ជាតិ
សម្ដេច ហ៊ុន សែន​៖ «​ខ្ញុំ​គិតថា ដល់ពេល​វេលា​អប់រំ​គុណធម៌​ដល់​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​»
28, Mar 2019 , 6:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រៅពី​សិស្ស និស្សិត ដែល​ត្រូវ​ការពង្រឹង​ផ្នែក​គុណធម៌ និង​សីលធម៌​នោះ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ក៏​ត្រូវយក​អប់រំ​ចំណុច​នេះដែរ​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​។

 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា បញ្ហា​គុណធម៌ និង​សីលធម៌ គឺជា​រឿង​សំខាន់​មួយ ដែល​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​លើ​ការអប់រំ ដើម្បី​លើកកម្ពស់​ការគោរព និង​ឲ្យ​តម្លៃ​សិទ្ធិ​ក្នុង​ការរស់នៅ​ក្នុងសង្គម​។ មូល​ហេតុដែល​សម្ដេច ហ៊ុន សែន លើកឡើង​បែបនេះ បន្ទាប់ពី​មាន​ករណី​កូនអ្នកមាន​អំណាច​ប្រើប្រាស់​បុណ្យស័ក្តិ​ឪពុក​ខ្លួន ដោយ​យក​កាំភ្លើង​ប្រព្រឹត្តិ​អំពើហិង្សា និង​បាញ់សម្លាប់​អ្នកដទៃ ក្រោម​ហេតុផល​ផ្សេងៗ​។ ទង្វើ​បែបនេះ ត្រូវបាន​សម្ដេច ហ៊ុន សែន ចាត់ទុកជា​សកម្មភាព​ខ្វះ​ការអប់រំ គ្មាន​គុណធម៌ និង​សីលធម៌​ក្នុង​ខ្លួន​ឡើយ ដែល​ទាមទារ​ឲ្យ​មានការ​កែតម្រូវ​ជាបន្ទាន់​។​

សូមស្តាប់សំឡេង៖



 
​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត នៅ​ព្រឹក​ថ្ងៃទី ២៧ មីនា​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​និយាយ​ដូច្នេះ​ថា​៖«​ឥឡូវ​ខ្ញុំ​គិតថា វា​ដល់​ពេលវេលា​មិនមែន​គ្រាន់តែ​អប់រំ​(​គុណធម៌​)​ត្រឹមតែ​កូនសិស្ស​ទេ ផ្ទៃក្នុង​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ក៏ត្រូវ​តែ​ធ្វើ​ដែរ​។ គ្រាន់តែ​២ ទៅ​៣​ថ្ងៃ​សោះ កើត​មិនដឹង​ប៉ុន្មាន​រឿង​ទេ​។ ប៉ុន្តែ​ជាការ​ល្អ​ហើយ ដែល​មេ​បេ​អឹម​ខេត្តក្រចេះ​នោះ បាន​ឲ្យ​កូន​ចេញមក​ទទួលទោស​កំហុស​ក្នុងពេល​យក​អាវុធ​ទៅ​ភ្ជង់​គូរ​ជម្លោះ ហើយ​នៅ​ករណី​បាញ់សម្លាប់ ដែល​ចោទ​ទុក​គេ​ថា​ចោរ​នោះ ក៏ត្រូវ​បាន​ឪពុក​លើកទឹកចិត្ត​ឲ្យ​មក​សារភាព​ទាំងអស់​។ ប៉ុន្តែ​បទល្មើស​នៅតែមាន វា​បណ្ដាលមកពី​អី គឺ​មកពី​ក្នុង​ខ្លួន​អត់​មាន​គុណធម៌​»​។​
 
​ក្រៅពី​ករណី​អំពើហិង្សា និង​ប្រើប្រាស់​អំណាច​ខុសច្បាប់​នេះ សម្ដេច ហ៊ុន សែន ក៏​លើកយក​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​មក​និយាយថា ការបង្ក​ហេតុនេះ ក៏​កើតចេញពី​ការខ្វះ​សីលធម៌ និង​គុណធម៌​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍ និង​គោរព​សិទ្ធិ​អ្នកដទៃ​ក្នុងពេល​បើកបរ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​នេះ​៕
 

Tag:
 ហ៊ុន សែន​
  គុណធម៌​
  សីលធម៌
© រក្សាសិទ្ធិដោយ thmeythmey.com