ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ជីវិតអ្នកល្ខោនបាសាក់បច្ចុប្បន្ន​ ប្រៀបដូចជារថយន្តចាស់ដែលទៅមុខយឺតៗ
26, Mar 2019 , 6:29 am        
រូបភាព
​ភ្នំពេញ​៖ សិល្បករ​ល្ខោនបាសាក់​ខេត្តកំពង់ចាម ត្អូញត្អែរ​ពី​ជីវភាព​ខ្វះខាត​របស់ខ្លួន​។ ខែប្រាំង​ជា​ខែ​ដែល​សម្បូរ​បុណ្យ ដូច្នេះ​អ្នកសិល្បៈ​ក៏​អាច​រកចំណូលបាន​គួរសម​ដែរ​។ តែ​ទោះជា​យ៉ាងណា ពួកគេ​ត្រូវ​ខំ​ចាយ​ត្បិត្បៀត ដើម្បី​បម្រុង​ទុក​ចំណាយ​នៅ​រដូវវស្សា ដែលជា​រដូវ​មិនមាន​ការសម្ដែង​។ សិល្បករ​ត្រូវ​ស្នាក់​នៅតាម​ឡាន នៅក្នុង​វាលស្រែ ឬ​នៅ​ជិត​ចេតិយ​វត្ត ដោយ​កម្រ​បាន​ផ្ទះ​ស្នាក់នៅ​ត្រឹមត្រូវ​ណាស់​។



​ដើម្បី​បាន​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ ៖



ក្នុង​ពី​ធី​បុណ្យចម្រើនព្រះជន្ម សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស នាវ​ត្ត​ឧណ្ណាលោម​នាពេល​កន្លងទៅ បានផ្ដល់​ឱកាស​ដល់​ក្រុម​ល្ខោនបាសាក់ ពន្លឺ សុរិយា ចន្ទ្រា ខេត្តកំពង់ចាម បានមក​សម្ដែង​នៅ​ទីក្រុង​ភ្នំពេញ​។ ក្រុម​ល្ខោន​នេះ​ត្រូវ​សម្ដែង​ក្នុង​យប់​ទីមួយ​នៃ​ពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះសង្ឃរាជ​។​

​លោក រ៉េ​ន សាម៉ន គឺជា​ថៅកែ​ក្រុម​ល្ខោនបាសាក់ ពន្លឺ សុរិយា ចន្ទ្រា ខេត្តកំពង់ចាម​។ អង្គុយ​ក្នុង​រោង​ពិធី ក្រោយពី​រាប់​បាទ​ប្រគេន​ព្រះសង្ឃ​រួច ទាំង​ដែល​នៅ​តែង​ជា​តួ​យ​ក្យ​នៅឡើយ លោក សាម៉ន បាន​ឆ្លៀតពេល​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​។ ឆ្លើយ​ទាំង​សម្ដី​រួសរាយ សិល្បករ​រូបនេះ ថា​ក្នុង​មួយខែ​ជា​មធ្យម​ក្រុម​ល្ខោន​របស់ខ្លួន​ទទួលបាន​ការសម្ដែង​ប្រមាណ​២០​រោង​នៅ​ខែ​ខ្សត់​បុណ្យ​។ ចំណែក​នៅ​ខែ​សម្បូរ​បុណ្យ​វិញ ក្រុម​នេះ​ចេញ​សម្ដែង​ពេញ​មួយខែ​តែម្ដង​។ លោក​សាម៉ន​បញ្ជាក់ ៖«​ក្នុង​មួយខែ​ភាព​ច្រើន​គេ​ហៅ​បាន​២០​រោង​។ ខ្ញុំ​ទៅលេង​គ្រប់​ខេត្ត តម្រូវ​តាម​គេ​ត្រូវការ ក្នុង​កម្មវិធី​ធំៗ​ដូចជា​បុណ្យ​ច​ញ្ចុះ​សីមា បុណ្យ​អភិសេក បុណ្យ​ឆ្លង​សមិទ្ធិផល​នានា ឬ​បុណ្យបច្ច័យបួន »​។



