នាល្ងាចថ្ងៃអាទិត្យ ទី ៣១ ខែមីនាខាងមុខនេះ សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (Airavata Elephant Foundation) នៅខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍រាត្រីសប្បុរសធម៌ប្រមូលមូលនិធិដើម្បីជួយទ្រទ្រង់ និងការពារសត្វដំរី លើកទីពីរនៅសណ្ឋាគារ Raffles Hotel Le Royal។ ព្រឹត្តិការណ៍លើកទី១ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណនៃស្ថានទូតបារាំងនៅភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១៨ ដោយមានអ្នកចូលរួមជិត ៣០០ នាក់។ សម្រាប់ព្រឹត្តិការណ៍លើកទី២នេះ លោក ព្យែរ-អ៊ីវ ក្លេ (Pierre-Yves Clais) ដែលលោកអ្នកធ្លាប់បានស្គាល់រួចមកហើយ បានផ្តល់បទសម្ភាសន៍ជាមួយទស្សនាវដ្តី Cambodge Mag ដូចខាងក្រោម៖
តើហេតុផលអ្វី គោលដៅអ្វី និងគោលបំណងអ្វី បានជាលោករៀបចំព្រឹត្តិការណ៍រាត្រីសប្បុរសធម៌លើកទី២ សម្រាប់ដំរីនៃសមាគមអៃរាវត្តា?
តាមពិតទៅ មូលហេតុនៃការរៀបចំព្រឹត្តិការណ៍លើកទី២នេះ គឺមិនខុសពីលើកមុនទេ...។ ថែទាំសត្វដំរីត្រូវការចំណាយច្រើនណាស់ ជាពិសេសនៅឆ្នាំនេះ យើងប្រឈមនឹងបញ្ហាជាលើកដំបូងទាក់ទងនឹងសុខភាពសត្វដំរី។ បុកវ៉ាដែលជាដំរីឈ្មោលធំជាងគេរបស់យើង បានឆ្លងកាត់ការវះកាត់បូសនៅសៀតផ្កាខាងស្តាំ។ បន្ទាប់ពីវះកាត់រួច យើងត្រូវព្យាបាលដោយប្រើថ្នាំផ្សះរយៈពេលជាងពីរខែ និងត្រូវការការថែទាំបន្តទៀត។ ប៉ុន្តែ រហូតមកទល់ពេលនេះ បញ្ហានៅមិនទាន់ដោះស្រាយបាននៅឡើយទេ។ ថ្វីត្បិតតែយើងមានអាទិភាព ដោយទទួលបានការគាំទ្រពីគ្លីនិកសត្វ Agrovet វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមន្ទីរពេទ្យដំរីឡាំប៉ាងនៅប្រទេសថៃ តែការប្រើថ្នាំផ្សះ ១៦០ គ្រាប់ក្នុងមួយថ្ងៃ ហើយត្រូវប្រើរយៈពេលជាច្រើនខែ យូរៗទៅការចំណាយនេះកាន់តែធ្ងន់ឡើងៗ...។ ជាងនេះទៅទៀត នេះគ្រាន់តែជាផ្នែកមួយក្នុងចំណោមការចំណាយផ្សេងៗទៀតរបស់យើងតែប៉ុណ្ណោះ។
យើងកំពុងចាប់ផ្តើមបន្តិចម្តងៗគិតគូរពីផ្នែកគាំព៌ាសង្គមអៃរាវត្តា ព្រមទាំំងគិតដល់ការផ្តល់ជំនួយដល់អ្នកជំងឺ ឬអ្នករបួសមួយចំនួនមកពីសហគមន៍ ប្រៅ និងរស់នៅជុំវិញតំបន់ព្រៃរបស់យើង។ យើងក៏កំពុងស្វែងរកដៃគូសហការដើម្បីជួយយើងក្នុងផ្នែកនេះផងដែរ។
ម្យ៉ាងទៀត យើងនឹងចាប់ផ្តើមកម្មវិធីដាំដើមឈើឡើងវិញនៅតំបន់មួយចំនួនដែលទទួលរងនូវការកាប់បំផ្លាញទាំងស្រុង។ យើងសង្ឃឹមថា នឹងអាចត្រៀមខ្លួនរួចរាល់ដើម្បីចាប់អនុវត្តគម្រោងនេះនៅដើមរដូវវស្សា។
តើសមាគមដំណើរការយ៉ាងដូចម្តេចដែរ?
