ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កញ្ញា លី ស្រី​ស្រស់​៖​មរណភាព​របស់លោក កែម ឡី ជា​សារ​ជំរុញ​ខ្ញុំ​ឲ្យ​មាន​មនសិកា​ក្នុងការ​វិភាគ​សង្គម
31, Mar 2019 , 2:19 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​ជាង​ពីរ​ឆ្នាំ​ហើយ ដែល​កញ្ញា លី ស្រី​ស្រស់ បាន​ប្រឡូក​ក្នុង​ការងារ​ជា​អ្នកវិភាគ​សង្គម និង​នយោបាយ​។ ការឈាន​ជើង​ចូល​ការងារ​ជា​អ្នកវិភាគ​នេះ គឺ​កញ្ញា ស្រី​ស្រស់ មាន​គោលបំណង​ចង់យក​ចំណេះ​ដឹងខ្លួន ចូលរួម​អភិវឌ្ឍន៍​ប្រទេស តាមរយៈ​ការបញ្ចេញមតិ​បំពេញ​ចំណុច​ខ្វះចន្លោះ​របស់​រដ្ឋាភិបាល​។ ចំណែក​គោលបំណង​ធំ​មួយទៀត គឺ​អ្នកវិភាគ​ស្ត្រី​វ័យក្មេង​រូបនេះ ចង់​បន្ត​ឆន្ទៈ​របស់លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ល្បីល្បាញ​នៅ​កម្ពុជា ដែល​បានទទួល​មរណភាព ដោយសារ​ឃាតករ​បាញ់សម្លាប់ កាលពី​ឆ្នាំ​២០១៦​។​

 
​ខណៈដែល​មនុស្ស​ស្រី​ដទៃ​វេច​ស្ពាយ​ចំណេះ​ដឹងខ្លួន យក​ចូលទៅ​បម្រើ​ការងារ​រដ្ឋ វិស័យ​ឯកជន ឬ​ជា​សហគ្រិន​វ័យក្មេង​នោះ កញ្ញា លី ស្រី​ស្រស់ ដែល​រៀន​ជំនាញ​ច្បាប់ និង​ទំនាក់ទំនង​អន្តរជាតិ​នេះ បែរជា​ឈាន​ជើង​ចូល​ការងារ​ជា​អ្នកវិភាគ​សង្គម និង​នយោបាយ​ទៅវិញ​។​
 
​ក្នុង​កម្មវិធី​តុមូល​ជជែក​ពិភាក្សា​ពី​បញ្ហា​សង្គម និង​នយោបាយ នៅតាម​ស្ថានីយ៍​វិទ្យុ ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន និង​កម្មវិធី​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ពោរពេញ​ទៅដោយ​កាមេរ៉ា និង​ម៉ាស៊ីនថតសំឡេង​នោះ សុទ្ធតែជា​កន្លែង​ដែល​កញ្ញា ស្រី​ស្រស់ បានផ្ដល់​មតិ និង​ដំណោះស្រាយ​លើ​បញ្ហា​នានា នៃ​ការខ្វះចន្លោះ​ក្នុងការ​អភិវឌ្ឍ​សង្គម និង​ប្រទេសជាតិ​។​
 
«​ខ្ញុំ​ចូលចិត្ត​ស្ដាប់​វិទ្យុ និង​តាមដាន​ព័ត៌មាន តាំងពី​ខ្ញុំ​នៅ​រៀន​ថ្នាក់​វិទ្យាល័យ​មកម្ល៉េះ ជាពិសេស​ទាក់ទង​រឿង​នយោបាយ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​មនុស្ស​ចង់ដឹង ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម និង​ជាតិនិយម​ម្នាក់​»​។ នេះ​ជាការ​រៀបរាប់​របស់​ក​ញ្ញា លី ស្រី​ស្រស់ ដែលជា​ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង ។​
 
​មរណភាព​របស់លោក​បណ្ឌិត កែម ឡី ជា​សារ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​កាន់​តែមាន​មនសិកា​ក្នុងការ​វិភាគ​សង្គម​
 
