ភ្នំពេញ៖ ភាពខ្វះចន្លោះនៃការអនុវត្តបង់ពន្ធ នៅតែកើតមាន ដែលធ្វើឲ្យកម្ពុជាខាតបង់ចំណូល ដោយសារភាពមិនស្មោះត្រង់នេះ។ សម្រាប់អ្នកវិភាគសេដ្ឋកិច្ច បើអ្នករកស៊ី និងពលរដ្ឋអនុវត្តការបង់ពន្ធត្រឹមត្រូវនោះ កម្ពុជា នឹងកើនចំណូលពន្ធជាង១០ភាគរយបន្ថែមទៀត នៃចំណូលសរុបបច្ចុប្បន្ន ជាង២,១៩៧លានដុល្លារ។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក គី សេរីវឌ្ឍ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភា និងជាអ្នកវិភាគសេដ្ឋកិច្ច៖
លោក រំដួល ចិត្រា៖ នៅថ្ងៃទី១ មេសានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអ្នករកស៊ី ក៏ដូចជាប្រជាពលរដ្ឋ អនុវត្តវប្បធម៌បង់ពន្ធឲ្យបានត្រឹមត្រូវ។ ដោយសារលោក ជាអ្នកជំនាញសេដ្ឋកិច្ចមួយរូប ដូច្នេះខ្ញុំចង់ជម្រាបសួរលោកថា តើការអនុវត្តបង់ពន្ធនៅកម្ពុជាសព្វថ្ងៃនេះ នៅមានចំណុចខ្វះចន្លោះកន្លែងណាខ្លះ ដែលលោកមើលឃើញនោះ?
លោក គី សេរីវឌ្ឍ ៖ ការបង់ពន្ធបច្ចុប្បន្ននេះ ដោយសារតែយើងប្រើតាមប្រព័ន្ធរបបស្វ័យប្រកាស ដែលតម្រូវឲ្យអ្នកបង់ពន្ធហ្នឹង គាត់ទៅប្រកាសបង់ពន្ធដោយខ្លួនឯង។ អ៊ីចឹងឧទាហរណ៍ គាត់បើកអាជីវកម្មមួយ ហើយគាត់គិតថាចំណេញប៉ុន្មាននោះ គាត់ត្រូវទៅបង់ពន្ធ១ភាគរយនៃប្រាក់ចំណូលក្រុមហ៊ុន ក្រោយមកបានទូទាត់ប្រាក់ពន្ធទៅ ត្រូវបង់ពន្ធពី១០ភាគរយ ទៅ២០ភាគរយ នៃពន្ធអាជីវកម្មធម្មតា ហើយបើពន្ធលើធនធានធម្មជាតិ មាន២៥ភាគរយ។ ដូច្នេះអ្នកប្រកាសពន្ធហ្នឹង ត្រូវទៅប្រកាសដោយខ្លួនឯង អ៊ីចឹងការប្រកាសពន្ធនេះ វាមានបញ្ហាត្រង់ធ្វើបញ្ជីគណនេយ្យ។ ទី១ នៅពេលពួកគាត់(អ្នកប្រកាសពន្ធ) បិទបញ្ជីគណនេយ្យហ្នឹង គឺគាត់បិទបញ្ជីមួយឲ្យឃើញប្រាក់ចំណេញតិចទៅ គាត់អាចបង់ពន្ធតិច។ ប៉ុន្តែខាងពន្ធដារនេះ ក៏មានអ្នកចុះត្រួតពិនិត្យ (សវនកម្ម) តាមក្រុមហ៊ុនរកស៊ីដែរ ប៉ុន្តែការចុះត្រួតពិនិត្យនេះ វាមានពេលវេលាយូរបន្តិច ឧទាហរណ៍៤ទៅ៥ឆ្នាំ ទើបចុះទៅត្រួតពិនិត្យម្ដង។ ហើយប្រសិនបើត្រូវរ៉ូវគ្នារវាងអ្នកសវនកម្ម និងម្ចាស់ក្រុមហ៊ុនទៀតទៅ គឺបញ្ជីគណនេយ្យនោះ នឹងចាត់ទុកត្រឹមត្រូវអ៊ីចឹងទៅ។ ដូច្នេះវាខ្វះចន្លោះកន្លែងហ្នឹង។