កេរ្តិ៍ឈ្មោះរបស់យើងល្បីសុសសាយបន្តិចម្តងៗ។ មានមនុស្សកាន់តែច្រើនឡើងៗបានមកជួបពួកយើង ហើយយើងកំពុងតែបង្កើនបញ្ជីឈ្មោះទំនាក់ទំនង។ យើងក៏កំពុងតែរៀបចំដើម្បីទទួលក្រុមនិស្សិតចុះកម្មសិក្សា យើងដូរទៅកាន់ទីតាំងថ្មី។ ដូច្នេះ បន្ទុកការងារក៏កើនឡើងទៅតាមនោះដែរ។
យើងបានផ្លាស់ប្តូរនិមិត្តសញ្ញាថ្មី ដោយដាក់រូបអៃរាវ័តពិតប្រាកដ (ដំរីក្បាលបី) ដ៏ស្រស់ សង្ហា ដោយមានប៉មប្រាសាទអង្គរនៅពីលើ។ រីឯប៉មប្រាសាទទាំងនោះជ្រកក្រោមបារមីនៃព្រះមហាស្វេតឆ័ត្រ។ នេះគឺជាការរម្លឹកគុណដល់ព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គបានគង់ជាម្លប់ដ៏ត្រចះត្រចង់ដល់កូនចៅរបស់ព្រះអង្គ ក្នុងនោះព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ក៏បានសម្តែងការផ្តល់ការគាំទ្រយ៉ាងថ្លៃថ្លាដល់មូលនិធិ កាលពីប៉ុន្មានខែមុននេះ។
តើមានការវិត្តន៍អ្វីខ្លះហើយ ចាប់តាំងពីការរៀបចំព្រឹត្តិការណ៍រាត្រីសប្បុរសធម៌លើកទីមួយមក?
នៅមិនទាន់មានការវិវត្តន៍អ្វីធំដុំនៅឡើយទេ។ បច្ចុប្បន្ន យើងកំពុងតែរើទៅកាន់ទីតាំងថ្មីដែលស្ថិតនៅទល់មុខព្រៃកាទៀង ហើយយើងកំពុងសាងសង់ផ្ទះប្រពៃណីរបស់ជនជាតិភាគតិចប្រៅ ធ្វើពីឈើ និងឫស្សីប្រមាណជា ១០ ខ្នង ដើម្បីទទួលភ្ញៀវទេសចរ។ តាមរយៈវត្តមានជាប្រចាំរបស់យើងនៅទីនេះ យើងព្យាយាមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដែលនៅសេសសល់ ដោយខុសច្បាប់ ដើម្បីធានាដល់ការរស់រានរបស់សត្វព្រៃមួយចំនួនដែលរស់នៅទីនេះ ដូចជាសត្វស្វា កេងកង និងឥន្ទ្រីជាដើម។
ក្នុងរយៈពេលពីរ-បីថ្ងៃ ភ្ញៀវទេសចរអាចស្នាក់នៅ និងបរិភោគនៅទីនេះ ដោយស្វែងយល់ពីជីវិតនាសម័យកាលបុរាណ៖ គ្មានភ្លើងអគ្គិសនី ការរាំច្រៀងនៅជុំវិញភ្នក់ភ្លើង ការភ្ញាក់ពីដំណេកនាពេលព្រហាមស្រាងៗជាមួយនឹងធាតុត្រជាក់សើម មុជទឹកជាមួយសត្វដំរី នេះជាជីវិតធម្មជាតិពិតៗ! ទន្ទឹមនឹងនោះ យើងនឹងបង្កើតកន្លែងហាត់ប្រាណហាលវាលមួយ ដោយបញ្ចូលនូវសកម្មភាពកីឡាអភិរក្សជាច្រើនផ្សេងៗ។ កន្លែងហាត់ប្រាណនេះនឹងបើកទទួលស្វាគមន៍ដល់មនុស្សគ្រប់រូបទាំងអស់ ដោយរំពឹងថា នឹងអាចបង្រៀនក្បាច់គុនប្រដាល់ ឬល្បុក្កតោដល់យុវជនដែលរស់នៅភូមិជុំវិញនេះ។
