អន្តរជាតិ
ស្រីលង្កា បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​នៅក្បែរ​កំពង់ផែ​គ្រប់គ្រង​ដោយ​ចិន​
25, Mar 2019 , 9:19 pm        
រូបភាព
កំពុងផែយុទ្ធសាស្ត្រ Hambantota (រូបភាព៖ AFP)
កំពុងផែយុទ្ធសាស្ត្រ Hambantota (រូបភាព៖ AFP)
ដោយ:
​ស្រីលង្កា បាន​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​តម្លៃ ៣,៨៥​ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃអាទិត្យ​ទី ២៤ ខែមីនា នៅក្បែរ​កំពង់ផែ​យុទ្ធសាស្ត្រ Hambantota ដែល​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​ចិន​ក្តោប​ក្តាប់​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​។ ពាក់ព័ន្ធ​នឹង​រឿងនេះ នាយករដ្ឋមន្ត្រី​ស្រីលង្កា និយាយថា ក្រោយ​រោងចក្រ​នេះ​បញ្ចប់​ការសាងសង់​រួចរាល់ ក្រុង Hambantota ដែលជា​ផ្លូវទឹក​ដ៏​សំខាន់​មួយ​ក្នុង​ពិភពលោក នឹង​ក្លាយជា​មជ្ឈមណ្ឌល​វិនិយោគ​សកល​។

 
​គម្រោង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​ជិត​៤​ពាន់​លាន​ដុល្លារ​នេះ គឺជា​ការវិនិយោគ​បរទេស​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ស្រីលង្កា​។ គម្រោង​នេះ ត្រូវ​ផ្តល់ប្រាក់​វិនិយោគ​រួមគ្នា​រវាង​រដ្ឋាភិបាល​អូ​ម៉​ង់ និង​ក្រុមហ៊ុន Silver Park International ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី​។ ក្រុមហ៊ុន​នេះ ជា​កម្មសិទ្ធិ​របស់​គ្រួសារ​អ្នកជំនួញ​ជនជាតិ​ឥណ្ឌា​។ 
 
​រោងចក្រ​ចម្រាញ់​ប្រេង ដែល​ទើបតែ​ចាប់ផ្តើម​ការសាងសង់​នេះ មាន​ទីតាំង​នៅក្បែរ​កំពង់​ផែ​ទឹក​ជ្រៅ Hambantota ដែល​ត្រូវបាន​ជួល​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន​កាលពី​ឆ្នាំ​២០១៧ សម្រាប់​រយៈពេល​ចំនួន​៩៩​ឆ្នាំ​។ ការសម្រេច​ផ្តល់​សិទ្ធិ​ក្តោប​ក្តាប់​នេះ បានធ្វើ​ឡើង​ក្រោយ​រដ្ឋាភិបាល​ស្រីលង្កា​ពុំមាន​លទ្ធភាព​សង​ប្រាក់​បំណុល​ទៅ​ឲ្យ​ក្រុង​ប៉េកាំង​វិញ​។
 
​ស្ថានការណ៍​ជុំវិញ​រឿង​ចូល​ក្តោប​ក្តាប់​កំពង់ផែ​ស្រីលង្កា​ពី​សំណាក់​ក្រុមហ៊ុន​ចិន​នេះ បង្ក​ជា​កង្វល់​ដល់​រដ្ឋាភិបាល​ឥណ្ឌា និង​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់ ទាក់ទិន​នឹង​ការពង្រីក​ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង​ក្នុង​មហាសមុទ្រ​ឥណ្ឌា​។ យ៉ាងណាមិញ សម្រាប់​លុយ​វិនិយោគ​ខ្ទង់ពាន់​លាន​ដុល្លារ​ថ្មី​នេះ រដ្ឋាភិបាល​ស្រីលង្កា អះអាងថា អ្នកវិនិយោគ​បរទេស​ពុំ​ភ័យព្រួយ​ចំពោះ​បទពិសោធ​ខ្លួន​ជាមួយ​ក្រុមហ៊ុន​ចិន​ឡើយ​។ 
 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​ពិធីបើកការដ្ឋាន​សំណង់​កាលពី​ថ្ងៃអាទិត្យ លោកនាយក​រដ្ឋមន្ត្រី​ស្រីលង្កា Ranil Wickremesinghe គូសបញ្ជាក់ថា ការចាប់អារម្មណ៍​វិនិយោគ​ក្នុងប្រទេស​ស្រីលង្កា ពី​សំណាក់​រដ្ឋាភិបាល​អូ​ម៉​ង់ និង​បណ្តា​អ្នក​វិនិយោគិន​បរទេស​ផ្សេងទៀត បង្ហាញថា ក្រុង Hambantota នឹង​ក្លាយ​តំបន់​វិនិយោគ​អន្តរជាតិ​មួយ​យ៉ាងពិត​ប្រាកដ​។​
 
​ម្យ៉ាងវិញទៀត មេដឹកនាំ​រូបនេះ និយាយថា លោក​សង្ឃឹម​នឹង​អាចបង្កើត​កិច្ចព្រមព្រៀង​ថ្មី​មួយ​ជាមួយ​អាជ្ញាធរ​ទទួលបន្ទុក​អាកាសយានដ្ឋាន​ឥណ្ឌា ដើម្បី​ជួយសង្គ្រោះ​អាកាសយានដ្ឋាន​តម្លៃ​២១០​លាន​ដុល្លារ​ក្នុង​ក្រុង Hambantota ដែល​ពុំ​សូវ​មាន​សកម្មភាព​ហោះហើរ​។​
 
​សូមបញ្ជាក់ថា អាង​ផ្ទុក​ប្រេង រំពឹង​នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុង​រយៈពេល​២​ឆ្នាំ ខណៈ​រោងចក្រ​ចម្រាញ់​ប្រេង អាច​បើក​ប្រតិបត្តិការ​បាន​នា​ឆ្នាំ​២០២៣​។ រោងចក្រ​តម្លៃ​ជិត​៤​ពាន់​លាន​ដុល្លារ​នេះ នឹងមាន​សមត្ថភាព​ផលិត​ប្រេង ២០​ម៉ឺន​បារ៉ែល​ក្នុង​មួយថ្ងៃ ហើយ​ភាគច្រើន​គឺ​សម្រាប់​ការនាំចេញ​។ ម្យ៉ាងទៀត ក្រុមហ៊ុន​ស្រីលង្កា​ក៏​អាច​បញ្ជា​ទិញ​ប្រេង និង​លក់​ទៅកាន់​អ្នកប្រើប្រាស់​ក្នុងស្រុក​ផងដែរ​៕
 

Tag:
 ស្រីលង្កា​
  ចិន​
  រោងចក្រ​ចម្រាញ់​ប្រេង​
  កំពង់ផែ​យុទ្ធសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com