 
​នៅ​ថ្ងៃទី​១០ កក្កដា ឆ្នាំ​២០១៦ សោកនាដកម្ម​មួយ​បានកើត​ឡើង​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​នោះ គឺ​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ល្បីល្បាញ​ម្នាក់​នៅ​កម្ពុជា ដែល​ត្រូវបាន​ឃាតករ​បាញ់សម្លាប់ នៅក្នុង​ស្ដា​ម៉ា​ត​មួយ ជិត​ស្តុ​ប​បូកគោ ។ ការស្លាប់​របស់លោក កែម ឡី បានធ្វើ​ឲ្យ​កញ្ញា លី ស្រី​ស្រស់ ដែល​កំពុង​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ឆ្នាំ​ទី​២ និង​ជា​មនុស្ស​ម្នាក់ ចូលចិត្ត​ស្ដាប់​ការវិភាគ​របស់គាត់​នោះ មានការ​រន្ធត់ចិត្ត និង​សោកស្ដាយ ចំពោះ​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​ម្នាក់នេះ​។   
 
​ការស្លាប់​របស់លោក​ប​ណ្ឌិ​ត កែម ឡី គ្រានោះ វា​អាចជា​សារ​គំរាម​មួយ​នៅក្នុង​បរិបទ​សង្គម ប៉ុន្តែ​វា​បែរជា​ទិដ្ឋភាព​ជំរុញ​ចិត្ត​យុវតី ស្រី​ស្រស់ ឲ្យ​ស្រលាញ់​ការវិភាគ​នេះ​ទៅវិញ​។ ដោយសារ​ភាពក្លាហាន និង​ចង់​បន្ត​ឆន្ទៈ​របស់លោក កែម ឡី ផង​នោះ កញ្ញា ស្រី​ស្រស់ ដែល​វ័យ​ជាង​២០​ឆ្នាំ​រូបនេះ ក៏​សម្រេច​ចូលរួម​ជាមួយ​ក្រុម​អ្នកវិភាគ​វ័យក្មេង ដែលជា​ក្រុមការងារ​ផ្តល់​មតិ និង​ដោះស្រាយ​បញ្ហានា​នា ដែល​បន្សល់ទុក​ពី​លោក កែម ឡី មុន​ទទួលមរណភាព​។​
 
​ជា​កូន​អ្នក​កសិករ​ខេត្តព្រៃវែង ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង​រូបនេះ បាន​និយាយ​ម៉ា​តៗ​យ៉ាង​ដូច្នេះ​ថា​៖«​នៅពេលដែល​យើង​ឃើញ​(​ការស្លាប់​លោក កែម ឡី​) បែបនេះ យើង​គិតថា ជា​សារ​គំរាម​។ ប៉ុន្តែ​ចំពោះ​ខ្ញុំ​គិតថា វា​ជា​ឱកាស​មួយ ដែល​វា​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​មាននូវ​មនសិកា​បន្តទៀត ក្នុងការ​រក្សា និង​បន្ត​នូវ​ឆន្ទៈ​របស់លោក​បណ្ឌិត កែម ឡី​។ បើសិនជា​យុវជន និង​សាធារណៈជន​យល់ថា ការសម្លាប់​គាត់​ធ្វើ​ឲ្យ​យើង​ខ្លាច អ៊ីចឹង​វា​មានន័យថា ការស្លាប់​របស់គាត់​វា​ហាក់ដូចជា​គ្មាន​ន័យ​…​។ អ៊ីចឹង​ក្រោយពី​នោះមក ខ្ញុំ​ក៏បាន​ចូល​ក្រុម ហើយ​ខ្ញុំ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការជជែក​ពិភាក្សា តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ទៅតាម​ចំណេះដឹង​របស់​យើង ជាមួយ​អង្គការ​សង្គម​ស៊ីវិល​។ ដូច្នេះ​អ្វីដែល​យើង​បានធ្វើ​គឺជា​ជំហាន ដែល​យើង​អាច​រក្សាបាន​នូវ​គុណ​តម្លៃ​របស់លោក​បណ្ឌិត ឬក៏​ការលះបង់​របស់លោក​ប​ណ្ឌិ​ត ដែល​បានធ្វើ​កន្លងមក​»​។​
 