ការសាងសង់ផ្ទះប្រពៃណីបានផ្តល់ការងារដល់អ្នកភូមិនៅទីនេះ ហើយយើងក៏អាចស្គាល់ពួកគាត់កាន់តែច្បាស់ឡើង និងគិតពីវិធីដែលយើងអាចធ្វើបានដើម្បីជួយពួកគាត់។ អ្វីដែលយើងមើលឃើញច្បាស់នោះ គឺភាពក្រីក្រ ប៉ុន្តែជាទូទៅ ស្ថានភាពសុខភាពរបស់ពួកគាត់ភាគច្រើនមិនសូវល្អទេ ដូចជាការបាក់ឆ្អឹងចេះតែកើតមានជាហូរហែ កើតបូសមិនបានទៅវះកាត់ មានជំងឺដង្កាត់ មិនធ្លាប់ទៅទទួលការព្យាបាលជាដើម។ មើលឃើញស្ថានភាពបែបនេះជារៀងរាល់ថ្ងៃ វាធ្វើឲ្យខ្ញុំខ្លោចផ្សាចិត្តណាស់។ ដូច្នេះ យើងត្រូវតែរកវិធីដើម្បីជួយពួកគាត់។ ក្នុងបញ្ហានេះ អនុប្រធានរបស់យើងគឺលោកសាស្ត្រាចារ្យ François-Xavier Roux បានចាប់ផ្តើមស្វែងរកជំនួយហើយ។
ពេទ្យធ្មេញមួយរូបដែលរស់នៅទីក្រុងភ្នំពេញ និងខេត្តក្រចេះ បានសន្យាជាមួយយើងថា គាត់នឹងចុះទៅកាន់ភូមិជាមួយនឹងឧបករណ៍ការងាររបស់គាត់ដើម្បីផ្តល់ការថែទាំធ្មេញដល់អ្នកភូមិ។
ម្យ៉ាងទៀត ភាពស្និតស្នាលជាមួយប្រជាជនដែលចេះតែកើនឡើងនេះ ក៏បានបង្កភាពងាយស្រួលដល់គម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍ ដែលបានទទួលការគាំទ្រ និងជំរុញពីក្រសួងទេសចរណ៍ផងដែរ។ យើងត្រៀមអ្នកតម្បាញ មគ្គុទេ្ទសក៍ ហ្មដំរី និងចុងភៅសម្រាប់ពេលអនាគត រួចជាស្រេច។ ធ្វើដំណើរផ្សងព្រេងដ៏ស្រស់ស្រាយពីព្រឹកព្រលឹម ដែលយើងមិនគ្រាន់តែមានដំរីប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបានឃើញសត្វផ្សេងៗជាច្រើនទៀតដែលជាសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនៃខេត្តរតនគិរី។ វាជាសម្បត្តិវប្បធម៌ និងធម្មជាតិ។ គឺដូចអ្វីដែលយើងធ្លាប់បានប្តេជ្ញានៅចំពោះមុខលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលបានគាំទ្រយើងដោយមិត្តភាព ចាប់តាំងពីដំណាក់កាលដំបូងនៃការបង្កើតមូលនិធិ។
សូមលោកបរិយាយប្រាប់យើងពីកម្មវិធីរាត្រីសប្បុរសធម៌លើកទី២នេះ ហេតុអ្វីបានលោកជ្រើសរើសយកសណ្ឋាគារឡឺ រ៉ូយ៉ាល់?
