ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារល្អបំផុតសម្រាប់ការពារស្បែកក្នុងខែចែត្រនេះ
× ខែចែត្រឬរដូវក្តៅកំពុងតែកើតឡើងហើយក្នុងស្រុកយើង ហើយវាក៏ជាពេលវេលាដ៏ល្អបំផុតដើម្បីទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យដែរ។ ប៉ុន្តែករណីដែលអ្នកចំណាយពេលយូរនៅខាងក្រៅបែបនេះ វាអាចធ្វើឲ្យស្បែកអ្នកងាយនឹងរលាកបាន។
មែនហើយ ករណីបែបនេះ អ្នកត្រូវតែលាបឡេការពារកម្តៅព្រះអាទិត្យ ប៉ុន្តែអ្នកក៏ត្រូវពិចារណាទៅលើអាហារមួយចំនួនដែលត្រូវញ៉ាំឲ្យបានច្រើនដើម្បីថែរក្សាស្បែកក្នុងខែចែត្រនេះដែរដូចជា៖
ការ៉ុត
បន្លែពណ៌ទឹកក្រូចមួយនេះច្រើនតែត្រូវបានគេស្គាល់ច្បាស់ថាល្អចំពោះសុខភាពភ្នែក តែវាក៏ជួយដល់សុខភាពស្បែកបានដែរ។ នេះដោយសារតែវាមានសារធាតុ Beta-carotene ដែលអាចបន្ថយការខូចខាតបណ្តាលមកពីរ៉ាឌីកាលសេរីបាន។ នៅពេលផ្សំគ្នាជាមួយវីតាមីន E ទៀត ស្បែកអ្នកនឹងទទួលបានការការពារគ្រប់គ្រាន់ពីពន្លឺព្រះអាទិត្យហើយ។
ផ្លែបឺរីពណ៌ខៀវ
ផ្លែបឺរីប្រភេទនេះថ្វីត្បិតតែមិនសូវមានក្នុងស្រុកយើង តែវាមានប្រយោជន៍ក្នុងការថែរក្សាស្បែកក្នុងរដូវក្តៅណាស់ ដោយសារតែសម្បូរអង់ទីអុកស៊ីដង់។ អង់ទីអុកស៊ីដង់នេះនឹងទប់ស្កាត់រ៉ាឌីកាលសេរីដែលធ្វើឲ្យស្បែកស្ងួត និងខូចបាន។
ផ្លែអាលម៉ុន
វីតាមីន E ក្នុងផ្លែអាលម៉ុននឹងជួយជួសជុលដល់ស្បែកដែលខូចខាត និងការពារស្បែកពីកាំរស្មីយូវីរបស់ពន្លឺព្រះអាទិត្យបានទៀត។ បើយើងធ្វើការប្រៀបធៀបរវាងអ្នកមិនបានញ៉ាំផ្លែអាលម៉ុនហើយប៉ះពាល់នឹងពន្លឺព្រះអាទិត្យ អ្នកដែលញ៉ាំមិនសូវជាមានការខូចខាតស្បែកឡើយ។
ផ្លែឪឡឹក
ផ្លែឪឡឹកមានសារធាតុ Lycopene ដែលអាចជួយបឺតស្រូវកាំរស្មីយូវី A និង B របស់ពន្លឺព្រះអាទិត្យ ប៉ុន្តែអ្នកត្រូវតែចាប់ផ្តើមញ៉ាំផ្លែឈើនេះឲ្យបានច្រើនសិនមុននឹងមានគម្រោងទៅដើរលេងនៅឆ្នេរសមុទ្រ។ ដូច្នេះហើយទើបផ្លែឪឡឹកអាចជួយស្បែកអ្នកបានគ្រប់គ្រាន់។
បន្លែពណ៌បៃតង
បើសិនជាអ្នកចង់ថែរក្សាស្បែកក្នុងរដូវក្តៅ ចូរចាប់ផ្តើមញ៉ាំបន្លែពណ៌បៃតងដូចជា សាឡាត ឬត្រកួន ជាដើម ដោយសារតែវាសម្បូរអង់ទីអុកស៊ីដង់ Zeaxanthin ព្រមទាំង Lutein។ ជីវជាតិទាំងនេះអាចបន្ថយការលូតលាស់កោសិកាដែលធ្វើឲ្យស្បែកខ្មៅបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com