ជាតិ
សិស្ស​ជាង​៣​ពាន់​នាក់​បាន​សិក្សា​នៅ​«​សា​សា​រៀន​ជំនាន់​ថ្មី​» ក្នុង​ឆ្នាំ​២០១៨-២០១៩
29, Mar 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​ចំនួន​៣,១៣៧​នាក់ បាន​សិក្សា​ក្នុង​សាលារៀន​ជំនាន់​ថ្មី​ទាំង​៧​កន្លែង នៅ​កម្ពុជា​។ ចំនួន​នេះ​បាន​កើនឡើង​ជិត​៩០០​នាក់ បើ​ធៀប​ទៅនឹង​សិក្សា​ឆ្នាំ​២០១៧-២០១៨​។ សាលារៀន​ជំនាន់​ថ្មី ជា​សាលា​ដែល​បាន​អនុវត្តន៍​កម្មវិធីសិក្សា​តាមបែប​សិស្ស​ចល័ត​ទៅតាម​បន្ទប់​មុខវិជ្ជា​នីមួយៗ ដែលមាន​បន្ទប់ពិសោធន៍ បន្ទប់​កុំព្យូទ័រ បណ្ណាល័យ​សតវត្ស​ទី​២១ ដោយ​ផ្តោត​សំខាន់​លើ​មុខ​វិ​ជា្ជ​វិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម និង​គណិតវិទ្យា​(STEM)​។

 
​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រសួង​អប់រំ​ក្នុងទិសដៅ​សិក្សា​ឆ្នាំ​២០១៨-២០១៩ សាលារៀន​ទាំង​៧​កន្លែង​នោះ​មាននៅ​រាជធានី​ភ្នំពេញ​៣​កន្លែង គឺ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​, វិទ្យាល័យ​ព្រះ​យុគន្ធរ និង​វិទ្យាល័យ ហ៊ុនសែន ព្រែកលៀប​។  មាន​២​កន្លែង​នៅ​ខេត្តកំពង់ចាម គឺ​វិទ្យាល័យ ហ៊ុនសែន កំពង់ចាម​, វិទ្យាល័យ ហ៊ុន សែន ពាមជីកង​។ វិទ្យាល័យ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ព្រែក​អញ្ចាញ ខេត្តកណ្តាល និង​អនុវិទ្យាល័យ គោក​ព្រីង ខេត្តស្វាយរៀង​។ 
 
​សាលារៀន​ជំនាន់​ថ្មី ត្រូវបាន​ក្រសួង​ជ្រើសរើស​ជា​សាលា​អនុវត្ត សម្រាប់​បណ្តុះបណ្តាល​គ្រូ កែលម្អ​វិធីសាស្ត្រ​បង្រៀន ការពង្រឹង​ការគ្រប់គ្រង​សាលារៀន និង​ជា​សាលារៀន​គំរូ សម្រាប់​គ្រឹះស្ថានសិក្សា​ផ្សេងៗ​ទៀត​រៀនសូត្រ​តាម​គោលដៅ​អប់រំ​សិស្សានុសិស្ស​ឱ្យមាន​វិជ្ជា​សម្បទា បំ​ណិ​ន​សម្បទា ចរិយា​សម្បទា ជា​ពលរដ្ឋ​ល្អ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ក្នុង​សតវត្ស​ទី​២១​។ ជាមួយគ្នានេះ ក្រសួង​អប់រំ​មាន​គោលដៅ​នឹង​បង្កើត​សាលា​គំរូ តាមបែប​សាលារៀន​ជំនាន់​ថ្មី​ឱ្យមាន​១០០​សាលា នាពេលខាងមុខ សម្រាប់ធ្វើ​បំណែក​ចែក​កម្មវិធីសិក្សា ដើម្បី​បំពេញ​គម្លាត​សមត្ថភាព ន​និង​កែលម្អ​វិធីសាស្ត្រ​បង្រៀន​របស់​គ្រូ​៕

Tag:
 អប់រំ​
  សិស្ស​
  សាលារៀន​ជំនាន់​ថ្មី​
© រក្សាសិទ្ធិដោយ thmeythmey.com