ព្រោះថាសណ្ឋាគារ ឡឺរ៉ូយ៉ាល់ មាន Elephant Bar ដែលជាទីកន្លែងដ៏ស្រស់ស្អាតជាងគេបំផុត ចំណាស់ជាងគេបំផុត និងល្បីបំផុតនៅក្នុងរាជធានីភ្នំពេញ។ ជាច្រើនឆ្នាំមកហើយ Elephant Bar ផ្តល់ជូនអតិថិជននូវស្រាក្រឡុកដ៏ឆ្ងាញ់ពិសា ដែលមានឈ្មោះថា Aïravata ...។ ដូច្នេះ គ្មានកន្លែងណាផ្សេងដែលសាកសមជាងនេះទៀតទេ!
ជាងនេះទៅទៀត បុគ្គលិកសណ្ឋាគារនេះបានប្រឹងប្រែងជួយយើងអស់ពីសមត្ថភាព។ ការលះបង់នូវពេលវេលា ព្រមទាំងកម្លាំងកាយ-ចិត្តនៅក្នុងសណ្ឋាគារដ៏ធំប្រណីតនេះ ពិតជាធ្វើឲ្យយើងកក់ក្តៅក្នុងចិត្តណាស់! កម្មវិធីរាត្រីសប្បុរសធម៌នឹងត្រូវរៀបចំឡើងនៅជុំវិញអាងហែលទឹក ព្រោះថា Elephant Bar ហាក់តូចចង្អៀតពេកសម្រាប់ព្រឹត្តិការណ៍នេះ ហើយបើធៀបនឹងសួនច្បារក្នុងបរិវេណស្ថានទូតបារាំង វារឹតតែតូចជាងថែមទៀត។ ដូច្នេះ យើងនឹងកម្រិតចំនួនអ្នកចូលរួមត្រឹម ២០០ នាក់យ៉ាងច្រើន ខុសពីឆ្នាំមុន ដែលយើងទទួលដល់ទៅជាង ៣០០ នាក់...។ សូមអញ្ជើញជាវសំបុត្រចូលរួមព្រឹត្តិការណ៍រាត្រីសប្បុរសធម៌នេះឲ្យបានរួសរាន់ កុំឲ្យខកខាន!
តើមានកម្មវិធីអ្វីខ្លះ?
កម្មវិធីនៃរាត្រីសប្បុរសធម៌មានដូចតទៅ៖
- ការចាក់បញ្ចាំងភាពយន្តខ្លីរបស់គេហទំព័រ ថ្មីៗ ស្តីពីសត្វដំរីនៅមូលនិធិអភិរក្ស អៃរាវត្តា។
- ការបង្ហាញក្បាច់គុន ល្បុក្កតោ សម្តែងដោយក្រុម Prodal Fight & Fitness Studio និង ក្លឹបឦសានរតនៈនៃខេត្តរតនគិរី។
- ការដេញថ្លៃស្នាដៃដើមរបស់វិចិត្រករចំនួនបីរូប៖ លោក ឈឹម សុខនី - នូ សារី - អែម រៀម ព្រមទាំងវិចិត្រករល្បីៗផ្សេងៗទៀត។
- ការសម្តែងសៀករហ័សសកម្ម
- ការដើរបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិចខេត្តរតនគិរី
តើនឹងមានអ្វីប្លែកសម្រាប់រាត្រីសប្បុរសធម៌លើកទី២នេះ?
