តើ​ពាក្យ «​ទិដ្ឋភាព​» និង​«​ទេសភាព​» មានន័យ​ដូចគ្នា ឬ​ខុសគ្នា​?
ពីនេះ ពីនោះ / មិនយល់...!
តើ​ពាក្យ «​ទិដ្ឋភាព​» និង​«​ទេសភាព​» មានន័យ​ដូចគ្នា ឬ​ខុសគ្នា​?
29, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មែនទែនទៅ​ពាក្យ «​ទិដ្ឋភាព​» មិន​មានន័យ​ដូចនឹង​ពាក្យ «​ទេសភាព​» ឡើយ​។ បើតាម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​ទិដ្ឋភាព​» មានន័យថា ភាព​នៃ​អ្វីៗ​ដែល​បានឃើញ និង​បាន​ជួបប្រទះ​ហើយ​។ ចំណែក ពាក្យ «​ទេសភាព​» មានន័យថា ភាព​របស់​ប្រទេស​ទាំងមូល ដែល​សំដៅលើ​បែប​ភាព​របស់​ស្រុកភូមិ ដែល​ប្រកបដោយ​ធម្មជាតិ គឺ​ទឹក ដី ព្រៃព្រឹក្សា​ជាដើម​។



​នៅក្នុង​វចនានុក្រម​ខ្មែរ ពាក្យ «​ទិដ្ឋភាព​» ជា​ភាព​នៃ​អ្វីៗ​ដែល​គេ​បានឃើញ បាន​ជួប ឬ​ដំណើរ​នៃ​វត្ថុ​ដែល​ហុច​ផល​មក​ឲ្យ​ឃើញ​។ ឧទាហរណ៍​៖ រឿងនេះ​មាន​ទិដ្ឋភាព​ល្អ​ណាស់​។ ពោល​ពាក្យ​មាន ទិដ្ឋិ នៅ​ខាងដើម​ពាក្យ គឺ​សុទ្ធតែ​មានន័យថា ដំណើរ​រកឃើញ សេចក្តី​ប្រកាន់​តាម​ការយល់ឃើញ​។ ការយល់ឃើញ​មាន​ពីរបែប គឺជា​ការយល់ឃើញ​ត្រូវ ហៅថា សម្មាទិដ្ឋិ និង​ការយល់ឃើញ​ខុស ហៅថា មិច្ឆាទិដ្ឋិ​។ 
 
​ដោយឡែក​ពាក្យ «​ទេសភាព​» មានន័យ​ទូលំទូលាយ​ជាង​ពាក្យ «​ទិដ្ឋភាព​» ដោយសារ​ពាក្យ​នេះ​បង្ហាញ​ពី​ភាពជា​របស់​ប្រទេស​នីមួយៗ ដូចជា ទឹក ដី ព្រៃព្រឹក្សា​ជាដើម​។ ឧទាហរណ៍​៖ ទេសភាព​មាត់សមុទ្រ​ពិតជា​ស្រស់ថ្លា ដែល​អាច​រំងាប់​អារម្មណ៍​ស្មុគស្មាញ​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com