អន្តរជាតិ
លោក Erdogan ប្រឈមមុខ​នឹង​ការ​ប្រជែង​ក្នុងការ​បោះឆ្នោត​ដ៏​សំខាន់​ក្នុងប្រទេស​តួ​ក​គី​
01, Apr 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ការបោះឆ្នោត​ក្នុងប្រទេស​តួ​ក​គី​បាន​បិទ​បញ្ចប់​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃអាទិត្យ ដែល​នេះ​ជាការ​បោះឆ្នោត​មួយ​រំពឹងថា​មានការ​ប្រជែង​ដ៏​ស្វិតស្វាញ​បំផុត​ដែល​លោក ប្រធានាធិបតី Recep Tayyip Erdogan ហើយ​នឹងមាន​ហានិភ័យ​ក្នុង​ការដណ្តើម​ការគ្រប់គ្រង​រដ្ឋធានី អង់កា​រ៉ា និង​ទីក្រុង អ៊ី​ស្តង់​ប៊ុល (Istanbul)​។

 
​ប្រទេស តួ​ក​គី​មាន​បញ្ហា​ធ្លាក់ចុះ​សេដ្ឋកិច្ច និង​មាន​កំណើន​អតិផរណា ដែល​បញ្ហា​សេដ្ឋកិច្ច​ទាំងនេះ​គឺជា​រឿង​សំខាន់បំផុត និង​ជា​រឿង​ដំបូង ដែល​ស្ថិតនៅក្នុង​គំនិត​របស់​ក្រុម​អ្នកបោះឆ្នោត​។ លោក Erdem ជា​វិស្វករ​បាន​ថ្លែង​មុនពេល​បោះឆ្នោត​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ថា​៖
 
«​សេដ្ឋកិច្ច​ប្រទេស​យើង​ចេះតែ​អន់ថយ​ទៅ​ពីព្រោះ​ការគ្រប់គ្រង​ដ៏​អាក្រក់​របស់​រដ្ឋាភិបាល​។ មិត្តភក្តិ​របស់​យើង​ភាគច្រើន​កំពុង​រក​ការងារ​ធ្វើ ហើយ​មិត្តភក្តិ​ខ្លះ​បាត់បង់​ការងារ​ពីព្រោះ​វិបត្តិ​សេដ្ឋ​កិ​ច្ច‍​»​។​
 
​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​គឺជា​ទីក្រុង​សេដ្ឋកិច្ច​ដ៏​ធំជាងគេ​របស់​ប្រទេស​តួ​ក​គី​។ បើតាម​ការស្ទង់មតិ​នានា​បាន​បង្ហាញថា ការបោះឆ្នោត​មានការ​ប្រកៀក​ប្រកិត​គ្នា​។ គណបក្ស AK របស់លោក Erdogan បាន​គ្រប់គ្រង​ទីក្រុង​នេះ​ជាង​១៥​ឆ្នាំ​មកហើយ​។​
 
​អ្នកបោះឆ្នោត​ម្នាក់ទៀត​ឈ្មោះ Sinan ដែលជា​អ្នកគាំទ្រ​គណបក្ស AK បាន​ថ្លែងថា​៖ «​ក្តីសង្ឃឹម​របស់ខ្ញុំ​គឺ​នៅ​ទីនោះ ដែល​នឹងមាន​លទ្ធផល​ល្អ​ចេញពី​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។ យើង​នឹង​ទទួលបាន​ជ័យជម្នះ​ដែលមាន​គម្លាត​ធ‍ំ​»​។​
 
​តែ​ក្រុម​អ្នកបោះឆ្នោត​នៅ​អង់កា​រ៉ា​វិញ ដូចជា Orhan Kurubacak និង Hakan Akyürek បាន​ត្អូញត្អែរ​អំពី​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច ដូចជា​ពលរដ្ឋ​អត់​ការងារ​ធ្វើ និង​បញ្ហា​សេដ្ឋកិច្ច​ជាច្រើន​ទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com