គ្រូ​បី​រូប សរសេរ​សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» ដើម្បី​បំពេញ​សមត្ថភាព​គ្រូ​ឲ្យ​មាន​ស្តង់ដារ​ក្នុង​វិស័យ​អប់រំ​
ជាតិ
សង្គមជាតិ
អត្ថបទពាណិជ្ជកម្ម
គ្រូ​បី​រូប សរសេរ​សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» ដើម្បី​បំពេញ​សមត្ថភាព​គ្រូ​ឲ្យ​មាន​ស្តង់ដារ​ក្នុង​វិស័យ​អប់រំ​
02, Apr 2019 , 5:58 pm        
រូបភាព
សៀវភៅ «វិធីសាស្ត្របង្រៀន» ដែលដាក់លក់ក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ។ រូបពីទំព័រហ្វេសប៊ុក Moral Civil Education- NIE
សៀវភៅ «វិធីសាស្ត្របង្រៀន» ដែលដាក់លក់ក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ។ រូបពីទំព័រហ្វេសប៊ុក Moral Civil Education- NIE
​ភ្នំពេញ​៖ «​វិធីសាស្ត្រ​បង្រៀន​» ជា​សៀវភៅ​ប្រភេទ​មួយ​ថ្មី ដែលមាន​វិធីសាស្ត្រ និង​យុទ្ធសាស្ត្រ​ថ្មីៗ សម្រាប់​គ្រូបង្រៀន​គ្រប់​កម្រិត ក្នុងការ​បង្ហាត់បង្រៀន​សិស្ស​នៅតាម​សាលារៀន ដើម្បី​បំពេញបន្ថែម​នូវ​កម្រិតស្តង់ដារ​សិក្សា​ក្នុង​វិស័យ​អប់រំ​កម្ពុជា​។ លោក ប្រាក់ ពៅ ជា​គ្រូ​ម្នាក់ ក្នុងចំណោម​គ្រូ​ទាំងបី​នាក់ មកពី​វិទ្យាស្ថាន​ជាតិ​អប់រំ (NIE)  ដែល​រួមគ្នា​រៀបរៀង​សៀវភៅ​នេះ​ឡើង បាន​និយាយថា  គន្លឹះ​និង​វិធីសាស្ត្រ​ថ្មីៗ​នៅក្នុង​សៀវភៅ​នេះ លោកគ្រូ​-​អ្នកគ្រូ យកទៅ​បង្រៀន នឹង​បង្កើន​គំនិត​ដល់​សិស្សានុសិស្ស​ឲ្យ​កាន់តែ​ទូលាយ​ក្នុងការ​វែក​ញែ​ករក​ហេតុផល មានគំនិត​សួរដេញដោល​ក្នុងការ​សិក្សា​តាមបែប​ស្តង់ដារ​ប្រទេស​អភិវឌ្ឍ​។

 
​សៀវភៅ​កម្រាស់​ជាង​៣០០​ទំព័រ ដែលមាន​៥​ជំពូក បាន​រំលេច​នូវ​គន្លឹះ​និង​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ ដូចជា​ការអភិវឌ្ឍ​សមត្ថភាព​បន្ថែម​របស់​គ្រូបង្រៀន និង​វិធីសាស្ត្រ​បង្រៀន​តាមបែប​ស្ថាបនា​និយម​ជាដើម​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ប្រាក់ ពៅ បាន​អះអាងថា សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» បាន​ផ្តោត​សំខាន់លើ​អ្វី​ថ្មីៗ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការបង្រៀន​សិស្ស ដើម្បីឲ្យ​សិស្ស​​មាន​ភាពក្លាហាន ក្នុងការ​បញ្ចេញ​គំនិតយោបល់​ក្នុង​ថ្នាក់រៀន ក៏​ដូច​នៅក្នុង​វេទិកាសាធារណៈ​ផ្សេងៗ​នៅក្នុង​សង្គម​។ លើសពីនេះ ក៏​ជំរុញ និង​លើក​ចិត្ត​សិស្ស​ឲ្យចេះ​វាយតម្លៃ ចេះ​វិភាគ និង​ចេះ​បង្កើត​គំនិត​អ្វី​ថ្មីៗ​ជាដើម  ដើម្បី​ជៀសផុត​ពីអ្វី​ដែល​សិស្ស​ចេះតែ​នៅក្នុង​ថ្នាក់រៀន​តាម​អ្វីដែល​ទន្ទេញ​ចាំតែ​មាត់ គឺជា​អ្វីដែល​គ្រូ​គ្រប់រូប​មិនត្រូវ​ការ​។ បើតាម លោក ប្រាក់ ពៅ សៀវភៅ​នេះ បាន​បញ្ចូល​វិធី​សាស្ត្រ​បង្រៀន​តាមបែប​កម្មវិធី​សិក្សា​របស់​ប្រទេស​ជប៉ុន និង​សិង្ហ​បុរី​។   
 