អង្គុយ​នៅក្បែរ​កូនក្រុម​ដទៃទៀត បុរស​វ័យ​៥៣​ឆ្នាំ ដែល​កើត​នៅ​ខេត្តកំពង់ចាម​រូបនេះ បាន​បង្ហើប​ពី​តម្លៃ​ក្នុង​ការសម្ដែង​យ៉ាង​ដូច្នេះ ៖«​តម្លៃ​ជួន​ទាប ជួន​ខ្ពស់​។ មួយ​យប់​តម្លៃ​១២០០​ដុល្លារ​។ បើ​ទៅ​ឆ្ងាយ​ហើយ​មាន​ស្ថាន​ភាពលំបាក តម្លៃ​គួរសម​ទទួលយកបាន​១៥០០​ដុល្លារ​។ បុណ្យ​ខ្លះ​គេ​មាន​ករុណា​ធម៌​គេ​ហៅ​ទៅ​ហូប​អាហារ​ដែរ តែ​បុណ្យ​ខ្លះ​យើង​ជា​អ្នកចេញ​បាយ​ខ្លួនឯង​។ យើង​គ្រាន់តែ​សុំ​ទឹក​គេ​ហូប​ទេ​»​។​

ទោះជា​យ៉ាង​ក៏ដោយ ការសម្ដែង​មិនអាច​ចេះតែមាន​ពេញ​មួយឆ្នាំ​នោះឡើយ សិល្បករ​ទាំងអស់​ចាំបាច់​ត្រូវមាន​ការងារ​ផ្សេង​ក្រៅពី​សិល្បៈ ដើម្បី​រក​ចំណូល​ពេល​មិនមាន​ការសម្ដែង​។ បុរស​រាង​ខ្ពស់​សង្ហា​រូបនេះ បាន​ត្អូញត្អែរថា ទម្រង់​សិល្បៈ​បុរាណ​មិនសូវមាន​ការឧបត្ថម្ភ​ច្រើន​ពី​មហាជន ដែលជា​ហេតុនាំឱ្យ​ក្មេងជំនាន់ក្រោយ ក៏​មិនសូវ​ស្គាល់​ទម្រង់​ល្ខោនបាសាក់​ដែរ​។ ៖« ចប់​ពី​ការងារ​សិល្បៈ​គេ​ធ្វើស្រែ និង​មានមុខ​ជំនាញ​ផ្សេងៗ​ទៀត​។ សិល្បៈ​វប្បធម៌​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ​មានការ​លំបាក​។ ការ​ទំនុកបម្រុង​សិល្បៈ​បុរាណ​នាពេល​បច្ចុប្បន្ននេះ​ស្ទើរតែ​បាត់​បង់ហើយ​។ អ៊ីចឹង​ហើយ​បានជា​ក្មេងជំនាន់ក្រោយ​មិនសូវ​បានដឹង​ទម្រង់​បាសាក់​បុរាណ​មាន​លក្ខណៈ​យ៉ាងណា គ្រាន់តែ​អាច​ស្គាល់​គោលៗ​ខ្លះ​ពី​មនុស្ស​ចាស់​»​។ នេះ​ជាការ​មើលឃើញ​របស់លោក សាម៉ន​។



បើ​និយាយ​ពី​ជីវភាព​របស់​ថៅកែ​ល្ខោន​រូបនេះ ស្ថិតនៅ​កម្រិត​មធ្យម ដោយ​លោក​ត្រូវ​សន្សំ​ប្រាក់​ពី​ខែ​សម្បូរ​បុណ្យ បម្រុង​ទុង​ចំណាយ​នៅ​ខែ​ខ្សត់​បុណ្យ ៖«​ការលែង​ល្ខោន​នេះ​អាចជួយ​ជីវភាព​បាន​មធ្យម​។ យើង​រក​ប្រាំង​ទុក​វស្សា​។ ជីវិត​សិល្បៈ​ក្នុង​មួយឆ្នាំៗ បាន​កម្រៃ​តិច គ្រាន់តែ​ថា​យើង​អាចរ​ស់បាន តែ​មិនមាន​ធំដុំ​ទេ​»​។

ចំណែក​អ្នកស្រី ច័ន្ទ សេរី ជា​តួ​សម្ដែង​មួយរូប​ក្នុង​ក្រុម​ល្ខោនបាសាក់​ខាងលើ​។ ផ្លាស់​សម្លៀកបំពាក់​ល្ខោន​រួចរាល់ ដើរ​តម្រុង​មក​រោង​អាហារ អ្នកស្រី សេរី បាន​រៀបរាប់​ពី​តួអង្គ​ដែល​ខ្លួន​ធ្លាប់​សម្ដែង​ក្នុង​រឿងល្ខោន​ផ្សេងៗ​យ៉ាង​ដូច្នេះ ៖«​កាលពី​១៩៨៤ និង​៨៥ និង​៨៦ ខ្ញុំ​នៅ​លេង​ក្នុង​ក្រុម​មហាជន ល្ខោនបាសាក់​ស៊ីសាកេត​មយូរា សោម​ដា​រិ​ន​។ ខ្ញុំ​ដើរតួ​ឯកភាគ​ច្រើន​»​។ 



