រថយន្ត
អន្តរជាតិ
ក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ ចាប់ផ្តើមហាមឃាត់រថយន្តប្រើម៉ាស៊ូត
× ក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមហាមឃាត់ការចរាចរណ៍រថយន្តប្រើម៉ាស៊ូត ចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នេះ ដើម្បីឆ្លើយតបទៅនឹងបទដ្ឋានប្រឆាំងការបំពុលបរិស្ថាន Euro 4។ បទដ្ឋាននៃការបំភាយឧស្ម័ននៅសហគមន៍អឺរ៉ុប Euro 4 ត្រូវបានអនុម័តតាំងពីដើមខែមករា ឆ្នាំ២០០៦មកម្ល៉េះ ហើយជាមួយគ្នា រថយន្តប្រើម៉ាស៊ូតដែលចេញលក់នៅមុនឆ្នាំ២០១០ សុទ្ធតែស្ថិតក្នុងបញ្ជីហាមប្រាមនៅក្នុងក្រុងអាល្លឺម៉ង់មួយនេះ។
បើតាមការផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ នេះជាដំណឹងល្អសម្រាប់អ្នកស្រឡាញ់បរិស្ថាន ប៉ុន្តែសម្រាប់ពលរដ្ឋមួយចំនួនដែលរស់នៅក្រុង Stuttgart និយមប្រើប្រាស់រថយន្តម៉ាស៊ូត។ បច្ចុប្បន្ន អាជ្ញាធរ លើកទឹកចិត្តប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្សេងដែលមិនមានការបំពុលបរិស្ថាន ហើយក៏មានការស្នើសុំការលើកលែងនៅតំបន់មួយចំនួនផងដែរ។
«ចាប់ពីពេលនេះទៅ នឹងមានការរឹតត្បិតនៅតំបន់បៃតងសម្រាប់រថយន្តចាស់ៗដែលប្រើម៉ាស៊ូត។ សម្រាប់អំឡុងពេលអន្តរកាល ពលរដ្ឋអាចជ្រើសរើសការធ្វើដំណើរតាមមធ្យោបាយផ្សេងទៀត តែក៏អាចលើកលែងសម្រាប់ហេតុផលមួយចំនួនផងដែរ»។ នេះជាការអះអាងរបស់លោក Andreas Schwarz ប្រធានក្រុមសមាជិកសភាបៃតងប្រចាំ Baden-Wurttemberg។
បន្ទាប់ពីការសម្រេចចិត្តហាមប្រាមនេះ ម្ចាស់យានយន្តដែលប្រើប្រាស់រថយន្តបទដ្ឋាន Euro 5 ក៏មានការព្រួយបារម្ភផងដែរ។ ទោះបីជាការហាមឃាត់រថយន្តម៉ាស៊ីនមិនទាន់ត្រូវបានកំហិត១០០ភាគរយក៏ដោយ ប៉ុន្តែអាជ្ញាធរក្រុង Stuttgart នឹងមានការសម្រេចចិត្តផ្លូវការទាក់ទងនឹងករណីនេះ នាពាក់កណ្តាលឆ្នាំ២០១៩ តែម្តង។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាក្រុងប៉ារីស បានបោះឆ្នោតលើសេចក្តីសម្រេចបង្កើតតំបន់បំភាយឧស្ម័នកម្រិតទាប (FZE)។ ក្នុងតំបន់នោះ រថយន្តប្រើម៉ាស៊ូតចន្លោះពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០០ ត្រូវហាមឃាត់ទាំងស្រុង៕
© រក្សាសិទ្ធិដោយ thmeythmey.com