តើ​ពាក្យ​«​ដុល្លារ​»​មាន​ដើមកំណើត​មកពីណា​?
អន្តរជាតិ
តើ​ពាក្យ​«​ដុល្លារ​»​មាន​ដើមកំណើត​មកពីណា​?
30, Mar 2019 , 2:59 pm        
រូបភាព
​មនុស្ស​រាប់លាន​នាក់​ប្រើប្រាស់​លុយ​ដុល្លារ​ជា​រឿង​រាល់ថ្ងៃ​។ ពាក្យ​ដុល្លារ ត្រូវបាន​ប្រជាជន​ជាច្រើន​ដឹង និង​ស្គាល់​។ វា​ជា​រូបិយប័ណ្ណ​មួយ​ដែល​គេ​ឲ្យ​តម្លៃ និង​មាន​ទំនុកចិត្ត​។ ប៉ុន្តែ​អ្នក​ធ្លាប់មាន​ចម្ងល់​ទេ​ថា​មូលហេតុ​អ្វី​បានជា​គេ​ហៅ​វា​ថា​ដុល្លារ​? តើ​វា​មានកំណើត​មកពី​ប្រទេស​ណា​?

 
​គេហទំព័រ Merriam-webster.com បាន​ពន្យល់​យ៉ាងដូច​ច្នេះ​ថា​«​ដុល្លារ​»​គឺជា​ពាក្យ​ឡាតាំង​មួយ​ដែល​ចាប់កំណើត​ឡើង​តាំងពី​សតវត្ស​ទី​១៦​មក​ម្លេះ នៅ​តំបន់​មួយ​ដែល​សព្វថ្ងៃ​មាន​ទីតាំងនៅ​សាធារណៈរដ្ឋ​ឆែក (Czech Republic) ។ 
 
​កាលពី​ជិត​៣០០​ឆ្នាំមុន មាន​ទីក្រុង​តូច​មួយ​មាន​ឈ្មោះថា Jáchymov ដែល​ក្នុងពេល​បច្ចុប្បន្ន​ស្ថិតក្នុង​តំបន់ Bohemia សាធារណៈរដ្ឋ​ឆែក  ក្នុង​ទ្វីបអឺរ៉ុប​។ ដោយសារ ឆែក​ស្ថិត​នៅជាប់​ប្រទេស​អាល្លឺម៉ង់​ទើប​អាល្លឺម៉ង់​ហៅ Jáchymov ជា​ភាសា​ខ្លួន​ថា Sankt Joachimsthal ដោយ​បក​ប្រែជា​អង់គ្លេស​ថា Dale of Joachim ឬ​ជា​ភាសា​ខ្មែរ​ថា «​ជ្រលង​ភ្នំ Joachim» ។ 
 
 នៅ​ដើម​សតវត្ស​ទី​១៦ តំបន់​មួយ​នេះ​បានចាប់ផ្តើម​មាន​សក្តានុពល​ខាង​រុករក​រ៉ែ​ដែលមាន​តម្លៃ ដែលមាន​ដូចជា មាស និង​ប្រាក់​ជាដើម​ក្នុង​ការផលិត​រូបិយប័ណ្ណ​ជា​ប្រភេទ​សម្រាប់​ប្រើប្រាស់​ក្នុង​ទីផ្សារ​កាលពី​សម័យ​នោះ​។ 
 
​ដោយ​កាក់​ដែល​ផលិត​ក្នុង​តំបន់​នោះ​មាន​គុណភាព និង​ប្រជាប្រិយភាព​ក្នុងការ​ផ្សារ​លក់ដូរ ទើប​គេ​ឲ្យ​ឈ្មោះ​វា​ថា Joachim’s thaler ឬ Joachimstaler ។ Joachim’s thaler ជា​ប្រភេទ​កាក់​ម្យ៉ាង​ក្នុង​ប្រវត្តិសាស្ត្រ​។ ជាច្រើន​ឆ្នាំ​ក្រោយមក ពាក្យ​ដែល​លំបាក​អាន​មួយ​នេះ​ត្រូវបាន​គេ​ហៅ​ឲ្យ​ខ្លី​ថា Thaler ។ ឃើញ​ទេ​? វា​មាន​សំឡេង​ស្រដៀង​នឹង​ពាក្យ​ដុល្លារ​ហើយ​។ បន្ទាប់មកទៀត ពាក្យ​ថា Thaler ក៏បាន​ប្រែក្លាយ​ទៅជា​ពាក្យ Daler ។ 
 
​នៅ​ពាក់កណ្តាល​សតវត្ស​ទី​១៦ ប្រទេស​អង់គ្លេស​បានដាក់​ពាក្យ Daler ទៅក្នុង​វចនានុក្រម​របស់ខ្លួន ដែលជា​ពាក្យ​មួយ​ក្នុងការ​សំដៅ​ទៅលើ​រូបិយប័ណ្ណ​កាក់​នោះ​។ 
 
​ក្រោយ​ពេលដែល​សហរដ្ឋ​អាមេរិក​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស អាមេរិក​បាន​ចាប់យក​ពាក្យ​ថា Dollar (​ស្រដៀង​នឹង Daler) ជា​រូបិយប័ណ្ណ​ផ្លូវការ​របស់ខ្លួន​ក្នុង​ឆ្នាំ​១៧៩២​។ ដោយសារតែ​ទីផ្សារ​ពិភពលោក​បាន​រីកលូតលាស់​ជាប្រចាំ ទើប​ពាក្យ​មួយ​នេះ​សាយភាយ​ទៅកាន់​តំបន់​សេដ្ឋកិច្ច​នានា​ក្នុង​ពិភពលោក​៕
 

Tag:
 ដុល្លារ​
© រក្សាសិទ្ធិដោយ thmeythmey.com