អ្វីដែលប្លែកនោះគឺការដើរបង្ហាញម៉ូដ។ ពិតណាស់ ការដើរបង្ហាញម៉ូដនេះសំខាន់គឺបង្ហាញការគោរពចំពោះពលរដ្ឋជនជាតិភាគតិច ប៉ុន្តែទន្ទឹមនឹងនោះ យើងក៏ត្រូវផ្តល់ឱកាសឲ្យពួកគាត់លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ពួកគាត់ផងដែរ តាមរយៈការលើកតម្កើងបេតិកភណ្ឌដែលហៀបនឹងរលាយបាត់បង់ នោះគឺសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិភាគតិច។ ដូច្នេះ យើងបានទាក់ទងអ្នកច្នៃម៉ូដល្បីៗមួយចំនួននៅភ្នំពេញដូចជា អែម រៀម - Don Protasio និង ហ៊ូ រ៉េមី។ អ្នកទាំងបីរូបនេះមានស្ទីលរៀងៗខ្លួន។ លោកអែម រៀម ចូលចិត្តបង្ហាញភាពឡូយឆាយ។ លោក Don Protasio ចូលចិត្តភាពស្រគត់ស្រគំ និងបែបលក្ខណៈប្រពៃណី។ រីឯលោកហ៊ូ រ៉េមី ចូលចិត្តស្ទីលបុរាណ។ បែបផែននៃការរចនាម៉ូដបែបផ្សេងៗគ្នានេះនឹងញ៉ាំងឲ្យការដើរបង្ហាញម៉ូដគួរជាទីចាប់អារម្មណ៍ និងសម្បូណ៌បែប។
អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះ គឺការចូលរួមពីសំណាក់យុវជន។ ទាំងអ្នកជំនួយការ ទាំងតារាបង្ហាញម៉ូដរបស់យើងទាំងអស់ សុទ្ធតែជាយុវជនស្ម័គ្រចិត្ត និងជានិស្សិតនៅក្រុងភ្នំពេញ សិក្សានៅវិទ្យាល័យបារាំង Descartes សាលាអន្តរជាតិ ISPP ។ ក្នុងចំណោមអ្នកទាំងនោះ អ្នកខ្លះគឺជាអ្នកអាជីពពិតប្រាកដ អ្នកខ្លះទៀតគ្រាន់តែជាអ្នកធ្វើដើម្បីភាពរីករាយ ហើយអ្នកខ្លះទៀត ទើបតែនឹងប្រឡូកជាលើកដំបូងសម្រាប់រាត្រីកាលនោះ។
យើងខ្ញុំសូមថ្លែងអំណរគុណដល់ពួកគាត់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ សម្រាប់សាមគ្គីភាពដ៏ថ្លៃថ្លានេះ! គោលបំណងនៃរាត្រីសប្បុរសធម៌នេះគឺ ដើម្បីប្រមូលថវិកាឲ្យបានច្រើនជាអតិបរមាសម្រាប់ទ្រទ្រង់មូលនិធិ ហើយយើងនឹងបង្កើនឱកាស « ទិញទំនិញ » ក្នុងព្រឹត្តិការណ៍នោះផងដែរ។
វិចិត្រករវ័យក្មេងនឹងគូររូបរបស់លោកអ្នកនៅពីមុខសត្វដំរី លោកអ្នកអាចទិញគ្រឿងអលង្ការ សម្លៀកបំពាក់ រូបថត ក្រមាដែលមានប៉ាក់និមិត្តសញ្ញារបស់មូលនិធិអៃរាវត្តា គ្រឿងតុបតែងលម្អ។ល។ ជាងនេះទៅទៀត លោកអ្នកអាចយកស្នាដៃដែលបង្កើតឡើងដោយអ្នកច្នៃម៉ូដទាំងបីរូប ហើយដែលត្រូវបានពាក់ក្នុងពិធីបង្ហាញម៉ូដនោះទៅជាមួយបាន។
តើដំរីនៅកម្ពុជាសព្វថ្ងៃស្ថិតក្នុងសភាពយ៉ាងណាដែរ? តើស្ថានភាពនេះជាស្ថានភាពវិជ្ជមានឬ?
