ជាតិ
​លោក ពេជ្រ ស្រស់ ប្ដឹង លោក ផែង វណ្ណៈ ទៅ ACU លើ​ករណី​យក​ថវិកា​ពី​គ្រួសារ​ជនបង្ក​ទៅ​គ្រួសារ​រងគ្រោះ​
28, Mar 2019 , 3:36 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយ​ផ្ទុះ​ពាក្យសម្តី​ឌឺដង​ដាក់គ្នា​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ លោក ពេជ្រ ស្រស់ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បានដាក់​ពាក្យបណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ឲ្យ​ស៊ើបអង្កេត​លើ​លោក ផែង វណ្ណៈ អតីតមន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ លើ​ករណី​យក​ថវិកា​៥០០០​ដុល្លារ ទៅជូន​គ្រួសារ​សព​កញ្ញា ឌុំ រី​ដា​។​

 
​លិខិត​ដែល​លោក ពេជ្រ ស្រស់ ដាក់​ស្នើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​រលួយ​នោះ បើក​ការស៊ើបអង្កេត​លើ​លោក ផែង វណ្ណៈ នេះ ក្រោម​ហេតុផល​សង្ស័យថា បុគ្គល​រូបនេះ មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ជនបង្ក​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​លើក​ញ្ញា ឌុំ រី​ដា ដែល​អាចមាន​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ជាមួយ​ជនបង្ក​។​
 
​ក្នុងន័យនេះ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​បើតាម​ពិនិត្យ​ផ្លូវច្បាប់​បុគ្គល ផែង វណ្ណៈ មិនមែនជា​មេធាវី ឬ​ក្រុម​បម្រើ​សេវាកម្ម​ផ្លូវច្បាប់ ដែល​អាចជា​តំណាង​ឲ្យ​ក្រុម​ណាមួយ​ទេ ។ ប៉ុន្តែ​មានរឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កើតឡើង គឺ​នៅ​ថ្ងៃទី​២៧ មីនា ស្រាប់តែ​ឃើញ​បុគ្គល ផែង វណ្ណៈ នេះ​ប្រកាស​ខ្លួន​ថា ជា​អ្នកតំណាង​ឲ្យ​ក្រុម​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​លើ​សព​និស្សិត ឌុំ រី​ដា ស្របពេល​សមត្ថកិច្ច​មិនទាន់​ចាប់បាន​ជនបង្ក​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​នៅឡើយ​ទេ ។ ហើយ​អ្វីដែល​គួរ​ឲ្យ​សង្ស័យ​បំផុត​នោះ គឺថា​កើតមាន​ក្តី​ព្រួយបារម្ភ​ខ្លាច មានការ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ដើម្បី​សម្របសម្រួល​បន្ធូ​បន្ថយ​បទចោទប្រកាន់​ណាមួយ តាមរយៈ​ការយក​លុយ​ទៅ​លោង​លោម ឬ​បញ្ចុះបញ្ចូល​ក្រុមគ្រួសារ​ជនរងគ្រោះ​តាមរយៈ​បុគ្គល ផែង វណ្ណៈ​»​។​
 
​ដោយសារ​បញ្ហា​នេះហើយ​ទើប សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​រូបនេះ ដាក់ពាក្យ​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​អះអាងថា ពាក្យបណ្ដឹង​ខ្លួន​នេះ គឺមាន​គោលបំណង​ទប់ស្កាត់ និង​លុបបំបាត់​អំពើពុករលួយ ហើយ​ចង់រក​យុត្តិធម៌​ជូន​គ្រួសារ​សព​កញ្ញា ឌុំ រី​ដា ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​។ ជាពិសេស​គឺ​ការលុបបំបាត់​នូវ​វប្បធម៌​អន្តរាគមន៍​ខុសច្បាប់ ឬ​បុក​គេ​ស្លាប់​ហើយ យកលុយ​ទៅ​លួងលោម​គ្រួសារ​ជនរងគ្រោះ​ជាដើម​។​
 
​ទាក់ទង​នឹង​ពាក្យបណ្ដឹង​នេះ លោក ផែង វណ្ណៈ អតីតមន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ហាក់​គ្មាន​ភាព​តក់ស្លុត​អ្វី​ឡើយ​។ មុនពេល​លោក ពេជ្រ ស្រស់ ប្ដឹង​មួយថ្ងៃ​នេះ លោក ផែង វណ្ណៈ បានចេញ​ផ្សាយ​វីដេអូ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃទី​២៧ មីនា ដោយ​ពន្យុះ​ឲ្យ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូបនេះ ដាក់ពាក្យ​ប្ដឹង​លោក​ទៀតផង​។ មូលហេតុ​លោក ផែង វណ្ណៈ ដែលជា​អ្នកមាន​ភាពលេច​ធ្លោរ​ក្នុង​បណ្ដាញ​សង្គម​រូបនេះ ផ្គើន​លោក ពេជ្រ ស្រស់ នោះ ដោយ​លោក​អះអាងថា ខ្លួន​មិនបាន​ប្រព្រឹត្ត​ទង្វើ​អ្វីមួយ​ខុស​ឡើយ ហើយ​លោក ពេជ្រ ស្រស់ ក៏​គ្មាន​ភស្តុតាង​អ្វីដែល​អាច​ចោទប្រកាន់​ខ្លួន​ដែរ​៕

Tag:
 ពេជ្រ ស្រស់​
  ផែង វណ្ណៈ​
 ACU
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com