញ​៣​ទឹក​។​
 
​កីឡាការិនី​គុន​ចម្រុះ​កម្ពុជា​មិន​ត្រឹមតែ​ទទួលបាន​ការលើកទឹកចិត្ត​ពេញទំហឹង​ពី​សំណាក់​ប្រជាជន​ទូទាំងប្រទេស​ប៉ុណ្ណោះ​ទេ សូម្បី​អ្នក​រួម​អាជីព​នៅ ONE Championship ក៏​រំភើប​ចំពោះ​អ្វីដែល​ពួកគេ​បាន​នាំមក​សម្រាប់​កម្ពុជា​ផងដែរ​។​
 
​ជាក់ស្ដែង កីឡាករ រិ​ន សា​រ័ត្ន របស់​ក្លិប Cambodian Top Team និយាយថា​៖ «​ខ្ញុំ​រំភើប​ណាស់​។ ខ្មែរ​យើង​មិនសូវមាន​កីឡាការិនី MMA ទេ​ពីមុនមក​។ ទើបតែ​ថ្មីៗ​នេះ​ទេ​ដែល​យើង​ចាប់ផ្ដើម​មាន​នារី​ដែល​ស្រលាញ់ MMA ច្រើនឡើងៗ​និង​ព្យាយាម​ចូល​ហាត់ MMA»​។​
 
​ចំណែក​ម្ចាស់​ក្លិប​សិល្បៈ​និង​ជា​កីឡាករ​គុន​ខ្មែរ​ដ៏​ល្បី ចាន់ រតនា ក៏​យល់ស្រប​ជាមួយ សា​រ័ត្ន ដែរ​។​ ​រតនា លើកឡើងថា​៖ «​បើ​មាន​នារី​កាន់តែច្រើន​ចូលប្រឡូក​ក្នុង​កីឡា​ប្រយុទ្ធ​នេះ វា​នឹង​ល្អ​សម្រាប់​គ្រប់គ្នា​»​។​ ​ទន្ទឹមនឹងនេះ រតនា ក៏​មើលឃើញ​កំណើន​ប្រជាប្រិយភាព​នៃ​វិស័យ​ក្បាច់គុន​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​
 
​រតនា បញ្ជាក់ថា​៖ «​មិន​ត្រឹមតែ​នារី​ប៉ុណ្ណោះ​ទេ តែ​ជាទូទៅ​មនុស្ស​កាន់តែច្រើន​បាន​ចូលប្រឡូក​ក្នុង​ក្បាច់គុន​និង​កីឡាក​ផ្សេងៗ​។ ស្ត្រី​មាន​សិទ្ធិ​ដូច​បុរស​ដែរ​។ មិនមែន​តែ​បុរស​ទេ​ដែល​អាច​លេង​កីឡា​និង​រឹងមាំ​បាន តែ​នារី​ក៏​អាច​ខ្លាំង​និង​ធ្វើបាន​ដូច​បុរស​ដែរ​»​។​
 
​ចំណែក​តារា​ក្នុង​កម្មវិធី ONE Warrior Series គឺ Emmanuel Onyedikachi បាន​បន្ទរ​ពី​ភាព​វិជ្ជមាន​ដែល​ក្បាច់គុន​ជះឥទ្ធិពល​លើ​ជីវិត​រស់នៅ​ផងដែរ​។​
 
​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ដែល​រស់នៅ​ភ្នំពេញ និយាយថា​៖ «​ខ្ញុំ​គាំទ្រ​១០០%​និង​ផ្ដល់​ដំបូន្មាន​ដល់​នារីៗ​ឱ្យ​ពិចារណា​ហាត់​ក្បាច់គុន​។ វា​ល្អ​សម្រាប់​សុខភាព​និង​ជួយ​ផ្លូវចិត្ត​ទាំង​បុរស​និង​នារី​ឱ្យមាន​ភាពរឹងមាំ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​ក្នុង​ជីវិត​»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com