ស្ថិតក្នុង​វ័យ​៥២​ឆ្នាំនេះ អ្នកស្រី ច័ន្ទ សេរី នៅតែ​គ្រង​ដំណែង​តួឯក​ស្រី​ក្នុង​រឿង​ខ្លះ នៅពេលដែល​ខ្វះ​តួ​ក្មេង​។ អ្នកស្រី​ថា ខែ​ដែល​ក្រុម​ល្ខោន​ចេញ​សម្ដែង​មិន​ចូល​ផ្ទះ គឺ​ចាប់ពី​ខែមករា​រហូតដល់​ខែមេសា​។ តួឯកល្ខោន​រូបនេះ​អះអាងថា ប្រមាណ​មួយឆ្នាំ​ចុងក្រោយ​មាន​ក្រុម​ល្ខោន​ថ្មី​កើត​ច្រើន ជាហេតុ​ធ្វើឱ្យ​ក្រុម​អ្នកស្រី​មាន​ពេលទំនេរ​ខ្លះ​ដែរ​។ អ្នកស្រី​បន្ថែម​ដូច្នេះ ៖«​រវល់​ក្នុង​ខែប្រាំង​គឺ​ចាប់ពី​ចុងខែ​១០​ទៅ​។ នៅ​ចុងខែ​១​រហូតដល់​ខែ​៤​គឺ​លេង​មិន​ចូល​ផ្ទះ​ទេ​។ ឥឡូវ​ចូល​២០១៨ ដល់​២០១៩ ហ្នឹង ល្ខោន​ដុះ​ច្រើន ដូច្នេះ​ទំនេរ​នៅផ្ទះ​ខ្លះ​»​។

ការសម្ដែង​ហាក់​មមាញ​ញឹក​នៅ​ខែ​ខ្លះ​ក្ដី តែ​អ្នកស្រី សេរី នៅតែ​មើលឃើញថា​ជីវភាព​សិល្បករ ជួប​ការលំបាក​ច្រើន​។ តែ​ទោះជា​យ៉ាងណាក៏ដោយ នៅពេល​ថ្មីៗ​នេះ​ក្រុម​ល្ខោន​របស់​អ្នកស្រី សេរី ទទួលបាន​ការគាំទ្រ​និង​ឧបត្ថម្ភ​ពី​ជំទាវ​មួយរូប ដែល​ជួយ​ឱ្យ​ជីវភាព​ក្រុម​នេះ​ធូរស្រាល​ខ្លះ​ដែរ​។ អ្នកស្រី សេរី បញ្ជាក់ថា​៖«​ជីវភាព​ខ្វះខាត​ខ្លាំង​។ ទើបតែ​ពេលនេះ​ទេ ដែល​ខ្ញុំ​ស្គាល់​លោកជំទាវ សៀង ចាន់​ហេង គាត់​ទទួលស្គាល់​ល្ខោន​ខ្ញុំ គាត់​ផ្ដល់ប្រាក់​ឱ្យ​ខ្ញុំ​បាន​ច្រើន​»​។​



ចូល​សិល្បៈ​ល្ខោនបាសាក់​ពី​ឆ្នាំ​១៩៨៤ ក្នុង​អាយុ​១៦​ឆ្នាំ ស្ត្រី​សម្ដី​ស្រាល​រូបនេះ បាន​ត្អូញត្អែរ​ពី​ផលវិបាក​ពេល​ទៅ​សម្ដែង​ម្ដងៗ​យ៉ាង​ដូច្នេះ ៖«​បើ​ថា​ទៅ​ឆ្ងាយ​វិញ ថ្មើរនេះ​ដូច​ហាល​លៀស​អ៊ីចឹង អង្គុយ​នៅលើ​ឡាន​ក្ដៅ​ណាស់​។ ពេលខ្លះ​គេង​នៅ​វាលស្រែ ខ្លះ​គេង​នៅ​ចេតិយ​ក៏មាន​។ សិល្បៈ​ល្ខោនបាសាក់​ហ្នឹង​ពិបាក​ណាស់ មិនមែន​ដូច​សិល្បៈ​ផ្សេង​ទេ​»​។

