ក្រុមហ៊ុន​បរទេស​ធំៗ​នឹង​ចាប់ផ្ដើម​ទាញយក​ប្រេង រ៉ែ​មាស​...ចាប់ពី​ចុងឆ្នាំ​២០១៩
ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​បរទេស​ធំៗ​នឹង​ចាប់ផ្ដើម​ទាញយក​ប្រេង រ៉ែ​មាស​...ចាប់ពី​ចុងឆ្នាំ​២០១៩
02, Apr 2019 , 8:02 pm        
រូបភាព
​ភ្នំពេញ​៖ គម្រោង​អាជីវកម្ម​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្តរតនគិរី និង​មណ្ឌលគិរី និង​គម្រោង​ទាញយក​ដំណក់​ប្រេង​លើកដំបូង នឹង​ចាប់ផ្ដើម​ទាញយក​នៅ​អំឡុង​ឆ្នាំ​២០២០ ខាងមុខនេះ​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​វេទិកា​អភិបាលកិច្ច​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​នៅ​កម្ពុជា​លើក​ទី​៧ នៅ​ថ្ងៃទី​២​ខែមេសា​នេះ​។​


 
​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​សិង្ហ​បុរី KrisEnergy នឹងត្រូវ​ចាប់ផ្ដើម​ខួង​យក​នៅ​ចុងឆ្នាំ​២០១៩​នេះ ឬ​អាច​ដើមឆ្នាំ​២០២០ បន្ទាប់ពី​ទទួលបាន​សិទ្ធិ​វិនិយោគ​កាល​ខែសីហា​ឆ្នាំ​២០១៧​។ នេះ​បើតាម​លោក ម៉េង សក្ដិ​ធារ៉ា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ដែល​បញ្ជាក់ថា​ពេល​បូម​ប្រេង​បាន ក្រុមហ៊ុន​នឹង​នាំយកទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។ ក្រុមហ៊ុន​នឹង​អនុវត្ត​ខួង​ប្រេង​ក្នុង​ប្លុក​A ដំណាក់ 1A ដែលមាន​២០​អណ្ដូង ហើយ​សរុប​បរិមាណ ៨​លាន​ប៉ា​រ៉ែ​ល​។ លោក សក្ដិ​ធារ៉ា ថា​នេះ​ជា​បរិមាណ​តិច​ប៉ុណ្ណោះ​។ ហើយ​ចាប់​ផ្ដើមដំបូង​ក្រុមហ៊ុន​នឹង​ខួងអណ្ដូង​ទី​១ ក្នុងចំណោម​២០​អណ្ដូង​។​
 
​ក្រៅពី​ប្រេង កម្ពុជា​ដែល​មិនទាន់មាន​លទ្ធភាព​រុក​រក និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដោយ​ខ្លួនឯង បានផ្ដល់​អាជ្ញា​បណ្ណ​ឲ្យ​ក្រុមហ៊ុន​បរទេស​ធ្វើ​ប្រតិបត្តិ​ការទាញយក​រ៉ែ​មាស​។ ក្រោយពី​រុករក​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ ក្រុមហ៊ុន​ពីរបាន​ប្រកា​សនឹង​ចាប់ផ្ដើម​ការទាញយក​រ៉ែ​មាស​នេះ ក្នុងពេល​ឆាប់​ខាងមុខនេះ​។ ក្រុមហ៊ុន Mesco Gold របស់​ឥណ្ឌា នឹង​ចាប់ផ្ដើម​ទាញយក​រ៉ែ​មាស​នៅ​ខេត្តរតនគិរី នៅ​ចុង​ឆ្នាំនេះ​។ មួយទៀត​គឺ​គម្រោង​នៅ​អូរ​ខ្វាវ​ខេត្តមណ្ឌលគិរី​របស់​ក្រុមហ៊ុន Renaissance minerals របស់​អូស្ត្រាលី ដែល​នឹង​ទាញយក​រ៉ែ​មាស​នៅ​ឆ្នាំ​២០២០​។​
 
​នេះ​ជាការ​ទាញយក​រ៉ែ​មាស​ទ្រង់​ទាញ​ធំ ជា​លក្ខណៈ​ឧស្សាហកម្ម​លើកដំបូង​។ បើតាម​លោក ម៉េង សក្ដិ​ធារ៉ា សព្វថ្ងៃ​ក្រុមហ៊ុន​ជាង​១០ បានទទួល​អាជ្ញា​បណ្ណ ហើយ​ខ្លះ​កំពុង​ចាប់ផ្ដើម​អាជីវកម្ម តែ​ជា​លក្ខណៈ​កែច្នៃ​ទ្រង់ទ្រាយ​តូច​ជា​សិប្បកម្ម ហើយ​ខ្លះទៀត​ត្រៀម​សាកល្បង​ការរុករក​។​
 
​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន Emerald Resources ដែលជា​ក្រុមហ៊ុនមេ​របស់ Renaissance minerals ខាងលើ ក្នុងពេល​កន្លងមក​បាន​ចេញ​របាយការណ៍​ថា គម្រោង​រ៉ែ​មាស​អូរ​ខ្វាវ​អាច​ផលិត​មាស​បានជា​មធ្យម ១០៦០០០ អោន​ស៍ (​ប្រមាណ​៣​តោន​) ក្នុង​មួយឆ្នាំ​។ លោក ប៉េង ណា​វុ​ធ អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ឲ្យ​ដឹង​ក្នុង​វេទិកា​ខាងលើ​ថា អត្ថប្រយោជន៍​ពី​៤០​ទៅ​៤៥​ភាគរយ​នឹង​ចូល​ថវិកាជាតិ ពី​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​អូស្ត្រាលី​នេះ​។​
 
​ក្នុង​វិស័យ​រ៉ែ​នេះដែរ រោងចក្រ​ផលិត​ស៊ី​ង​ម៉​ង់ អាច​នឹងត្រូវ​បង្កើត​ថែម​២​ទៀត​ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ដែល​រោងចក្រ​នីមួយៗ​អាច​ផលិត​មិនតិចជាង​១​លាន​តោន​ទេ​ក្នុង​មួយឆ្នាំ​។ នេះ​បើតាម​លោក ប៉េង ណា​វុ​ធ ៕
 
 

Tag:
 ប្រេង​
  រ៉ែ​មាស
© រក្សាសិទ្ធិដោយ thmeythmey.com