គ្រូបង្វឹកក្រុមណាហ្គាវើលហាក់មានជំនឿចិត្តថា បើកូនក្រុមខ្លួនអាចបំបែកទម្រង់លេងក្នុងតំបន់កណ្តាល និងរារាំងកីឡាករសំខាន់ៗមួយចំនួនរបស់ក្រុម Tampines Rovers FC បាន ណាហ្គាវើលនឹងអាចមានឱកាសឈ្នះនៅថ្ងៃនេះ។ ចំណែកគ្រូបង្វឹក និងប្រធានក្រុមរបស់ក្រុមសិង្ហបុរីមួយនេះ សង្កេតឃើញថា ណាហ្គាវើលជាក្រុមខ្លាំងនៅក្នុងទឹកដី។ ក្រុមណាហ្គាវើលត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ភ្ញៀវ Tampines Rovers សម្រាប់ជំនួបវគ្គជម្រុះ AFC Cup 2019 នៅម៉ោង៥រសៀលនេះ។
លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើលបានលើកសរសើរគូប្រកួត Tampines Rovers របស់សិង្ហបុរីថា ជាក្រុមមានទម្រង់លេងក្នុងតំបន់កណ្តាល និងបម្រើស្លាបខ្លាំង ដែលអាចបង្កគ្រោះថ្នាក់ដល់ណាហ្គាវើល។ លោកជឿជាក់ថា បើកូនក្រុមអាចបំបែកទម្រង់លេងក្នុងតំបន់កណ្តាល ឬរារាំងគ្រោះថ្នាក់៣រូប ណាហ្គាវើលនឹងអាចមានឱកាសឈ្នះក្រុមសិង្ហបុរីនៅថ្ងៃនេះ។
«អ្វីដែលយើងសង្កេតឃើញ គឺតំបន់កណ្តាលក្រុម Tampines Rovers ខ្លាំងមែនទែន ជាពិសេសបម្រើស្លាប។ ដូច្នេះបើខ្ញុំអាចកាត់ផ្តាច់ ឬបំបែកតំបន់កណ្តាលបាន ពិសេសរារាំងកីឡាករ៣រូបដែលអាចធ្វើការបានល្អខ្លាំង គឺកីឡាករ Madhu Mohana,Shahdan Sulaiman និង Jordan Webb បាន ខ្ញុំនឹងអាចមានឱកាសឈ្នះ»។ ការលើកឡើងបែបនេះរបស់លោក មាស់ ចាន់ណា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។
ជាមួយការអះអាងពីការត្រៀមខ្លួនបានយ៉ាងល្អ លោក មាស ចាន់ណា បញ្ជាក់ថា កីឡាករណាហ្គាវើលពុំមានកីឡាកររូបណារងរបួសនោះទេ ហើយការចាញ់ក្រុមក្រសួងការពារជាតិ ៤-២ ក្នុងពានរង្វាន់ក្របខណ្ឌខេមបូឌានលីកកាលពីពេលថ្មីៗ ក៏ពុំបានជះឥទ្ធិពលអាក្រក់ដល់ក្រុមលោកផងដែរ។ ផ្ទុយទៅវិញការផ្លាស់ប្តូរម៉ោងប្រកួតពីម៉ោង៣ទៅរៀបចំនៅម៉ោង៥ និងការលេងនៅពហុកីឡដ្ឋានជាតិ វាជាអំណោយផលមួយដ៏ល្អសម្រាប់ណាហ្គាវើលក្នុងការយកឈ្នះក្រុមភ្ញៀវ។ ព្រោះកីឡាករណាហ្គាវើលមានបទពិសោធជោគជាំជាមួយទីលាននេះ។
គ្រូបង្វឹកក្រុម Tampiones Rover លោក Abdul Kadir Yahaya បានអះអាងថា កត្តាទីលានមិនមែនជាបញ្ហាចោទសម្រាប់ក្រុមលោកនោះទេ ហើយបរិយាកាសក៏ដូចគ្នា។ ព្រោះក្រុមលោកធ្លាប់លេងលើទីលានសិប្បនិម្មិតនេះ ហើយស្រុកលោកក៏មានអាកាសធាតុប្រហាក់ប្រហែលកម្ពុជា។ សម្រាប់លោក Abdul ការបរាជ័យរបស់ណាហ្គាវើលក្នុងពានរង្វាន់លីកកំពូលកម្ពុជាមិនពាក់ព័ន្ធនឹងការប្រកួតនៅថ្ងៃនេះទេ ពោលគឺវាជាការប្រកួតពីរផ្សេងគ្នា។ ហើយលោកក៏មិនខ្វាយខ្វល់នឹងលទ្ធផលមករបស់ណាហ្គាកន្លងមកដែរ។ ប៉ុន្តែលោកទទួលស្គាល់ថា ណាហ្គាវើលជាក្រុមខ្លាំងនៅក្នុងទឹកដី។
មិនខុសគ្នាពីគ្រូបង្វឹកនោះទេ កីឡាករ Syazwan Buhari ក៏បានចាត់ទុកណាហ្គាវើលជាក្រុមខ្លាំងក្នុងដីដូចគ្នា។ ការចាត់ទុកបែបនេះ បន្ទាប់ពីណាហ្គាវើលបានយកឈ្នះ Yangon United របស់មីយ៉ានម៉ា ២-១ ពេលពួកគេធ្វើម្ចាស់ផ្ទះកាលពីពេថ្មីៗ។ កីឡាកររូបនេះបានរៀបរាប់ដូច្នេះថា៖«ខ្ញុំគិតថាណាហ្គាវើលជាក្រុមខ្លាំងពេលលេងក្នុងដី ទោះបីពួកគេចាញ់ Hanoi តែពេលលេងក្នុងដីជាមួយ Yagon United ពួកគេឈ្នះ។ ដូច្នេះការប្រកួតថ្ងៃនេះ វានឹងក្លាយជាការប្រកួតដ៏តានតឹង ហើយពួកយើង ក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតមួយនេះដែរ»។
បើមើលប្រវត្តិប្រកួតក្នុងពូល F កន្លងមកក្រុមណាហ្គាវើលបានចាញ់ក្រុម Hanoi FC ក្នុងលទ្ធផល ១០-០ និងឈ្នះ Yangon United ២-១ ខណៈក្រុម Tampines Rovers យកឈ្នះក្រុម Yangon United ៣-១ និងបញ្ចប់លទ្ធផលស្មើ ១-១ ជាមួយ Hanoi FC។ បច្ចុប្បន្ន Tampines Rovers ឈរលេខរៀងទី២មាន៤ពិន្ទុ ខណៈណាហ្គាវើលឈរលេខ៣មាន៣ពិន្ទុ។
ក្រុមណាហ្គាវើលត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ភ្ញៀវ Tampines Rovers សម្រាប់ជំនួបវគ្គជម្រុះពូល F នៃព្រឹត្តិការណ៍ AFC Cup 2019 នៅម៉ោង៥រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ៕