ជាតិ
អ្នកជំនាញ​៖ ក្បូរ​ក្បាច់លម្អ​ស្ថាបត្យកម្ម​ខ្មែរ ច្នៃ​ចេញពី​ធម្មជាតិ​ជុំវិញ​
31, Mar 2019 , 4:19 pm        
រូបភាព
​ភ្នំពេញ​៖ ខ្មែរ​បាន​យក​ទស្សន​គំនិត​ចេញពី​ធម្មជាតិ​ដែល​នៅ​ជុំវិញខ្លួន មក​ច្នៃ​ជា​គ្រឿង​លម្អ​ស្ថាបត្យកម្ម​ប្រកបដោយ​ក្បូរ​ក្បាច់រចនា ផ្កា​ភ្ញី យ៉ាង​ល្អ​វិចិត្រ​។ តាម​ការស្រាវជ្រាវ​សន្និដ្ឋានថា គ្រឿង​លម្អ​ស្ថាន​ប​ត្យ​កម្ម​ខ្មែរ​មាន​អាយុកាល​មិនតិចជាង ១,៥០០​ឆ្នាំ​ឡើយ​។ នេះ​បើតាម​បាឋកថា​ស្ដីពី គ្រឿង​លម្អ​ស្ថាបត្យកម្ម​ខ្មែរ ដែល​ធ្វើ​បទ​បង្ហាញ​ដោយ​លោក លី រស្មី អគ្គលេខាធិការ​ង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា នៃ​គណៈ​ស្ថាបត្យករ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​។​


 
​លោក លី រស្មី អគ្គលេខាធិការ​ង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា នៃ​គណៈ​ស្ថាបត្យករ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​លើកឡើងថា បាឋកថា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ចង់ឱ្យមាន​ការសិក្សា​ស្វែងយល់​ពី​ទស្សន​គំនិត​ក្នុង​ការគូសវាស​គ្រឿង​លម្អ​ស្ថាបត្យកម្ម​ខ្មែរ​។ គ្រឿង​លម្អ​ស្ថាបត្យកម្ម​ខ្មែរ​មាន​ច្រើន និង​មាន​ក្បូរក្បាច់​រចនា​ល្អ​វិចិត្រ​ប្លែកៗ​គ្នា ដែល​ច្នៃ​ចេញពី​ធម្មជាតិ​នៅ​ជុំវិញខ្លួន​។​
 
​លោក លី រស្មី បាន​មើលឃើញថា​នៅពេល​បច្ចុប្បន្ន សំណង់​ស្ថាបត្យកម្ម​ខ្មែរ​កំពុងស្ថិត​ក្នុងស្ថានភាព​គួរឱ្យ​ព្រួយបារម្ភ ព្រោះ​សំណង់​អគារ​ដែល​ធ្វើ​ក្រោយៗ មិនបាន​យកចិត្តទុកដាក់​ពី​ក្បួនខ្នាត​រចនាបថ​ពី​បុរាណ​។ លោក លី រស្មី បញ្ជាក់ ៖«​សំណង់​ស្ថាបត្យកម្ម​នាពេល​បច្ចុប្បន្ន​គួរឱ្យ​ព្រួយ​បារ​ម្មណ៍ ព្រោះ​គេ​ធ្វើ​បែប​ទំនើប​ច្រើន​។ បើ​គេ​ធ្វើ​បែប​បុរាណ ក៏​មិន​ធ្វើតាម​ក្បួនខ្នាត​បុរាណ​ឱ្យ​ច្បាស់លាស់​ដែរ​។ គេ​មិនបាន​សិក្សា​ពី​ក្បាច់រចនា ឬ​របស់​ចាស់ៗ ដូច្នេះ​ខ្វះ​សោភ័ណភាព និង​ខ្វះចន្លោះ​ច្រើន​»​។ 


 
​ធម្មជាតិ​នៅ​ជុំវិញខ្លួន ច្នៃ​ជា​គ្រឿង​លម្អ​ស្ថាបត្យកម្ម​ប្រកបដោយ​ក្បូរ​ក្បាច់រចនា ផ្កា​ភ្ញី យ៉ាង​ល្អ​វិចិត្រ ដែល​ខ្មែរ​បុរាណ​សំដៅ​ដល់​នោះ​គឺ​ទាំង​សត្វ​និង​រុក្ខជាតិ​។ ធម្មជាតិ​ទាំងនោះ​បាន​ច្នៃ​ចេញ​ជា​ក្បាច់​ហៀន ក្បាច់​កន្ទុយ​កំប្រុក ក្បាច់​ភ្ញីវល្លិ ភ្ញីទេស ភ្ញី​ទឹក ភ្ញីភ្លើង ពេជ្រ​ទ្រូង​មាន់ បាំងសាច ទ្រនាប់​ខ្សាច់ ទ្រនុង​នាគ ឬ​ប៉ៃ​រកា ត្របកឈូក តួ​កណ្ដឹង តួ​ឈូក​ទ្រ​អង្គ និង​ក​ន្យោ​ម​តាឱ​ជាដើម​។ 


 
​ការដាក់​ឈ្មោះ​គ្រឿង​លម្អ​ស្ថាបត្យកម្ម​ដោយ​ផ្អែកលើ​កត្តា​ធំ​២​គឺ ទី​១ ទស្សន​លោកធាតុ​វិទ្យា និង​ទី​២ ទស្សន​ធម្មជាតិនិយម ដែល​សិល្បករ​បាន​ច្នៃ​សត្វ​ទេព​របៀប​លោកធាតុ និង​ធម្មជាតិ នៅ​ជុំវិញខ្លួន​ឱ្យ​ក្លាយជា​វណ្ណ​កម្ម​សិល្បៈ​យ៉ាង​ល្អ​វិចិត្រ​៕ 
 

Tag:
 ស្ថាបត្យកម្ម​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com