ទី២ អ្នកបង់ពន្ធ អ្នកជាប់ពន្ធហ្នឹង គាត់មើលច្បាប់ពន្ធដារអត់យល់។ ច្បាប់ពន្ធដារនេះ វានៅមានចន្លោះប្រហោង ដែលធ្វើឲ្យមានការភាន់ច្រឡំ មានការពន្យល់មិនច្បាស់។ ទើបបានជាខាងពន្ធដារនេះ បើកវគ្គបង្រៀនពន្ធដារថែមទៀត ដើម្បីឲ្យអ្នកបិទបញ្ជីពន្ធហ្នឹង គាត់បានយល់។ ដូច្នេះវគ្គពន្ធដារនេះ វាបានជួយមួយចំនួនដែរ តែវានៅមានអាជីវកម្មតូចៗនោះ គាត់ពិបាកធ្វើ។ ហើយបញ្ហាមួយទៀត គឺបញ្ហាអាជីវកម្មខ្នាតតូច ដែលប្រព័ន្ធបង់ពន្ធ គេប្រើប្រព័ន្ធSample ។ ប្រព័ន្ធSample ហ្នឹង គ្រាន់តែមានបញ្ជីទិញលក់ ក៏គេអាចបង់ពន្ធបានដែរ ដូច្នេះប្រព័ន្ធSampleនេះ វាធ្វើឲ្យបាត់បង់ចំណូលច្រើនណាស់។ ហើយទី៣ ខ្ញុំគិតថា ប្រព័ន្ធSample នៃការបង់ពន្ធនេះ វាជាបញ្ហាប្រឈមមួយទៀត ជាមួយប្រព័ន្ធអនុវត្តស្ដង់ដារគណនេយ្យរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ ព្រោះក្រុមប្រឹក្សាជាតិគណនេយ្យ គេលើកទឹកចិត្តឲ្យអាជីវកម្មទាំងអស់ ចុះបញ្ជីគណនេយ្យតាមប្រព័ន្ធស្ដង់ដារ SMEs ។ ឯចំណែកពន្ធដារ គាត់ឲ្យគេបង់ពន្ធតាមប្រព័ន្ធ Sample ដូច្នេះវាដើរបញ្ច្រាស់គ្នា នៅកន្លែងនេះបន្តិច ដែលបញ្ហាប្រឈមគឺវាធ្វើឲ្យប្រព័ន្ធគណនេយ្យរបស់ក្រុមប្រឹក្សាជាតិ មិនត្រូវបានអនុវត្ត ដោយសារតែអ្នកជាប់ពន្ធម្នាក់ៗ ចង់បង់ពន្ធតាមSample ដែលបង់ពន្ធតិច។ ទាងនេះជាបញ្ហាប្រឈមដែលខ្ញុំបានមើលឃើញ។
លោក រំដួល ចិត្រា៖ ខ្ញុំចាប់អារម្មណ៍ពាក្យលោកខាងលើនិយាយថា បើខាងសវនកម្មចុះត្រួតពិនិត្យ ហើយមានភាពត្រូវរ៉ូវគ្នាជាមួយខាងក្រុមហ៊ុននោះ វានឹងអាចមានការឃុបឃិតប្រព្រឹត្តអំពើពុករលួយ តាមរយៈការបិទបញ្ចប់បញ្ហា ដែលនាំឲ្យបាត់បង់ថវិកាជាតិ។ ក្នុងន័យអ៊ីចឹងមែនទេ?
លោក គី សេរីវឌ្ឍ៖ បាទ! ហ្នឹងហើយវាអាចមានការឃុបឃិតនៅពេលធ្វើសវនកម្ម។ ហើយទី២ ក្រុមហ៊ុនខ្លះ នៅពេលគេជិតចាប់ផ្ដើមធ្វើសវនកម្ម (Audit )គាត់ប្រកាសក្ស័យធន បិទរោងចក្រតែម្ដង បិទទ្វារហើយគាត់ដូរឈ្មោះថ្មី ហើយប្រតិបត្តិការដដែល តែដូរតែឈ្មោះនិងចុះបញ្ជីថ្មី ទៅជាក្រុមហ៊ុនថ្មី ។ អ៊ីចឹងបញ្ហាប្រឈមដែលកើតមានបច្ចុប្បន្ន គឺអ៊ីចឹងហើយ ដូច្នត្រូវមានការពង្រឹងមន្ត្រីពន្ធដារនេះ ឲ្យបានរឹងមាំ។
លោក រំដួល ចិត្រា៖ ចុះបើសិនមានការអនុវត្តត្រឹមត្រូវ តើចំណូលពន្ធនឹងមានការកើនឡើងប៉ុណ្ណាដែរក្នុងមួយឆ្នាំ ខណៈដែលកម្ពុជា ប្រមូលពន្ធជាង២ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨កន្លងមក?
លោក គី សេរីវឌ្ឍ៖ ជាការមើលឃើញរបស់ខ្ញុំ គឺយើងនឹងកើនចំណូលពន្ធលើសហ្នឹង បានពី១០ ទៅ១៥ភាគរយបន្ថែមទៀត ។ នេះជាអ្វីដែលយើងបានឃើញ នឹងមើលដឹង ប៉ុន្តែវានៅមានករណីដែលយើងមើលមិនដឹងផ្សេងទៀត គឺយើងស្មានមិនបាន។ តែអ្វីដែលយើងមើលដឹងនេះ គឺចំណូលនឹងកើនឡើងពី១០ទៅ១៥ភាគរយទៀត។
លោក រំដួល ចិត្រា៖ អ្វីដែលលោកលើកឡើងនេះ គឺតាមអ្វីដែលលោកបានស្រាវជ្រាវដែរ ឬយ៉ាងណា?
