អន្តរជាតិ
នៅ​តៃវ៉ាន់ បើកបរ​ក្នុងពេល​ស្រវឹង​ហើយ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត អាច​ជាប់ទោស​ប្រហារជីវិត​
29, Mar 2019 , 7:39 pm        
រូបភាព
រូបភាព៖ សារព័ត៌មាន Independent
រូបភាព៖ សារព័ត៌មាន Independent
ដោយ:
​តៃវ៉ាន់ គ្រោង​បន្ថែម​ទោស​ប្រហារជីវិត​លើ​មនុស្ស​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ដែល​ឈានដល់​មាន​មនុស្ស​ស្លាប់ ខណៈ​បើកបរ​ដោយមាន​ផ្ទុក​ជាតិ​ស្រវឹង​។ គម្រោង​នេះ ធ្វើឡើង​ក្រោយ​តួលេខ​នៃ​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើងជា​លំដាប់ ដែល​បង្ក​ជាការ​ព្រួយបារម្ភ​ដល់​មនុស្ស​ទូទៅ​។

 
​នៅ​ថ្ងៃ​២៨ ខែមីនា គណៈរដ្ឋមន្ត្រី​តៃវ៉ាន់ បានអនុម័ត​សេចក្តីព្រាង​វិសោធណកម្ម​មួយ​លើ​ក្រមព្រហ្មទណ្ឌ ដែល​នឹងដាក់​បញ្ចូល ការបង្ក​ឲ្យ​មនុស្ស​ស្លាប់​ដោយសារ​ការបើកបរ​នៅពេល​ស្រវឹង ទៅជា «​បទល្មើស​មនុស្សឃាត​» ។ ក្នុងករណី​ធ្ងន់ធ្ងរ ទោស​ប្រហារជីវិត​នឹងត្រូវ​អនុវត្ត ប្រសិនបើ​រកឃើញថា សកម្មភាព​នោះ​ត្រូវ​ចាត់ទុកថា បង្កឡើង​ដោយ​ចេតនា​។ 
 
​សំណើ​នេះ នឹងត្រូវ​បញ្ជូនទៅ​កាន់​សភា​តៃវ៉ាន់ ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​។ យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួងយុត្តិធម៌​តៃវ៉ាន់ បាន​ឲ្យ​ដឹងថា ករណី​នៃ​ការបើកបរ​ខណៈ​មាន​ផ្ទុក​ជាតិ​ស្រវឹង ហើយ​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់ មាន​ចំនួន​ច្រើន និង​ពុំ​ត្រូវបាន​គេ​យកចិត្តទុកដាក់​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល ក្រសួងយុត្តិធម៌​តៃវ៉ាន់​បន្តថា មនុស្ស​ដែល​បើកបរ​ខណៈ​មាន​ផ្ទុក​ជាតិ​ស្រវឹង​ក្នុង​ខ្លួន មានការ​ធ្វេសប្រហែស និង​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ឆក់យក​ជីវិត​មនុស្ស និង​បំផ្លាញ​គ្រួសារ​អ្នកដទៃ​។ ចុងក្រោយ​បន្សល់​ត្រឹមតែ​វិប្បដិសារី ដែល​ពុំ​អាច​ជួសជុល​បាន​។​
 
​កាលពី​ខែមករា​កន្លងទៅ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​បាន​កើតឡើង​នៅ​តៃវ៉ាន់​។  បុរស​វ័យ​៤០​ឆ្នាំ​ម្នាក់​ដែល​កំពុង​បើកបរ​ដោយមាន​ជាតិ​ស្រវឹង បាន​បើករថយន្ត​ទៅបុក​រថយន្ត​តាក់ស៊ី​មួយគ្រឿង​ទៀត ។ ក្នុង​ហេតុការណ៍​នេះ មនុស្ស​៣​នាក់​បាន​ស្លាប់ និង​៣​នាក់​រងរបួស ក្នុងនោះ​ក៏មាន​បុរស​ជា​ជនបង្ក​ផងដែរ​។ 
 
​ជុំវិញ​រឿងនេះ ក្រុម​សិទ្ធិមនុស្ស​មួយចំនួន រួមមាន សមាគម​តៃវ៉ាន់​ដើម្បី​សិទ្ធិមនុស្ស បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ ដោយ​រិះគន់​លើ​វិសោធណកម្ម​ថ្មី​នេះ និង​ស្នើ​ឲ្យ​មានការ​ពិចារណា​ឲ្យ​ច្បាស់លាស់​បន្ថែមទៀត​។ បើតាម​សារព័ត៌មាន AFP សេចក្តីថ្លែងការណ៍​រួម​នេះ គូសបញ្ជាក់​បែបនេះ​៖ «​យើង​ឃើញ​មាន​កង្វះខាត​ផ្នែក​ភស្តុតាង និង​ការស្រាវជ្រាវ ដែល​ចង់​ឲ្យ​មានទោស​ប្រហារជីវិត​លើ​អ្នកបើកបរ​មាន​ផ្ទុក​ជាតិ​ស្រវឹង​។ ហើយ​ច្បាប់​ថ្មី​នេះ ក៏​មិន​ប្រាកដថា នឹង​អាច​ការពារ​ទង្វើ​បែបនេះ​ផងដែរ​»​។ 
​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅ​តៃវ៉ាន់ ទោស​ធ្ងន់​បំផុត​សម្រាប់​ករណី​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ពេល​បើកបរ​ដោយមាន​ផ្ទុក​ជាតិ​ស្រវឹង គឺ​ការជាប់​ពន្ធនាគារ​ចំនួន​១០​ឆ្នាំ​។ ម្យ៉ាងវិញទៀត តៃវ៉ាន់ បា​នស​ម្រ​ច​អនុវត្ត​ឡើងវិញ​នូវ​ទោស​ប្រហារជីវិត​កាលពី​ឆ្នាំ​២០១០ ក្រោយពី​ផ្អាក​រយៈពេល​៥​ឆ្នាំ ទោះបីជា​មានការ​ស្នើ​ពី​ក្រុម​សិទ្ធិមនុស្ស​ទាំង​ក្នុងស្រុក និង​បរទេស​ឲ្យ​លុបចោល​ក៏ដោយ​ក្តី​។  
 
​ការស្ទង់មតិ​មួយចំនួន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បង្ហាញថា ប្រជាជន​តៃវ៉ាន់​ភាគច្រើន​គាំទ្រ​ឲ្យ​រក្សាទុក​ទោស​ប្រហារជីវិត​។ ទោស​ប្រហារ​នេះ ក៏​ត្រូវបាន​អនុវត្ត​ផងដែរ​កាលពី​ថ្មីៗ​នេះ​។ ជាក់ស្តែង អាជ្ញាធរ​តៃវ៉ាន់ បាន​ដាក់ទោស​ប្រហារជីវិត​លើ​បុរស​ម្នាក់ ដែល​បានសម្លាប់​អតីត​ប្រពន្ធ និង​កូនស្រី​របស់ខ្លួន​កាល​លពី​ខែកញ្ញា​ឆ្នាំ​២០១៨​។ ហើយ​ការដាក់​ប្រហារជីវិត​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អាណត្តិ​របស់​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen ដែល​ចូលកាន់​អំណាច​កាលពី​ឆ្នាំ​២០១៦​មក​៕ 
 

Tag:
 តៃវ៉ាន់​
  ចរាចរណ៍​
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com