​លោក ប្រាក់ ពៅ បាន​បន្តថា តាមរយៈ​សៀវភៅ «​វិធីសាស្ត្រ​បង្រៀន​» គ្រូៗ​គ្រប់​កម្រិត​នឹង​ទទួលបាន​បច្ចេកទេស​ប​ង្រៀ​ន​ថ្មីៗ​ដល់​សិស្ស ដូចជា​វិធីសាស្ត្រ​សង្កេត វិធី​រាយការណ៍ វិធី​ឲ្យសិស្ស​ចេះ​សិក្សា​ដោយ​ខ្លួនឯង បច្ចេកទេស​ក្នុងការ​ដោះស្រាយ​សំណួរ​សិស្ស និង​វិធីសាស្ត្រ​ថ្មីៗ​ជាច្រើន​ទៀត​។ ក្រៅពីនេះ សៀវភៅ​នេះ ក៏​ល្អ​សម្រាប់​គ្រូ​ដែល​ទើបនឹង​ចូលមក​បង្រៀន ឲ្យ​ចេះ​ក្នុងការ​គ្រប់គ្រង​ថ្នាក់រៀនឲ្យ​ដំណើរការ​បានល្អ នៅពេល​មាន​សិស្ស​មិន​ស្តាប់បង្គាប់ និង​ការរំខាន​ក្នុង​ម៉ោង​កំពុង​សិក្សា​ជាដើម​។ 


ពីឆ្វេងទៅស្តាំ៖ លោកគ្រូ ឃិន វណ្ឌី លោកគ្រូ បាន កក្កដា និង លោកគ្រូ ប្រាក់ ពៅ ដែលជាអ្នករៀបរៀងសៀវភៅ «វិធីសាស្ត្របង្រៀន»

​លោក ប្រាក់ ពៅ បានបញ្ជាក់​ដូច្នេះ​ថា​«​លក្ខណៈពិសេស​នៃ​សៀវភៅ​នេះ គឺ​បាន​បន្ថែម​វិធី​ថ្មីៗ ល្អៗ ប្រហែល​២០​មេរៀន ដែល​កម្មវិធី​ប្រព័ន្ធ​អប់រំ​ក្នុងស្រុក​យើង​មិនទាន់បាន​អនុវត្ត ដោយ​ទទួលបាន​សិទ្ធិ​អនុញ្ញាត​បោះពុម្ព​ចែកចាយ​ពី​ក្រសួង​អប់រំ​»​។ 
 
​បើតាម​លោក ប្រាក់ ពៅ សៀវភៅ​នេះ មាន​មេរៀន​សម្រាប់​គ្រូបង្រៀន​សិស្ស ដែល​មិន​យល់​នូវ​អ្វីដែល​ហៅថា ការ​ត្រិះរិះ​ពិចារណា​នៅក្នុង​មេរៀន​របស់​គ្រូ​, មេរៀន​សម្រាប់​បង្រៀន​សិស្ស​ដែល​មិន​បញ្ចេញ​នូវ​ទស្សនវិស័យ​ដ៏​សំខាន់​នៃ​ការ​ត្រិះរិះ​ពិចារណា​ដើម្បី​កែសម្រួល និង​អន្ត​រកម្ម​កិច្ចការផ្ទាល់ខ្លួន​, មេរៀន​គ្រប់គ្រង​សិស្ស​ដែលមាន​ឥរិយាបថ​ឈ្លើយ​ក្នុង​ថ្នាក់រៀន​, មេរៀន​សិស្ស​មិនបាន​បញ្ចប់​កិច្ចការ​សាលា​ និង​មេរៀន​បញ្ជ្រាប​ការអប់រំ​ប្រកបដោយ​និរន្តរភាព ជាដើម​។ អ្នករៀបរៀងរូបនេះ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«មេរៀន​ជាច្រើន​ក្នុង​សៀវភៅ នឹង​ផ្តល់​ប្រយោជន៍​ខ្ពស់​សម្រាប់​ជួយ​បំពេញ​សមត្ថភាព​គ្រូបង្រៀនឲ្យមាន​ស្តង់ដារ​ក្នុង​វិស័យ​អប់រំ​។​
 
​លោក​-​អ្នក អាច​ទិញ​សៀវភៅ​នេះ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ឬក៏​អាចទាក់ទង​ទៅ​លេខ ០១១ ២៤៦ ៦៦៨, ០៩២ ៨៨៨ ៥១២, ០១២ ៥០០ ០៤២ និង ០១២ ២៧៨ ៧៩៣៕ 



 

Tag:
 អប់រំ​
  សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com