​ដ្បិត​មិនបាន​ទទួល​ការបណ្ដុះបណ្ដាល​ពី​លោក កែម ឡី លើ​ផ្នែក​វិភាគ​នេះ​ដោយផ្ទាល់​ក្តី ប៉ុន្តែ​កូន​អ្នក​ខេត្តព្រៃវែង​រូបនេះ តែងតែ​យក​គំរូ​ភាព និង​ទស្សនទាន​របស់​អ្នកវិភាគ​ល្បី​រូបនេះ​ជា​មូលដ្ឋានគ្រឹះ សម្រាប់​ប្រើប្រាស់​ក្នុងការ​វិភាគ​លើ​បញ្ហា​អ្វីមួយ​។​
 
​ការវិភាគ​ដោយ​ប្រើ​ពាក្យសម្ដី​ប្រុងប្រយ័ត្ន និង​មាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់ ជា​អ្វីដែល​ខ្ញុំ​បាន​អនុវត្ត 

 
​រាល់​ការវិភាគ វា​រមែង​តែងតែមាន​ត្រូវ និង​មាន​ខុស​។ ហើយ​វា​គ្រាន់តែ​ជា​ផ្លូវ​គំនិត​មួយ សម្រាប់​យកទៅ​ពិចារណា​លើ​ចំណុច​ខ្វះខាត​ប៉ុណ្ណោះ​។ កញ្ញា ស្រី​ស្រស់ ដែល​យល់​ពី​ចំណុច​ទាំងនេះ ទទួលស្គាល់ថា ការវិភាគ​របស់ខ្លួន ក៏​អាច​នៅមានកម្រិត​ដែរ ប៉ុន្តែ​វា​គឺជា​ផ្នែក​មួយ ក្នុងការ​ចូលរួម​ជជែក​ពិភាក្សា ដើម្បី​វែកញែក​បំពេញ​នូវ​ចំណុច​ខ្វះចន្លោះ​ក្នុងសង្គម​។​
 
​ដ្បិត​ដឹងថា​សមត្ថភាព​ខ្លួន​នៅមានកម្រិត​ក្តី តែ​អ្នកវិភាគ​វ័យ​២៣​ឆ្នាំ​រូបនេះ តែងតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការប្រើប្រាស់​ពាក្យសម្តី ការបកស្រាយ​ដោយមាន​ទឡ្ហីករណ៍ និង​មូលដ្ឋាន​ច្បាស់លាស់​មួយ ដើម្បី​គេចចេញ​ពី​បញ្ហា​ក្តីក្តាំ​នៃ​ផ្លូវច្បាប់​។​
 
​កញ្ញា ស្រី​ស្រស់ ដែល​ធ្លាប់​ឭ​ពាក្យរិះគន់​មក​ក្រុមអ្នកវិភាគ​វ័យក្មេង​នេះ បាន​និយាយ​ដូច្នេះ​ថា​៖« «​នៅពេល​គេ​សួរ​យើង​ភ្លាមៗ យើង​អាច​ជួប​បញ្ហា​ពីរ​។ ទី​១ ពាក្យសម្តី​នៃ​ការប្រើប្រាស់​របស់​យើង ត្រូវ​ប្រុងប្រយ័ត្ន​មែនទែន ដោយសារ​ខុស​តែមួយ​ម៉ា​ត ក៏​យើង​អាច​ត្រូវបាន​គេ​ចោទប្រកាន់​ដែរ​។ ចំណុច​ទី​២ ការគិត​ឲ្យ​លឿន ថា​តើ​យើង​សន្និដ្ឋាន​បែបនេះ យើង​មាន​មូលដ្ឋានគ្រឹះ​អ្វីខ្លះ​មក​គាំទ្រ​។ អ៊ីចឹង​យើង​ត្រូវជា​មនុស្ស​គិត​លឿន មាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់ ដូចជា​ផ្នែក​ច្បាប់ ឬ​ផ្នែក​ណាមួយ​ជាក់លាក់ វា​គឺជា​ចំណុច​មួយ​សំខាន់​»​។​
 
