អ្នកជំនាញ​ប៉ាន់​ស្មានថា «​ស្ពាន​ហាល​អង្គរវត្ត​» អាច​ទ្រទ្រង់បាន​៥០០​ឆ្នាំ​ទៀត ក្រោយ​ជួសជុល​ហើយ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​ប៉ាន់​ស្មានថា «​ស្ពាន​ហាល​អង្គរវត្ត​» អាច​ទ្រទ្រង់បាន​៥០០​ឆ្នាំ​ទៀត ក្រោយ​ជួសជុល​ហើយ​
30, Mar 2019 , 11:59 am        
រូបភាព
​សៀមរាប​៖ ស្ពាន​ហាល​ខាងលិច​ប្រាសាទ​អង្គ​វត្ត (​ស្ពាន​សម្រាប់​ដើរចូល​ប្រាសាទ​) សង់​ឡើង​ពី​ថ្មភក់ និង​ថ្មបាយក្រៀម​ប្រវែង ១៩៧​ម៉ែត្រ​។ ឆ្នាំ​១៩៥៣-៦៦ ក្រុម​អភិរក្ស​ដ្ឋា​ន​អង្គរ និង​សាលា​បារាំង​ចុង​បូព៌ា បាន​ជួសជុល​ខាងត្បូង​ទាំងមូល និង​ចំហៀង​ខាងជើង​ផ្នែក​ខាងកើត​។ ឆ្នាំ​១៩៩៦-២០០៧ សា​លក​វិទ្យាល័យ​សូ​ហ្វី​យ៉ា​របស់​ជប៉ុន និង​អាជ្ញាធរ​អប្សរា បាន​ជួសជុល​ឡើងវិញ នូវ​ចំហៀង​ខាងជើង​ផ្នែក​ខាងកើត​។ ចំណែក​ចំហៀង​ខាងជើង​ផ្នែក​ខាងលិច កំពុង​ជួសជុល ដែល​អាច​នឹង​រួចរាល់​នៅ​ឆ្នាំ​២០២០​។ អ្នកជំនាញការ​ខ្មែរ ជា​អ្នកគ្រប់គ្រង និង​អនុវត្ត​គម្រោង​នេះ ដោយ​ទទួលបាន​ជំនួយ​បច្ចេកទេស​ពី​ភាគី​ជប៉ុន​។​


 
​ស្ពាន​ហាល​ចំហៀង​ខាងជើង​នេះ ក៏មាន​ស្លាកស្នាម​ជួសជុល​របស់​ដូនតា​ខ្មែរ​ជំនាន់​មុន​ផងដែរ​។ អ្នកជំនាញ​អះអាងថា ការជួសជុល​បច្ចុប្បន្ន​នេះ នឹង​រក្សា​ស្លាកស្នាម​ជួសជុល​ចាស់​នោះ ដោយ​ជួសជុល​តែ​ផ្នែក​ពុកផុយ​ប៉ុណ្ណោះ​។​
 
​សូម​ទស្សនា​វី​ឌី​អូ​នៃ​ការពន្យល់​របស់បុរាណ​វិទូ និង​ស្ថាបត្យករ​នៃ​គម្រោង​ជួសជុល​ស្ពាន​ហាល​ចំហៀង​ខាងជើង ខាងក្រោម​នេះ​៖

 
​ការជួសជុល​ស្ពាន​ហាល​ចំហៀង​ខាងជើង​ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ គឺ​អ្នកជំនាញ​មិន​ចាក់​បេតុង អប​នឹង​ជ​ញ្ចាំ​ង​ខាងក្រៅ​ស្ពាន​ហាល ដែល​ធ្វើ​ឲ្យ​បាត់បង់​រូបរាង​ដើម​ទេ​។ តែ​គេ​ចាក់​បេតុង​ក្នុង​សាច់​ស្ពាន​ខាងក្នុង​។ មានន័យថា គេ​បើក​ថ្ម​ស្រទាប់​ខាងលើ​ចេញ រួច​ចូលដល់​ស្រទាប់ដី ដើម្បី​ចាក់​បេតុង ហើយ​ធ្វើយ៉ាងណា​ឲ្យ​ជាប់​នឹង​ជញ្ជាំង ឬ​ចំហៀង​ខាងជើង​នោះ​។ ហើយ​ការជួសជុល​នេះ គឺ​កុំ​ឲ្យ​វា​បាក់​រេល​ដោយ​ប្រការ​ណាមួយ​។ អ្នកជំនាញការ បាន​ប៉ាន់​ស្មានថា​ស្ពាន​ហាល​នេះ​អាច​ទ្រទ្រង់​ដល់​អាយុកាល ៥០០ ទៅ​៦០០​ឆ្នាំ​ទៀត​ឯណោះ​៕ 










 

© រក្សាសិទ្ធិដោយ thmeythmey.com