អន្តរជាតិ
ព្រុយ​ណេ នឹង​អនុវត្ត​ច្បាប់​ឥស្លាម​ដ៏​តឹងរ៉ឹង​
28, Mar 2019 , 9:53 am        
រូបភាព
ស៊ុលតង់ព្រុយណេ Hassanal Bolkiah (រូបភាព AFP)
ស៊ុលតង់ព្រុយណេ Hassanal Bolkiah (រូបភាព AFP)
​រាជាណាចក្រ​ព្រុយ​ណេ នឹង​ចាប់ផ្ដើម​អនុវត្ត​ច្បាប់ព្រហ្មទណ្ឌ​របស់ខ្លួន​នៅ​សប្ដាហ៍​ក្រោយ ដែល​ដើរ​តាម​ការកំណត់​របស់​ច្បាប់​សាសនា​ឥស្លាម Sharia ។ បទល្មើស​ដែល​ផ្ទុយ​ពី​បញ្ញត្តិ​សាសនា​ឥស្លាម​មាន សហាយស្មន់ និង​ការ​រួមភេទ​ដូចគ្នា នឹងត្រូវ​ដាក់ទោស​ប្រហារជីវិត ឯ​ទោស​ស្រាល​ដូចជា​ការ​លួច នឹងត្រូវ​ដាក់ទោស​ត្រឹម​ការ​កាត់ដៃជើង​។ ក្រុម​ការពារ​សិទ្ធិមនុស្ស បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​គម្រោង​អនុវត្ត​ច្បាប់​ដ៏​តឹងរ៉ឹង​បែបនេះ​។​

 
​បន្ទាប់ពី​ផ្អាក​ការអនុវត្ត​ជាង​បួន​ឆ្នាំ​មក ព្រុយ​ណេ​នឹង​អនុវត្ត​ក្រមព្រហ្មទណ្ឌ​របស់ខ្លួន​ដែល​រង​ការរិះគន់​ខ្លាំង​នាពេល​កន្លងមក ចាប់ពី​ថ្ងៃទី​៣ ខែមេសា​តទៅ​។ ដោយសារ​ច្បាប់​នេះ​អនុវត្ត​ច្បាប់​សាសនា​ឥស្លាម​ដ៏​តឹងរ៉ឹង គឺ Sharia អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាច្រើន​បានស្នើ​ឲ្យ​រាជាណាចក្រ​ដ៏​តូច​មួយ​នេះ បញ្ឈប់​ការអនុវត្ត​ជាបន្ទាន់ ដ្បិត​ការ​ទោស​មាន​លក្ខណៈ​ឃោរឃៅ​ខ្លាំង បើ​ប្រៀបធៀប​ទៅនឹង​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ជា​កាន់សាសនា​ឥស្លាម​ដូចគ្នា​។​
 
​ក្រោម​ច្បាប់​ថ្មី​ដែល​ប្រកាស​តាំងពី​ឆ្នាំ​២០១៤ បុគ្គល​ដែល​រកឃើញថា បាន​រួមភេទ​ជាមួយ​ភេទ​ដូចគ្នា និង​ប្រព្រឹត្ត​អំពើ​សហា​ស្មន់ នឹងត្រូវ​គប់​ដុំថ្ម​រហូតដល់​ស្លាប់​។ ការស្រឡាញ់​ភេទ​ដូចគ្នា ជា​អំពើ​ខុសច្បាប់​រួចស្រេច​ទៅហើយ​ក្នុងប្រទេស​កាន់សាសនា​ឥស្លាម​ដ៏​អភិរក្ស​មួយ​នេះ ប៉ុន្តែ​ច្បាប់​ដែល​ត្រូវអនុវត្ត​នេះ ប្រែក្លាយ​ទោស​នេះ​ជា​ទៅជា​ករណី​ប្រហារជីវិត​តែម្ដង​។ យ៉ាងណា ការអនុវត្ត​ធ្វើ​លើ​បុគ្គល​កាន់​ស្លាម​ឥស្លាម​ប៉ុណ្ណោះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការដាក់ទោស​សម្លាប់​ក​រ​ណី​លួច គឺ​កាត់​ដៃស្ដាំ​ចោល​សម្រាប់​កំហុស​លើកទីមួយ ហើយ​បើ​មិន​រាងចាល នឹង​កាត់​ជើងឆ្វេង​មួយទៀត​សម្រាប់​កំហុស​លើក​ទី​ពីរ​។ 
 
​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) លោក Phil Robertson និយាយថា ការអនុវត្ត​ទោស​ធ្ងន់ធ្ងរ​បែបនេះ នឹង​ប៉ះពាល់​ដល់​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​ក្រោម​ក្រសែភ្នែក​អ្នកវិនិយោគទុន ភ្ញៀវទេសចរ និង​ទីភ្នាក់ងារ​អន្តរជាតិ​នានា​។ លោក​បន្តថា ប្រសិនបើ​ព្រុយ​ណេ​ជម្នះ​បន្ត​អនុវត្តតាម​ផែនការ​របស់ខ្លួន ពិភពលោក​ទាំងមូល​នឹងធ្វើ​ពហិការ​ព្រុយ​ណេ​មិន​ខាន ហើយ​ព្រុយ​ណេ​នឹង​ក្លាយជា​រដ្ឋ​អាស៊ីអាគ្នេយ៍​តែមួយគត់​ដែល​ដាក់ទោស​របៀបនេះ​។​
 
​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​សាសនា​ព្រុយ​ណេ នៅ​ថ្ងៃទី​២៧ ខែមីនា និយាយថា មានតែ​ស៊ុ​ល​តង់​ហា​សា​ណា​ល់ ប៊ុល​គៀ ដែល​នឹង​ប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការអនុវត្ត​នៅ​ថ្ងៃទី​៣ ខែមេសា​។ យ៉ាងណា​មកទល់ពេលនេះ ការត្រៀមខ្លួន​ដើម្បី​អនុវត្ត​ក្រម​ថ្មី​នេះ គឺ​ផ្តោតលើ​ការ​កាត់​ដៃ​ក្នុងករណី​លួច​សិន​។ 
 
​ព្រុយ​ណេ​ដែលមាន​បាន​ដោយសារ​ធនធាន​ប្រេង បាន​អនុវត្ត​ច្បាប់​ឥស្លាម​ដ៏​តឹងរ៉ឹង​កាន់តែខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ក្នុង​ឆ្នាំ​២០១៥ ព្រុយ​ណេ​មិនមាន​ឲ្យ​ការ​ប្រារព្ធ​បុណ្យ Chritmas របស់​សាសនា​គ្រិស្ត​ខ្លាំងក្លា​ឡើយ ព្រោះ​បារម្ភ​ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា​ឥស្លាម​របស់​ប្រទេស​៕

Tag:
 ព្រុយ​ណេ​
  Sharia
© រក្សាសិទ្ធិដោយ thmeythmey.com