 
​មែនទែនទៅ យុវតី​រូបនេះ ក៏​ធ្លាប់​បដិសេធ​ការឆ្លើយ​សំនួរ​ពី​អ្នកព័ត៌មាន ឬ​អ្នក​ដែល​ចង់ដឹង​ពី​បញ្ហា​សង្គម​ដែរ​។ រាល់​សំនួរ ដែល​លើសពី​សមត្ថភាព ឬ​ខុសពី​ជំនាញ​របស់ខ្លួន គឺ​កញ្ញា ស្រី​ស្រស់ តែងតែ​ស្នើ​ឲ្យ​អ្នក​សួរ​នោះ បង្វែ​ចំណោទបញ្ហា ទៅកាន់​អ្នក​ដែលមាន​ជំនាញ​ច្បាស់​ជាង​ខ្លួន​បកស្រាយ​វិញ​។ វា​មិនមែន​ជាការ​គេចវេស​ពី​ការបកស្រាយ​ទេ ប៉ុន្តែ​កញ្ញា ស្រី​ស្រស់ គ្រាន់តែ​មិន​ចង់​បកស្រាយ​អ្វី ដែល​ខ្លួន​យល់​មិន​ច្បាស់​ទៅកាន់​អ្នកដទៃ​ឡើយ​។​
 
​បើតាម​អ្នកវិភាគ​រូបនេះ ការលើកឡើង​របស់ខ្លួន​កន្លងមក គឺ​ពឹង​ផ្អែកទៅលើ​របាយការណ៍ ព័ត៌មាន និង​ទិន្នន័យ​ពាក់ព័ន្ធ​ផ្សេងៗ ដែល​ខ្លួន​ធ្លាប់បាន​អាន និង​សិក្សា​សម្រាប់​យក​ជា​ចំណេះដឹង​ក្នុងការ​វិភា​គនេះ​។ 
 
​លោកស្រី អង់ សាន​ស៊ូ​ជី ជា​ស្ត្រី​គំរូ​ម្នាក់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​ស្ត្រី​ក្លាហាន​នៅក្នុង​សង្គម​កម្ពុជា
 
 
​ជា​កូនពៅ​ក្នុង​គ្រួសារ​កសិករ នៃ​ខេត្តព្រៃវែង យុវតី ស្រី​ស្រស់ បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​មេសាង នៅ​ឆ្នាំ​២០១៣ មុននឹង​ជាប់​អាហារូបករណ៍​ជា​បន្តបន្ទាប់ ហើយ​សិក្សា​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​កម្ពុជា និង​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​វិទ្យាស្ថាន​ភាសាបរទេស (IFL) នៅ​ឆ្នាំ​២០១៥​។ ដោយសារតែ​ចិត្ត​ចង់​ដោះស្រាយ​បញ្ហា និង​ចូលចិត្ត​តាមដាន​ស្ថានការណ៍​សង្គម តាមរយៈ​ការ​ស្ដាប់​ព័ត៌មាន និង​មតិយោបល់​ពី​វាគ្មិន​ល្បី​មួយចំនួន​ផង​នោះ វា​គឺជា​ទុន​មួយ​សម្រាប់ ស្រី​ស្រស់ ក្នុងការ​បោះជំហាន​ប្រឡូក​ចូលក្នុង​កិច្ចការ​វិភាគ​សង្គម​។​
 
​តាមរយៈ​ការវិភាគ​នេះ កញ្ញា ស្រី​ស្រស់ តែងតែ​មានកូន​ចិត្ត​ចង់ឃើញ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន លើ​បញ្ហា​សង្គម​។ នៅពេល​សួរថា ហេតុអ្វី​កញ្ញា មិន​ព្រម​យកចំណេះ​ដឹងខ្លួន​ទៅធ្វើ​ការងារ​ដទៃ តែ​បែ​ជា​មក​ធ្វើ​អ្នកវិភាគ​ទៅវិញ​? ឆ្លើយតប​ទាំង​ទឹកមុខ​មុតមាំ យុវតី​វ័យ​ជាង​២០​ឆ្នាំ​រូបនេះ បាន​អះអាងថា ខ្លួន​ជាម​នុស្ស​ដែលមាន​មនសិកា​ស្នេហា​ជាតិ និង​ជាតិនិយម ដូច្នេះ​ប្រហែល​អត្តចរិត​នាង​ខុសពី​មនុស្ស​ស្រី​ដទៃ ដែល​មិន​ចង់​ប្រឈមមុខ​នឹង​បញ្ហា ដោយសារ​ការបញ្ចេញមតិ​រិះគន់ ឬ​ផ្ដល់យោបល់​ឡើយ​។ និយាយ​បែបនេះ មិនមែន​មានន័យថា សង្គម​កម្ពុជា គ្មាន​ស្ត្រី​ហ៊ាន​ចេញមុខ​តវ៉ា​រិះគន់​លើ​បញ្ហា​សង្គម​នោះទេ ។​ពោលគឺ​មាន​ដែរ​ ស្ត្រី​ដែល​តស៊ូ​មតិ​នៅតាម​អង្គការ​សង្គម​ស៊ីវិល និង​ខាង​នយោបាយ ប៉ុន្តែ​នៅមានកម្រិត​ប៉ុណ្ណោះ​។​
 
