អន្តរជាតិ
បោះឆ្នោត​ថៃ​៖ បក្ស​ភឿ​ថៃ និង​បក្ស​កម្លាំង​ប្រជារាស្ត្រ អន្ទង​បក្ស​ផ្សេង​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ
27, Mar 2019 , 10:31 am        
រូបភាព
រូបភាព The Nation
រូបភាព The Nation
​ទោះ​មាន​ត្រឹម​លទ្ធផល​មិន​ផ្លូវការ បក្ស​ភឿ​ថៃ និង​បក្ស​កម្លាំង​ប្រជារាស្ត្រ​សុទ្ធតែ​អះអាង​ពី​ជ័យជម្នះ​របស់ខ្លួន​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា​។ បក្ស​ទាំងពីរ​នេះ កំពុង​ស្វះ​ស្វែងរក​ការគាំទ្រ​ពី​បក្ស​ផ្សេងទៀត​ដែល​ទទួលបាន​អាសនៈ​ដើម្បី​ឈានទៅ​បង្កើត​រដ្ឋាភិបាលចម្រុះ​។ បក្ស​ប្រជាធិបតេយ្យ​ដែល​ទទួលលទ្ធផល​ខុស​ការរំពឹងទុក ប្រកាស​ជាស្រេច​ថា មិន​ចូលរួម​ជាមួយ​បក្ស​ភឿ​ថៃ​ឡើយ ខណៈ​បក្ស​ភូមិ​ចៃ​ថៃ ដែល​ទទួលបាន​លទ្ធផល​អាសនៈ​លំដាប់​ទី​បី អាចជា​កូនសោរ​សំខាន់​។

 
​លទ្ធផល​បោះឆ្នោត​លើកដំបូង​នៅក្រោយ​រដ្ឋប្រហារ​ឆ្នាំ ២០១៤ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ហួសការ​ស្មាន ឯ​បក្ស​ភឿ​ថៃ ដែល​ស្និទ្ធ​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បែរជា​មិនអាច​ទទួល​គាំទ្រ​ច្រើន​លើសលប់​ដូច​មុន​ទៅវិញ​។ បក្ស​ប្រជាធិបតេយ្យ​របស់​អតីត​នាយករដ្ឋមន្ត្រី អាប់​ភី​ស៊ីត វ​I​ចា​ជីវ៉ា ស្ថិតនៅ​លេខ​រៀង​ទី​ប្រាំ​ឯណោះ​។​
 
​ទាំង​បក្ស​ភឿ​ថៃ ទាំង​បក្ស​កម្លាំង​ប្រជារាស្ត្រ​សុទ្ធតែ​បានការ​គាំទ្រ​ច្រើន​ដូចគ្នា​។ វា​ជា​រឿង​ខុស​ការរំពឹងទុក​ដែល​បក្ស​កម្លាំង​ប្រជារាស្ត្រ​ទើប​បង្កើត​ថ្មី អាច​ទទួល​សំឡេងគាំទ្រ​ច្រើន​បែបនេះ​។ តាម​លទ្ធផល​មិន​ផ្លូវការ បក្ស​នេះ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៧,៩​លាន​នាក់ ខណៈ​បក្ស​ភឿ​ថៃ​ទទួលបាន​៧,៤​លាន​នាក់​។ ប៉ុន្តែ​បើ​គិតពី​ចំនួន​កៅអី​វិញ បក្ស​កម្លាំង​ប្រជារាស្ត្រ​ទទួលបាន​សរុប​ចំនួន​១១៨ ហើយ​បក្ស​ភឿ​ថៃ​ទទួលបាន​១៣៧​កៅអី​សភា​។​
 
​អគ្គលេខាធិការ​បក្ស​ក​ម្លាំ​ង​ប្រជារាស្ត្រ Sontirat Sontijirawong និយាយថា បក្ស​របស់លោក​មាន​សិទ្ធិ​បង្កើត​រដ្ឋាភិបាល​បាន ព្រោះ​ទទួលបាន​សំឡេងគាំទ្រ​ច្រើន​ជា​បក្ស​ផ្សេងទៀត​។ បក្ស​គាំទ្រ​របប​យោធា​នេះ បាន​ទាក់ទង​ជាមួយ​ដែល​ទទួលបាន​សំឡេងឆ្នោត ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​។ លោក  Sontirat អះអាងថា បក្ស​លោក​បាន​ចរចា​ជាមួយ​បក្ស​ភូមិ​ចៃ​ថៃ​ដែល​ទទួលបាន​កៅអី​ចំនួន​៥២ និង​បក្ស​ផ្សេងទៀត​។ 
 
