ស្ថាប័នសង្កេតការណ៍បោះឆ្នោតថៃបានអះអាងថា ករណីទិញសន្លឹកឆ្នោតនៅថៃកើតឡើងដោយចំហពាសវាលពាសកាល ហើយករណីមិនប្រក្រតីកើតឡើងច្រើនទូទាំងប្រទេសដែរ។ ការចោទប្រកាន់ពីការទិញសន្លឹកឆ្នោតនេះត្រូវបានធ្វើឡើង ស្របពេលដែលលទ្ធផលមិនផ្លូវការនៃការបោះឆ្នោតសាកលបង្ហាញថា គណបក្សគាំទ្រក្រុមយោធា កម្លាំងប្រជារាស្ត្រ ទទួលបានសំឡេងច្រើននាំមុខគេថែមទៀត។
វេទិកាបើកចំហសម្រាប់ការកសាងប្រជាធិបតេយ្យ (P-Net) ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ថៃបានចេញមុខអះអាងថា ខ្លួននៅស្ទាក់ស្ទើរនឹងទទួលស្គាល់ថា ការបោះឆ្នោតថ្ងៃ ២៤ ខែមីនា វាសេរីនិងយុត្តិធម៌។ តំណាងស្ថាប័ននេះចោទប្រកាន់ជាចំហថា ការទិញសន្លឹកឆ្នោតបានកើតឡើងពាសវាលពាសកាលដោយគ្មានការទប់ស្កាត់ ឬបង្ក្រាបឡើយនៅថ្ងៃបោះឆ្នោត។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post អនុប្រធានស្ថាប័នដែលលើកស្ទួយប្រជាធិបតេយ្ យតាមរយៈការពង្រឹងដំណើរការបោះឆ្នោតខាងលើ លោកស្រី Ladawan Tantiwitthaypitak បានអះអាងថា គណបក្សនយោបាយច្រើនណាស់ ដែលប្រើប្រាស់មធ្យោបាយមិនស្មោះត្រង់ ដែលប្រើលុយសូកប៉ាន់អ្នកបោះឆ្នោត។
លោកស្រីបន្ថែមថា ការសូកប៉ាន់នេះមិនត្រូវបានធ្វើឡើងជាចំហទេ ប៉ុន្តែវាក៏កើតឡើងនៅថ្ងៃឃោសនាចុងក្រោយដែរ។ លោកស្រីបន្តថា មនុស្សជាច្រើនត្រូវបានគេពង្រាយទៅកន្លែងជួបជុំឃោសនា ហើយក្នុងម្នាក់ៗទទួលបានលុយ ២០០បាត ខណៈដែលអ្នកដឹកជញ្ជូនពួកគេមកជួបជុំបាន ៥០០បាត។ លុយទាំងនោះ ត្រូវបានគេដាក់នៅជាប់ជាមួយបាយ ដែលចែកឲ្យអ្នកចូលរួមទាំងអស់។
ប៉ុន្តែសំណុំរឿងនេះត្រូវបានស្ថាប័នេះ រាយការណ៍ទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីឲ្យមានការចាត់វិធានការដែរ។ ក្រៅពីករណីទិញសន្លឹកឆ្នោត កាសែតថៃ Khaosod English បានស្រង់សម្តីលោកស្រីថា អ្នកស្ម័គ្រចិត្តខ្លះក្នុងចំណោមអ្នកស្ម័គ្រចិត្តសរុប ៦០០នាក់របស់ស្ថាប័នលោកស្រី ដែលបានឃ្លាំមើលការបោះឆ្នោតទូទាំងប្រទេសនោះរាយការណ៍ថា ករណីមិនប្រក្រតីជាច្រើន បានកើតឡើងក្នុងថ្ងៃបោះឆ្នោត។
បើតាមការបកស្រាយរបស់លោកស្រី Ladawan ករណីមិនប្រក្រតីភាគច្រើននោះ ពាក់ព័ន្ធនឹងសកម្មភាពរបស់មន្ត្រីរៀបចំការបោះឆ្នោត នៅតាមបណ្តាការិយាល័យនីមួយៗ ដែលមិនស្របតាមបទបញ្ញត្តិស្តីពីការរៀបចំការបោះឆ្នោត។ ក្នុងនោះមានដូចជា មន្ត្រីប៉ូលិសជួយនាំអ្នកបោះឆ្នោតដាក់សន្លឹកឆ្នោតក្នុងហិប, ការបើកការិយាល័យបោះឆ្នោតមុនកំណត់ ដោយសារមានបញ្ហាម៉ោង និងករណីបាត់ព័ត៌មានរបស់បេក្ខជនតំណាងរាស្ត្រជាដើម។ យ៉ាងណាមិញ លោកស្រី Ladawan ជឿថា បញ្ហានេះអាចបណ្តាលមកពីការភាន់ច្រឡំ និងខ្វះបទពិសោធន៍ក្នុងការរៀបចំ។ ប៉ុន្តែករណីខ្វះចន្លោះនេះ អាចបង្កើតជាបញ្ហាធំដែរ។
លោកស្រីអះអាងបែបនេះ៖«ក្តីបារម្ភរបស់យើងគឺថា ពួកគេមិនមានអ្នកឃ្លាំមើល និងសង្កេតការណ៍នៅគ្រប់ការិយាល័យ។ វាអាចមានចំណុចចន្លោះប្រហោង សម្រាប់ការបង្កើតកំហុសឆ្គង និងការបន្លំសន្លឹកឆ្នោត»។
ទាក់ទិននឹងករណីមិនប្រក្រតី ស្ថាប័នប៉ូលិសថៃបានបញ្ជាក់ថា ខ្លួនកំពុងបន្តស៊ើបអង្កេតករណីមិប្រក្រតី ដែលបានកើតឡើងជាពិសេសការទិញសន្លឹកឆ្នោត នៅតាមខេត្តជាច្រើនទូទាំងប្រទេស។ បើតាមគណៈកម្មការបោះឆ្នោតថៃ អូស្ត្រាលី កាណាដា អាមេរិក និងប្រទេសអាស៊ានទាំងដប់ បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកឃ្លាំមើលការបោះឆ្នោតដែរ ប៉ុន្តែសហភាពអឺរ៉ុបមិនទទួលបានការអញ្ជើញឡើយ។
សូមបញ្ជាក់ថា ប្រជាជនថៃជាង ៦០ភាគរយ នៃអ្នកមានសិទ្ធិបោះឆ្នោត ៥១លាននាក់ បានចូលរួមបោះឆ្នោតថ្ងៃ ២៤ ខែមីនា ដែលជាការបោះឆ្នោតប្រជាធិបតេយ្យដំបូងបំផុត ចាប់ពីក្រុមយោធាធ្វើរដ្ឋប្រហារដណ្តើមអំណាច។ តាមរយៈលទ្ធផលមិនផ្លូវការ គណបក្សដែលគាំទ្រក្រុមយោធាកម្លាំងប្រជារាស្ត្រ បានទទួលសំឡេងគាំទ្រច្រើន ហើយគណបក្សភឿថៃ បានទទួលសំឡេងច្រើនបន្ទាប់៕