លោក គី សេរីវឌ្ឍ៖ យើងបានធ្វើការសង្កេតតាមដានចំពោះអ្នកព្យាយាមគេចពន្ធហ្នឹង គឺភាគច្រើនពួកសហគ្រាសធុនតូច និងធនមធ្យម(SMEs) ។ អ៊ីចឹងបញ្ហាបាត់ពន្ធរបស់SMEs នេះ ដោយសារខ្ញុំបានធ្វើការ Observation ទៅ ប្រហែលជាបាត់ប៉ុណ្ណឹង (ជាង១០ភាគរយ) នៃចំណូលពន្ធសរុបសម្រាប់SMEs។ ហើយនៅក្រុមហ៊ុនធំៗទៀត ដែលធ្លាប់ធ្វើសវនកម្មនោះ វាមានទំហំធំៗមែនទែន ដែលយើងមិនអាចវាស់បាន ទើបយើងគ្មានទិន្នន័យ។
លោក រំដួល ចិត្រា៖ កត្តាអ្វីដែលនាំឲ្យ SMEs គេចវេះពីការបង់ពន្ធនេះ? តើមកពីមូលហេតុអ្វីដែរ?
លោក គី សេរីវឌ្ឍ៖ ជាទូទៅ SMEs នៅប្រទេសណា ក៏ដូចជាប្រទេសណាដែរ ការគេចវេះពន្ធរបស់SMEs ហ្នឹង មានច្រើនដូចគ្នា សូម្បីតែនៅកូរ៉េ ក៏មានការគេចពន្ធដូចគ្នា ពិសេសភោជនីយដ្ឋាន និងសេវាផ្សេងៗ ដែលអត់ប្រើប្រព័ន្ធទូទាត់តាមធនាគារ ហើយគេប្រើការទូទាត់តាមក្រដាសប្រាក់ ដែលវាងាយស្រួលគេចពន្ធ។ ដូច្នេះខ្ញុំគិតថា ដើម្បីលើកទឹកចិត្តឲ្យមានការបង់ពន្ធត្រឹមត្រូវនោះ គឺយើងត្រូវឲ្យពួកគាត់ មានការទូទាត់តាមប្រព័ន្ធធនាគារ ដែលមានកម្មវិធីApps នោះវាផ្ដល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងការបង់ពន្ធ។
លោក រំដួល ចិត្រា ៖ ឥឡូវនេះ អគ្គនាយកពន្ធដារលោក គង់ វិបុល ក៏បានប្រកាសពីការប្រើប្រាស់ប្រព័ន្ធបង់ពន្ធតាមអនឡាញជាដើមដែរ តើការបង់ពន្ធតាមប្រព័ន្ធអនឡាញនេះ វាមានប្រសិទ្ធភាពកម្រិតណាដែរ?
លោក គី សេរីវឌ្ឍ៖ ការបង់ពន្ធតាមប្រព័ន្ធអនឡាញហ្នឹង វាគ្រាន់តែជាការគេចពីការកាន់ក្រដាសប្រាក់ទៅឲ្យមន្ត្រីពន្ធដារតែប៉ុណ្ណឹងទេ។ ក៏ប៉ុន្តែនៅមានការធ្វើបញ្ជីមួយទៀត ដែលការធ្វើបញ្ជីនេះ គេអាចធ្វើបន្លំនោះតាមខ្ញុំដឹងក្រុមហ៊ុនខ្លះ មានបញ្ជីរបាយគណនេយ្យរហូតដល់ទៅ៣ គឺបញ្ជីទី១ សម្រាប់បង្ហាញទៅម្ចាស់ហ៊ុន វាគឺជាបញ្ជីពិតរបស់គេ ហើយគេមិនបញ្ចេញវាទេ។ បញ្ជីទី២ គឺបញ្ជីបង់ពន្ធ ជាបញ្ជីគណនេយ្យដូចគ្នាតែបង់ពន្ធ ដូច្នេះគេធ្វើយ៉ាងឲ្យឃើញចំណេញតិច។ ហើយបញ្ជីមួយទៀត គឺបញ្ជីលក់ភាគហ៊ុននោះ គឺជាបញ្ជីដែលគេធ្វើឲ្យវាឲ្យឃើញពីផលចំណេញក្រុមហ៊ុនធំទៅ ដើម្បីឲ្យគេទិញភាគហ៊ុន និងទិញShare គាត់ច្រើន។ អ៊ីចឹងវាមានសុទ្ធតែវិធីបែបនេះ មានន័យថាក្រមសីលធម៌វិជ្ជាជីវៈ នៅក្នុងគណនេយ្យដែលក្រុមហ៊ុនមួយចំនួន ធ្វើបែបនេះ គឺវាអត់មាន។ នេះសុទ្ធតែជាបញ្ហាប្រឈមហើយ ដែលរដ្ឋាភិបាល អាជ្ញាធរជាតិគណនេយ្យ ឬក្រុមប្រឹក្សាជាតិគណនេយ្យ ឬខាងពន្ធដារ ត្រូវសហការគ្នាក្នុងការគ្រប់គ្រងការអនុវត្តពន្ធឲ្យបានល្អ ក្នុងការចុះបញ្ជីគណនេយ្យឲ្យបានសមស្រប៕