អត្ថបទពាណិជ្ជកម្ម
តោះៗ ទៅលេង​សង្ក្រាន្ត​ខេត្ត​កែប​
01, Apr 2019 , 6:06 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​លោកអ្នក​បានរៀបចំ​ផែនការ​ដើរលេង​កម្សាន្ត​ជុំ​គ្រួសារ​នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ហើយ​ឬ​នៅ​? បើ​លោកអ្នក​មិនទាន់​ដឹងថា​គួរ​ទៅលេង​នៅទីណា​នោះទេ សូម​អញ្ជើញ​ទៅលេង​សង្ក្រាន្ត​ខេត្ត​កែប ជាមួយ​យើង​។ នៅក្នុង​ឆ្នាំ​២០១៩​នេះ ខេត្ត​កែប​នឹង​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កែប​លើក​ទី​១ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៤-១៦ ខែមេសា ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​នេះ​ផ្តួចផ្តើម​ដោយ រដ្ឋបាលខេត្ត​កែប សហការ​ជាមួយ​ក្រុមហ៊ុន A&S Advertising ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បង្កើត​ការជួបជុំ​ប្រមូលផ្តុំ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​។ ព្រឹត្តិការណ៍​ដ៏​រីករាយ​នេះ ក៏​ទទួលបាន​ការឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ស្រា​បៀ​អង្គរ និង​ភេសជ្ជៈ Pepsi ផងដែរ​។​
 
​នេះ​គឺជា​លើកដំបូង​បំផុត ដែល​ខេត្ត​កែប​មាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត ដោយ​នឹង​នាំមក​នូវ​កម្មវិធី​កម្សាន្ត​សប្បាយៗ​យ៉ាងច្រើន ដូចជា​ការលេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ​ដូចជា​បោះអង្គញ់ លាក់កន្សែង ចោល​ឈូង ទាញព្រ័ត្រ ល្បែង​វាយក្អម និង​ការលេង​បាញ់​ទឹក​ផងដែរ​។ ទន្ទឹម​នោះ​បងប្អូន​ប្រជា​ប្រពល​រដ្ឋ នឹង​បាន​រាំលេង​កម្សាន្ត​ជាមួយនឹង​ចង្វាក់​ប្រពៃណី​ខ្មែរ ការ​រាំលេង​កម្សាន្ត​ជាមួយ​DJ និង​បទ​ចម្រៀង​បែប​ពេញនិយម ទស្សនា​ការប្រគំ​តន្ត្រី​ខ្នាត​ធំ ការតាំងពិព័រណ៍​ផលិតផល នៅ​ទីតាំង​សួនច្បារ​ខាងមុខ​សាលាខេត្ត​កែប​ផងដែរ​។ លើសពីនេះ នឹងមាន​ការបាញ់​កាំជ្រួច​នៅពេល​រាត្រី ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​កែប និង​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ កាន់តែ​រំភើប​រីករាយ និង​ទាក់ទាញ​ទៀតផង​។ 
 
​ទន្ទឹមនឹង​ការរៀបចំ​កម្មវិធី​កម្សាន្ត​ដ៏​អនេក​នេះ  រដ្ឋបាលខេត្ត​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​សន្តិសុខ​,​សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ អាជ្ញាធរខេត្ត បាន​ត្រៀម​កងកម្លាំង​ជាច្រើន​នាក់​រួចជាស្រេច ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព និង​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​រយៈពេល​៣​ថ្ងៃនេះ​។ លើសពីនេះ​ទៀត អាជ្ញាធរខេត្ត ក៏បាន​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ ម្ចាស់ផ្ទះ​សំណាក់ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ដទៃទៀត​យកចិត្តទុកដាក់​ផ្តល់​សេវា​ឲ្យ​ល្អ​បំផុត​ជូន​ភ្ញៀវទេសចរ​ផងដែរ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ទាំងមូល​ផងដែរ​។​
 
​ដូច្នេះ​កុំ​ភ្លេច ទៅលេង​សង្ក្រាន្ត​ខេត្ត​កែប​ទាំងអស់គ្នា​ណា​៕



© រក្សាសិទ្ធិដោយ thmeythmey.com