សព្វថ្ងៃនេះ យើងព្រួយបារម្ភខ្លាំងណាស់ពីបញ្ហាគ្រោះរាំងស្ងួតដែលកំពុងតែកើតមាន ហើយបញ្ហានេះនឹងកាន់តែធ្ងន់ធ្ងរថែមទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខ នៅពេលទទួលរងនូវបាតុភូត El Nino ។ ពេលនេះ តំបន់ព្រៃកាទៀងក្តៅស្ងួតហែងរួចទៅហើយ។ ខ្ញុំភ័យខ្លាចថា គ្មានអាហារគ្រប់គ្រាន់សម្រាប់ដំរីរបស់យើងដែលត្រូវការបន្លែជាងមួយតោនក្នុងមួយថ្ងៃ។ កង្វល់មួយទៀតនោះ គឺការប្រើថ្នាំសម្លាប់សត្វល្អិតរបស់ប្រជាកសិករនៅជុំវិញតំបន់នោះ។ ដោយសារភាពរាំងស្ងួត ថ្នាំបំពុលសត្វល្អិតប្រមូលផ្តុំកាន់តែច្រើននៅក្នុងទឹកជ្រោះកាទៀង ពេលដែលទឹកស្រកចុះខ្លាំង...។
នៅពេលដ៏ខ្លីខាងមុខនេះ យើងមិនគិតថាអ្វីៗនឹងបានប្រសើរឡើងទេ។ ដំរីស្រុកថយចុះជាលំដាប់ ដោយហេតុផលថា ដំរីទាំងនោះចាស់ខ្លាំងពេក ពិបាកក្នុងការបង្កបង្កើត។ សម្រាប់ដំរីព្រៃវិញ ទីកន្លែងរស់នៅរបស់ពួកវាកាន់តែរួមតូចទៅៗ ជារៀងរាល់ថ្ងៃ។ ជម្លោះរវាងមនុស្ស និងពពួកសត្វចតុប្បាទ កាន់តែកើនខ្លាំងឡើងៗ ហើយជាទូទៅសត្វគឺជាភាគីរងគ្រោះ។ ជាក់ស្តែង ដូចជាករណីដំរីដែលត្រូវបានសម្លាប់កាលពីពេលថ្មីៗនេះនៅខេត្តមណ្ឌលគិរី។ ដំរីនោះត្រូវគេសម្លាប់ ដោយសារតែវាចូលទៅក្នុងចម្ការដើមស្វាយចន្ទីដែលគួរឲ្យងឿងឆ្ងល់ណាស់ថា ហេតុអ្វីបានជាមានចម្ការស្វាយចន្ទីនៅក្នុងតំបន់អភិរក្សទៅវិញ...។ វាច្បាស់ណាស់ ទៅថ្ងៃមុខ យើងអាចប្រឈមនឹងរឿងរ៉ាវជាច្រើនទៀត! ប៉ុន្តែ ពេលនេះ យើងធ្វើនូវអ្វីដែលយើងអាចធ្វើបានសម្រាប់ដំរីប៉ុន្មានក្បាលដែលមានជីវិតរស់នៅក្នុងប្រទេសកម្ពុជា!
សំបុត្រមានដាក់លក់នៅ សណ្ឋាគារឡឺរ៉ូយ៉ាល់ សណ្ឋាគារសង្គម ហាង MotoLand Cambodia (ម្ដុំផ្សារទួលទំពួង)។
តម្លៃ៖ ចាប់ពី ៤០-១៥០ដុល្លារ សម្រាប់សហឧបត្ថម្ភដំរីរយៈពេលមួយឆ្នាំ និង ១.០០០ ដុល្លារ សម្រាប់កៅអី VIP ។
លេខទូរស័ព្ទទំនាក់ទំនង៖ 012 214 468/012 965 165