​ក្នុងន័យនេះ​កញ្ញា ស្រី​ស្រស់ ដែល​ចាត់ទុក​លោកស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាម៉ា​បច្ចុប្បន្ន គឺជា​ស្ត្រី​គំរូ​ម្នាក់​នៅក្នុង​ចិត្ត​ខ្លួន​នោះ​(​គណបក្ស​សម្ព័ន្ធ​ភាពជា​តិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី ស៊ូ​ជី បានឈ្នះ​ឆ្នោត​ភ្លូកទឹកភ្លូកដី កាលពី​ឆ្នាំ​២០១៥ ក្រោយ​តស៊ូ​រយៈពេល​ជាង​២​ទសវត្ស​) បាន​ជំរុញ​ឲ្យ​ស្ត្រី​ដែល​ចង់យក​ចំណេះដឹង មក​ពិភាក្សា ឬ​វិភាគ​វែកញែក ចូលរួម​សកម្មភាព​សង្គម​ឲ្យ​បាន​ច្រើន ដើម្បី​លើកកម្ពស់​ដល់​សមត្ថភាព​ស្ត្រី​ដូចគ្នា​។ ប៉ុន្តែ​ដើម្បី​មាន​ភាពក្លាហាន​ក្នុងការ​បញ្ចេញ​មតិយោបល់​នេះ កញ្ញា ស្រី​ស្រស់ ស្នើ​ស្ត្រី​ទាំងអស់​មើល​គំរូ​ភាព​របស់​ស្ត្រី​ជោគជ័យ ដើម្បី​ជម្នះ​ភាពភ័យខ្លាច​របស់ខ្លួន​។​
 
«​ភាព​គំរូ​(​ស្ត្រី​ជោគជ័យ​)​គឺជា​កត្តា​មួយ​សំខាន់ ដែល​ជំរុញ​ឲ្យ​ស្ត្រី​ក្នុងសង្គម គាត់​អាចមាន​លទ្ធភាព​កសាង​ទំនុកចិត្ត​ខ្លួនឯង​។ ហើយ​គាត់​មាន​បុគ្គល​មួយ ដែលជា​គំរូ​របស់គាត់​ហើយ​ខ្ញុំ​គិតថា គំនិត​នៅក្នុង​ការ​តតាំង​សមភាព​រវាង​ស្ត្រី និង​បុរស នឹងមាន​ប្រសិទ្ធភាព ជាង​យើង​គ្រាន់តែ​ប្រើ​ទ្រឹស្តី​បង្រៀន​គាត់​ឲ្យ​ក្លាហាន​…​។​អ៊ីចឹង​ខ្ញុំ គិតថា លោកស្រី អ៊ុង សាន​ស៊ូ​ជី គឺជា​គំរូ​ភាព​សម្រាប់​ខ្ញុំ​កន្លងមក នៅក្នុង​ទសវត្ស​សម័យថ្មី​នេះ ដែល​អាចធ្វើ​ឲ្យ​ខ្ញុំ​មាន​សមត្ថភាព និង​សេចក្តីក្លាហាន​គ្រប់គ្រាន់​នៅក្នុង​ការចូលរួម​ប្រឡូក​លើ​ការពិភាក្សា​ពី​បញ្ហា​សង្គម​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​ក្រុម​វិភាគ​វ័យក្មេង ៕
 

Tag:
 លី ស្រី​ស្រស់​
  វិភាគ​
  កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com