រដ្ឋបាលភ្នំពេញ​ថា ការចាក់​ដីនៅដៃទន្លេបាសាក់ គឺដើម្បីកែលម្អច្រាំងដៃទន្លេ
ជាតិ
សង្គមជាតិ
រដ្ឋបាលភ្នំពេញ​ថា ការចាក់​ដីនៅដៃទន្លេបាសាក់ គឺដើម្បីកែលម្អច្រាំងដៃទន្លេ
03, Apr 2019 , 2:52 pm        
រូបភាព
ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានចេញសេចក្ដី​ប្រកាស​ព័ត៌មានជុំវិញ​ករណីចាក់ដីចូលក្នុងដៃទន្លេបាសាក់ ដោយ​អះអាងថា ការចាក់បំពេញដីនេះ ក្នុងគោល​បំណងកែលម្អច្រាំងដៃទន្លេ។



តាមរយៈសេចក្ដីប្រកាស​ព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី២ មេសានេះ សាលារាជធានីភ្នំពេញ បាន​បញ្ជាក់ថា៖ «ការ​ចាក់​បំពេញដីនេះ គឺ​ក្នុងគោល​បំណងកែលម្អ​ច្រាំងដៃទន្លេបាសាក់ ឲ្យ​ច្រាំង​ខាងលិចស្រប​នឹង​ច្រាំងខាងកើត ដើម្បីធានាបាន​នូវសោភ័ណភាពល្អ ឈានទៅ​ស្ថាបនា​ផ្លូវថ្មើរជើង ចាប់ពីតំបន់អភិវឌ្ឍកោះពេជ្រដល់គល់ស្ពានព្រះមុនីវង្ស»។

ការបកស្រាយ​របស់​សាលា​រាជធានីភ្នំពេញ គឺធ្វើឡើងក្រោយពីមាន​ព័ត៌មាន​ជុំវិញករណីចាក់ដីចូលក្នុង​ដៃទន្លេ​បាសាក់ ដែល​ស្ថិត​នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ក៏​បាន​ចុះ​ទៅដល់ទីតាំង​ចាក់បំពេញដីនៅយប់ថ្ងៃទី២ មេសាផងដែរ។ លោក ឃួង ស្រេង បាន​​ប្រាប់​ក្រុម​អ្នកសារព័ត៌មានថា រដ្ឋបាល​រាជធានីភ្នំពេញ មិនមាន​បំណង​លុប​ដៃទន្លេបាសាក់ឡើយ។ លោក បញ្ជាក់ទៀតថា ការ​ចាក់ដីនៅដៃទន្លេនេះ ជាការសាងសង់អាងចម្រោះទឹកស្អុយ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនជាការចាក់លុបដៃទន្លេនោះទេ៕

© រក្សាសិទ្ធិដោយ thmeythmey.com