អន្តរជាតិ
អាមេរិក លក់​ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជទឹក​២៤​គ្រឿង​តម្លៃ​២,៦​ពាន់​លាន​ដុល្លារ​ឲ្យ​ឥណ្ឌា​
03, Apr 2019 , 8:59 pm        
រូបភាព
ឧទ្ទម្ភាគចក្រ MH-60R (រូបភាព navy.gov.au)
ឧទ្ទម្ភាគចក្រ MH-60R (រូបភាព navy.gov.au)
​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​២ ខែមេសា បានផ្ដល់​ខៀវ​ដល់​គម្រោង​លក់​ឧទ្ធម្ភាគចក្រ​២៤​គ្រឿង​ទៅ​ឲ្យ​ឥណ្ឌា​ដែលមាន​តម្លៃ​ដល់​ទៅ​២,៦​ពាន់​លាន​ដុល្លារ​។ ឧទ្ធម្ភាគចក្រ​ធុន MH-60R មាន​សមត្ថភាព​ប្រមាញ់​នាវាមុជទឹក ហើយក៏​អាច​ចូលរួម​ប្រតិបត្តិ​ការសង្គ្រោះ​ផងដែរ​។ ឧទ្ធម្ភាគចក្រ​នេះ នឹង​ជួយ​ពង្រឹងសមត្ថភាព​យោធា​ឥណ្ឌា ស្រប​ពេលដែល​នាវា​ចិន​បាន​បង្កើន​វត្តមាន​យ៉ាង​ញឹកញាប់​ក្នុង​មហាសមុទ្រ​ក្បែរ​របង​ផ្ទះ​ឥណ្ឌា​។​

 
​ជាការ​ឆ្លើយតប​ដ៏​លឿន​មួយ អាមេរិក​បាន​យល់ព្រម​ដល់​ការលក់​ឧទ្ធម្ភាគចក្រ MH-60R ២៤​គ្រឿង​តម្លៃ​២,៦​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​សម្ព័ន្ធមិត្ត​អាស៊ី​ខាងត្បូង​របស់ខ្លួន គឺ​ឥណ្ឌា​។ ក្រសួងការបរទេស​អា​មេ​រិ​ក​ប្រាប់​សភា​នៅ​ថ្ងៃទី​២ ខែមេសា ខ្លួន​បាន​ឯកភាព​លើ​សំណើ​ទិញ​ឧទ្ធម្ភាគចក្រ​នេះ​ដែល​ត្រូវបាន​ឥណ្ឌា​លើក​ស្នើ​កាលពី​ឆ្នាំ​២០១៨ ។ 
 
​ក្រសួងការបរទេស​អា​មេ​រិ​ក​លើកឡើងថា គម្រោង​លក់​នេះ នឹង​ជួយ​គាំទ្រ​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​អាមេរិក​តាមរយៈ​ការជួយ​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាមេរិក​-​ឥណ្ឌា ក៏ដូចជា​ជំរុញ​សន្តិសុខ​របស់​ដៃគូ​ដ៏​សំខាន់​របស់​អាមេរិក​ផង​។ ឥណ្ឌា​បាន​ក្លាយជា​ម៉ូយ​ដុំ​អាវុធ​អាមេរិក​មួយ ស្របពេល​មហាអំណាច​ទាំងពីរ​មានការ​ព្រួយបារម្ភ​ដូចគ្នា គឺ​ការ​ងើបឡើង​យ៉ាង​ឆាប់រហ័ស​របស់​មហា​យ​ក្ស​ចិន​នៅ​អាស៊ី​។​
 
​មាន​រហស្សនាម​ថា Romeo ឧទ្ធម្ភាគចក្រ MH-60R ជា​ផលិតផល​របស់​ក្រុមហ៊ុន Lockheed Martin និង​មាន​ជំនាញ​ពិសេស​ខាង​តាម​ចាប់​នាវាមុជទឹក និង​កប៉ាល់​ផង​។ លើសពីនោះ ឧទ្ធម្ភាគចក្រ​ដ៏​មាន​ឥទ្ធិពល​នេះ ក៏​អាចធ្វើ​ប្រតិបត្តិ​ការរុករក​និង​ជួយសង្គ្រោះ​ផងដែរ​។​
 
​ជាមួយនឹង​វត្តមាន​ឧទ្ធម្ភាគចក្រ​ថ្មី​នៅពេល​ខាងមុខ ឥណ្ឌា​រំពឹងថា នឹង​អាច​តាមដាន​សកម្មភាព​រប​ស់​យោធា​ចិន​នៅ​មហាសមុទ្រ​ឥណ្ឌា ចំពេល​ដែល​ចិន​បាន​វិ​វត្ត​ខ្លួន​ទៅជា​មហាអំណាច​ជើង​ទឹក​មួយ​ទៅហើយ​ដែរ​។ ក្រុង​វ៉ាស៊ីនតោន​ចាត់ទុក​ក្រុង​ញូ​វ​ដេលី ជា​ដៃគូ​ផ្នែក​វិស័យ​ការពារជាតិ​ដ៏​សំខាន់​ដែលមាន​តួនាទី​សំខាន់​ក្នុងការ​រក្សា​ស្ថិរភាព​នយោបាយ សន្តិភាព និង​ដំណើរការ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​អាស៊ី​ខាងត្បូង​។​
 
​នៅ​តំបន់​ដែល​គេ​ចាត់ទុកជា​ខ្សែ​គជ់ មហា​មុ​ទ្រ​ឥណ្ឌា​ក្លាយជា​ទីតាំង​នៃ​កំពង់​ដែល​នាវាចម្បាំង​ចិន​អាច​ចូល​ចត​បាន​ដូចជា​នៅ​ស្រីលង្កា និង​នៅ​កំពង់ផែ Gwadar នៅ​ប៉ា​គី​ស្ថាន​ដែលជា​សត្រូវ​សួ​ពូជ​របស់​ឥណ្ឌា​ផង​។ ក្រៅ​ជា​ចំណុច​យុទ្ធសាស្ត្រ​សំខាន់ មហាសមុទ្រ​ឥណ្ឌា​ដែល​គិតពី​ច្រក​សមុទ្រ Hormuz ដល់​ជ្រោយ Malacca ជា​ផ្លូវ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ដ៏​សំខាន់​របស់​ពិភពលោក​ដែល​ភ្ជាប់​អាស៊ី​ខាងកើត អាស៊ីអាគ្នេយ៍​ទៅ​មជ្ឈិមបូព៌ា អឺរ៉ុប និង​អាហ្វ្រិក​ផង​៕ 
 

Tag:
 អាមេរិក​
  ឥណ្ឌា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com