វ័យ​កាន់តែ​ចាស់​ទៅហើយ ស្ត្រី​ដែលមាន​កូន​៤​នាក់​រូបនេះ ខិតខំ​បង្ហាត់​ក្មេងៗ​ជំនាន់​ក្រោយ​ឱ្យ​បន្តវេន​ពី​ខ្លួន​៖«​ខ្ញុំ​បង្ហាត់​ក្មេងជំនាន់ក្រោយ​ខ្លះ​ដែរ​។ រោង​ខ្លះ​ឱ្យ​គាត់​សម្ដែង​តិចតួច​សិន​។ ដល់​តួ​ធំ​ទើប​ឱ្យ​អ្នកចេះ​ច្បាស់​គេ​លេង​»​។​

កំពុង​អង្គុយចាំ​ទទួលទាន​បាយ​លោក សុខ ពៅ វ័យ​៥២​ឆ្នាំ នៅតែ​គ្រង​តំណែង​តួ​ឯង​ក្នុង​រឿង​មួយចំនួន នៅពេលដែល​ខ្វះ​តួ​ក្មេង​។ ទំនងជា​ក្រពះ​ត្រូវការ​អាហារ​ខ្លាំង​នា​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់នេះ លោក ពៅ ខំ​រៀបរាប់​ពី​ទុក្ខលំបាក់​របស់ខ្លួន ក្នុង​គ្រា​ទៅ​សម្ដែង​ម្ដងៗ ទាំង​ផ្ទៃមុខ​ស្រពាប់​ស្រពោន ៖«​ចេះតែ​លំបាក​ហើយ ការ​ទៅ​សម្ដែង​ឆ្ងាយ អត់ងងុយ​តាម​ឡាន នេះ​ហៅថា​ជីវិត​ផ្ញើ​លើ​ឡាន​។ ជួនកាល​មិនមាន​ពេល​សម្រាក ត្រូវ​សម្ដែង​ទាំង​ងងុយ​»​។




ឆ្លើយ​តប​ស្របពេល​សមាជិក​ក្រុម​ក្រោក​ចេញពី​តុ​ព្រោះតែ​កម្លៅ​ថ្ងៃ​ខ្លាំង លោក សុខ ពៅ ថា​ក្រៅពី​ការសម្ដែង​លោក​មិនមាន​មុខរបរ​អ្វី​ផ្សេង​ឡើយ ដែល​លោក​អះអាងថា​ខ្លួន​ចាស់​មិនមាន​អ្នក​ជួល​ឱ្យទៅ​ធ្វើការ​។ ប្រាក់ចំណូល​ដែល​បាន​ពី​ការសម្ដែង​ក្នុង​មួយ​យប់ ៨០,០០០ រៀល លោក​ត្រូវ​សន្សំទុក​ខ្លះ សម្រាប់​ចំណាយ​ពេលដែល​មិនមាន​ការសម្ដែង​។ លោក​ពន្យល់​ពី​ភាពលំបាក​ថា ៖«​បើ​ខែប្រាំង​មានបុណ្យ​ត្រូវ​សម្ដែង​ច្រើន​មិនសូវ​អី​ទេ តែបើ​ខែវស្សា​ពិបាក​។ ជីវភាព​ខ្វះខាត ទាល់តែ​រក​ការងារ​ផ្សេង ។ ខ្ញុំ​ដល់​វ័យ​ប៉ុណ្ណេះ​ហើយ គេ​មិនសូវ​យកទៅ​ធ្វើការ​ទេ ដូច្នេះ​មានការ​លំបាក​ច្រើន​។ រក​ខែប្រាំង​ទុក​ហូប​ខែវស្សា​»​។



គេ​អាច​បាន​មើល​ការសម្ដែង​ល្ខោនបាសាក់ នៅពេល​មាន​ពិធីបុណ្យ​ធំៗ ដូចជា​បុណ្យ​បញ្ចុះ សីមា បុណ្យចម្រើនព្រះជន្ម បុណ្យបច្ច័យបួន និង​បុណ្យ​មួយចំនួនទៀត ប្រសិនបើ​ម្ចាស់ដើមបុណ្យ​ជួល​ទៅ​។ សិល្បៈ​ល្ខោនបាសាក់​ក៏​ស្ថិតក្នុង​ទម្រង់​សិល្បៈ​បុរាណ ដែល​ត្រូវការ​ការយកចិត្តទុកដាក់​ខ្លាំង​ដែរ ព្រោះ​សិល្បៈ​មួយ​ប្រភេទ​នេះ ហាក់​នៅ​ឆ្ងាយ​ពី​ចំណាប់អារម្មណ៍​យុវជន​៕


© រក្សាសិទ្ធិដោយ thmeythmey.com