​ដោយឡែក បក្ស​ភឿ​ថៃ​វិញ ក៏បាន​ទាក់ទង​ជាមួយ​បក្ស​ដទៃទៀត​ដែលមាន​គោលដៅ​ដូចគ្នា គឺ​ទប់ស្កាត់​ការបន្ត​អំណាច​របស់លោក ប្រា​យុទ្ធ ។ បក្ស​នេះ​លើកឡើងថា ខ្លួន​មាន​សិទ្ធិ​បង្កើត​រដ្ឋាភិបាល​ព្រោះ​មាន​អាសន​នៅ​សភា​ច្រើនជាងគេ​។ បក្ស​ភឿ​ថៃ​នឹង​ប្រមូល​បក្ស​ប្រាំ​ទៀត​ដែល​ឈ្នះ​កៅអី​សភា​ដូចជា​បក្ស​អនាគត​ឈានមុខ បក្ស​សេដ្ឋកិច្ច​ថ្មី បក្ស​ដើម្បី​ជាតិ បក្ស​ថៃ​សេរី និង​បក្ស​ប្រជាជាតិ​។ សំឡេង​នៅ​សភា​របស់​បក្ស​ទាំង​៦ គឺ​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​។​
 
​យ៉ាងណាមិញ សម្ព័ន្ធភាព​របស់​បក្ស​ភឿ​ថៃ នៅ​ខ្វះ​សំឡេង​ច្រើន​ដើម្បី​ស្នើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​។ តាមច្បាប់​ថៃ ដើម្បី​បង្កើត​រដ្ឋាភិបាល បក្ស​នីមួយៗ​ត្រូវមាន​សំឡេង​យ៉ាងតិច​២៥១ នៃ​អាសនៈ​សរុប​៥០០ ហើយ​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី ត្រូវបាន​គាំទ្រ​យ៉ាងតិច​៣៧៦ នៃ​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​ដែលមាន​៧៥០​។ យោងតាម​ការ​គន់គូរ​បែបនេះ សម្ព័ន្ធភាព​ដឹកនាំ​ដោយ​បក្ស​ភឿ​ថៃ អាច​ប្រឈមមុខ​បញ្ហា ហើយ​ត្រូវ​ប្រមូល​សំឡេង​ឲ្យ​ច្រើន​តាមតែ​អាចធ្វើ​បាន​។​
 
​បក្ស​ភូមិ​ចៃ​ថៃ ដែលមាន​និន្នាការ​កណ្ដាល​នោះ និង​បក្ស​ប្រជាធិបតេយ្យ កំពុងស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​ក្រុម​ទាំងពីរ​។ អាសន​របស់​បក្ស​ទាំងពីរ​មាន​ចំនួន​១០២ ដែល​អាច​កត្តា​កាត់ក្ដី​ក្នុងការ​ប្រជែង​បង្កើត​រដ្ឋាភិបាល​ថ្មី​។ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ជំហរ​ច្បាស់​របស់​បក្ស​ប្រជាធិបតេយ្យ​ឡើយ ព្រោះ​បក្ស​នេះ​ប្រឆាំង​របប​ដឹកនាំ​យោធា តែ​ក៏​មិន​ចូលរួម​ជាមួយ​បក្ស​ភឿ​ថៃ​ដែរ​។ 
 
​រឿង​ដែល​ត្រូវ​ពិចារណា​មួយទៀត គឺ​ស្ថិរភាព​រដ្ឋាភិបាលចម្រុះ​។ បង្កើត​រដ្ឋាភិបាល​បក្ស​៦ អាចជា​រឿង​ឈឺក្បាល​សម្រាប់​បក្ស​ភឿ​ថៃ ខណៈ​បក្ស​កម្លាំង​ប្រជារាស្ត្រ​ងាយស្រួល​ជាង​បន្តិច​។ ម្យ៉ាង​បើ​លោក ប្រា​យុទ្ធ អាច​ធ្វើជា​នាយករដ្ឋមន្ត្រី រដ្ឋាភិបាល​របស់​ក៏ត្រូវ​ប្រឈមមុខ​ប​សម្ព័ន្ធភាព​ក្រុមប្រឆាំង​ក្នុង​សភា​ដែលមាន​សំឡេង​ច្រើនជាង ព្រោះ​ក្រោយ​ការបង្កើត​រដ្ឋាភិបាល​បាន​ហើយ សមាជិក​ព្រឹទ្ធសភា​លែង​អាច​លូកដៃ​បាន​ទៀតហើយ​៕ 

Tag:
 ថៃ​
  បក្ស​ភឿ​ថៃ​
  បក្ស​កម្លាំង​ប្រជារាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com