អន្តរជាតិ
សភា​អង់គ្លេស បោះឆ្នោត​ប្រឆាំង​កិច្ចព្រមព្រៀង Brexit ជា​លើក​ទី​បី​
30, Mar 2019 , 10:59 am        
រូបភាព
​ការចាកចេញ​របស់​ច​ក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​នៅតែ​រក​ពន្លឺ​មិនទាន់​ឃើញ​នៅឡើយ​។ សភា​អង់គ្លេស នៅ​ថ្ងៃទី​២៩ ខែមីនា បាន​បោះឆ្នោត​ជំទាស់​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប ដែលជា​ការបោះឆ្នោត​ប្រឆាំង​លើក​ទី​បី​ហើយ​លើ​កិច្ចព្រមព្រៀង​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ។ សហភាព​អឺរ៉ុប​ឯណោះ​វិញ កំពុង​ខ្វាយខ្វល់​ខ្លាំង​ពី​រឿងនេះ ហើយ​ត្រៀម​ជួបគ្នា​នៅ​ខែមេសា​ខាងមុខ​ដើម្បី​រក​ផ្លូវ​ចេញ​។​

 
​សភា​អង់គ្លេស នៅតែ​មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ នា​កិច្ចប្រជុំ​វិសាមញ្ញ​ថ្ងៃទី​២៩ ខែមីនា សមាជិកសភា​អង់គ្លេស​ចំនួន​៣៤៤ បាន​បោះឆ្នោត​ប្រឆាំង​កិច្ចព្រមព្រៀង​នេះ ខណៈ​សមាជិក​ចំនួន​២៨៦ ទៀត​គាំទ្រ​។ នេះ​ជា​បរាជ័យ​លើក​ទី​បី​សម្រាប់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ដែល​ប្រឹងប្រែង​ដឹកនាំ​អង់គ្លេស​ឲ្យ​ចាក​ចេញពី​អង់គ្លេស​តាម​សម្រួល តែ​សភា​មិន​យល់​ស្របតាម​ជំហរ​រដ្ឋាភិបាល​ឡើយ​។​
 
​តាមពិតទៅ អង់គ្លេស ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២៩ ខែមីនា​តែម្ដង ដែល​អ្នកគាំទ្រ​ការចាកចេញ​ចាត់ទុកជា​ថ្ងៃ​ឯករាជ្យ​ទៀតផង​។ យ៉ាងណាមិញ ដំណើរការ​នេះ បែរជា​កកស្ទះ​ត្រឹម​ដំណាក់កាល​សភា​ទៅវិញ​។ ម្ដង​ជា​ពីរដង សមាជិកសភា​អង់គ្លេស​រាប់ទាំង​សមាជិកសភា​មកពី​បក្ស​អភិរក្ស​របស់លោក​ស្រី ម៉េ​យ៍ ផង​នោះ តែង​ជំទាស់​សំណើ​របស់​រដ្ឋាភិបាលរ​ហូត​។ ជំទាស់​ចុះឡើង កាលបរិច្ឆេទ​ចាកចេញ​ក៏ត្រូវ​ពន្យារពេល​តែម្ដង​។​
 
​លទ្ធផល​ខាងលើ កំពុង​ធ្វើ​ឲ្យ​លោកស្រី ម៉េ​យ៍ ឈឺក្បាល​ខ្លាំង ព្រោះ​ដល់​ថ្នាក់​ភ្នាល់​តំណែង​នាយករដ្ឋមន្ត្រី​ទៅហើយ ក៏​សភា​មិន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ទៀត​។ ជំហាន​បន្ទាប់ ប្រមុខ​រដ្ឋាភិបាល​អង់​គ្លេ​សរូប​នេះ ត្រូវ​ពន្យល់​សហភាព​អឺរ៉ុប​វិញ​ម្ដង​ពី​អ្វីដែល​អង់គ្លេស​ត្រូវធ្វើ​។ មេដឹកនាំ​អឺរ៉ុប នឹង​ជួបគ្នា​នៅ​ថ្ងៃទី​១០ ខែមេសា តាម​ការកោះអញ្ជើញ​រប​ស់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដូ​ណា​ល់ ទូ​ស ។ អឺរ៉ុប​នឹង​សម្រេច​ថា អង់គ្លេស​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង ឬ​ពន្យារពេល​ចាកចេញ​ទៀត​។​
 
​បារាំង និង​អាល្លឺម៉ង់ បាន​ព្រមាន​ពី​ហានិភ័យ​ដែល​អង់គ្លេស​អាច​ដើរចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ Heiko Maas និយាយថា ពេលវេលា​កាន់តែ​អស់​ដើម្បី​បញ្ចៀស​ការចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង ហើយ​ប្រជាជន​អង់គ្លេស​ត្រូវ​សម្រេចចិត្ត​ឲ្យ​មុន​ថ្ងៃទី​១២ ខែមេសា ពី​អ្វីដែល​ត្រូវធ្វើ​បន្ទាប់​ទៀត​។ ឯ​វិមាន​ប្រធានាធិបតី​បារាំង​ឯណោះ​វិញ ក៏​អះអាងថា លទ្ធភាព​ដែល​សហភាព​អឺរ៉ុប និង​អង់គ្លេស​ចែកផ្លូវ​ទាំង​មិន​ដាច់ស្រេច មាន​កាន់តែ​ខ្ពស់​។​
 
​ភាពមិន​ដាច់ស្រេច​ក្នុង​សភា​អង់គ្លេស ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាជន​អង់គ្លេស និង​ក្រុមហ៊ុន​ជាច្រើន​ផង ខណៈ​តម្លៃ​លុយ​ផោន​បាន​ធ្លាក់ចុះ​ជាថ្មី​។ ខណៈ​រដ្ឋាភិបាល​ទម្លាក់​កំហុស​លើ​សភា​ជុំវិញ​ការជាប់គាំង​នេះ មេបក្ស​ប្រឆាំង Jeremy Corbyn ចោទ​លោកស្រី ម៉េ​យ៍ វិញ​ថា មិន​ព្រម​ផ្លាស់ប្ដូរ​ចំណុច​ដែល​សមាជិកសភា​ជំទាស់​។ លោក Corbyn ថែមទាំង​ជំរុញ​ឲ្យ​លោកស្រី ម៉េ​យ៍ លាលែង​ពី​តំណែង​ទៅ បើ​មិន​ព្រមធ្វើ​តាម​សភា​៕

Tag:
 Brexit
  អឺរ៉ុប​
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com