ជាតិ
សម្តេច ហ៊ុន សែន ហៅលោក លឺ ឡាយស្រេង ចូលស្រុកវិញ
01, Apr 2019 , 8:58 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នៅ​ថ្ងៃទី​១ មេសា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ហៅ​លោក លឺ ឡាយស្រេង អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ចូល​ប្រទេស​កម្ពុជា​វិញ​។ ការប្រកាស​ហៅ​នេះ ធ្វើឡើង​បន្ទាប់ពី​សម្ដេច ហ៊ុន សែន បានឃើញ​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ អំពី​អតីតមន្ត្រី​ជាន់ខ្ពស់​រូប​នេះ ដែល​អះអាងថា ខ្លួន​ចង់​ចូល​ស្រុក​វិញ ប៉ុន្តែ​ភ័យខ្លាច​អាជ្ញាធរ​ចាប់ខ្លួន​។​

 
​ថ្លែង​ចំពោះមុខ​និស្សិត​ជាង​៣​ពាន់​នាក់ និង​មន្ត្រី​រដ្ឋាភិបាល​ផង​នោះ សម្ដេច ហ៊ុន សែន បានប្រកាសថា អាជ្ញាធរ​កម្ពុជា មិនមែន​គម្រោង​ចាប់ខ្លួន លោក លឺ ឡាយស្រេង ដូច​ការលើកឡើង​រប​ស់​គាត់​ឡើយ​។ ហើយសម្តេចមិនមានរារាំងបំណង​ចូល​កាន់កម្ពុជា​វិញរបស់​លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីកូតា គណបក្សហ៊្វុនស៊ិនប៉ិចនោះដែរ។

ក្រៅពី​ប្រកាស​ហៅ​នេះ សម្ដេច ហ៊ុន សែន បែរជា​ចាត់ទុក​សម្តី​លោក លឺ ឡាយស្រេង ជាការ​ចោទប្រកាន់​មកលើ​រដ្ឋាភិបាល​ទៅវិញ​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន បាន​និយាយថា សម្តី​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ មាន​គោលបំណង​ចង់​បំភាន់​មតិសាធារណ​ជាតិ និង​អន្តរជាតិ ឲ្យ​មើល​មក​រដ្ឋាភិបាល​អាក្រក់​ប៉​ណ្ណោះ​។ ជាមួយគ្នានេះសម្តេច រិះគន់វិញថា លោក លឺ ឡាយស្រេង មិនគួរតាំងខ្លួនជាព្រឹទ្ធាចារ្យនយោបាយនោះទេ។

© រក្សាសិទ្ធិដោយ thmeythmey.com