ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ៖ ការចាក់ដី​លុប​ដៃទន្លេ​បាសាក់ ដើម្បី​សង់​អាង​ចម្រោះ​ទឹក​កខ្វក់​
03, Apr 2019 , 7:39 pm        
រូបភាព
រូបបានពីហ្វេសប៊ុក
រូបបានពីហ្វេសប៊ុក
​ភ្នំពេញ​៖ ក្រោយមានមន្ទិលសង្ស័យ​រប​ស់​ពលរដ្ឋ​ជុំវិញ​ការចាក់ដី​លុប​ដៃទន្លេ​បាសាក់ ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានចេញមុខបក​ស្រាយចម្ងល់​​នេះ។ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែល​បានទទួល​ព័ត៌មាន​ពី​​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​រឿង​ចាក់ដី​លុប​ដៃទន្លេ​បាសាក់​នេះ បាន​បកស្រាយ​ថា ការចាក់ដី​នេះ គឺក្នុងបំណងសាងសង់​អាង​ចម្រោះ​ទឹក​កខ្វក់ ដើម្បី​ចម្រាញ់​ទឹកស្អាត បង្ហូរ​ចូល​ទន្លេ​ប៉ុណ្ណោះ​។


លោក នេត្រ ភក្ត្រា ដែល​គាំទ្រ​យន្តការ​អាជ្ញាធរ​ក្រុងភ្នំពេញ បាន​និយាយថា ការសាងសង់​អាង​ចម្រោះ​ទឹក​កខ្វក់​នេះ នឹង​ជួយ​សម្អាត​ដល់​បរិស្ថាន​ច្រើន ព្រោះ​ក្រសួង​កំពុង​ចាត់វិធានការ​ទប់ស្កាត់​ទឹក​កខ្វក់ កុំឱ្យ​ចូលទៅក្នុង​ប្រភពទឹក​សាធារណៈ​ផងដែរ​។​ អ្នកនាំពាក្យ​រូបនេះ​បាន​និយាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៣ មេសា ដូច្នេះ​ថា​៖«​អ្វីដែល​សាលា​រាជធានី កំពុង​ធ្វើជា​កន្លែង​អាងទឹក​ចម្រោះ​ទឹក​កខ្វក់​នេះ គឺជា​ការល្អប្រសើរ​ហើយ​ដែល​ធ្វើយ៉ាងណា​ឱ្យ​បរិស្ថាន​ទឹក​ក្នុង​ទន្លេ​មានគុណ​ភាពល្អ ដែល​បញ្ចៀស​ភាព​រងគ្រោះ​ពី​ការហូរ​ទឹក​កខ្វក់​-​ទឹកស្អុយ​ពី​អគារ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាដើម​»​។​
 
​ចំណែកលោក មេ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ក៏បញ្ជាក់បន្ថែមថា ការចាក់ដី​លុប​ដៃទន្លេ​នេះ គឺ​គ្រាន់តែ​ដំណោះស្រាយបណ្តោះអាសន្ន​ប៉ុណ្ណោះ នៅពេល​សាងសង់​អាង​ចម្រោះ​ទឹក​កង្វក់ ឬ​ទឹកស្អុយ​រួចហើយ អាជ្ញាធរ​នឹង​កាយ​ដី​ចេញ​វិញ​។ លោក​បាន​បន្ត ជាមួយនឹង​គម្រោង​សង់​អាង​ចម្រោះ​ទឹក​នេះ ក៏មាន​ការធ្វើ​ច្រាំងទន្លេ​ទប់​ដី និង​សង់​ផ្លូវ​ថ្មើរជើង ចាប់ពី​កោះ​ពេជ្រ រហូតដល់​គល់ស្ពាន​​មុនី​វង្ស​(​ស្ពាន​ច្បារអំពៅ​) ដើម្បី​លើកកម្ពស់​សោ​ភ័ណ​ភាព​ក្រុង​ភ្នំពេញ​៕ 
 

Tag:
 បរិស្ថាន​
  ទឹក​កង្វក់
© រក្សាសិទ្ធិដោយ thmeythmey.com