Ronaldo កោតសរសើរ Zidane ពី​របៀប​ដឹកនាំ​ក្រុម​ប្លែក​ពី​គេ​
កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo កោតសរសើរ Zidane ពី​របៀប​ដឹកនាំ​ក្រុម​ប្លែក​ពី​គេ​
04, Apr 2019 , 8:59 am        
រូបភាព
Cristiano Ronaldo តារា​ស៊ុត​របស់​ក្រុម Juventus បាន​លើកសរសើរ​ពី​ជំនាញ​ដឹកនាំ​ក្រុម​របស់​អតីត​គ្រូ​ចាស់​លោក Zinedine Zidane បន្ទាប់ពី​អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូបនេះ​វិល​ត្រលប់​ចូលទៅ​ដឹកនាំ Real Madrid វិញ​។​


 
Zidane បាន​ចាក​ចេញពី​ទឹកដី Santiago Bernabeu យ៉ាង​គួរអោយភ្ញាក់ផ្អើល​បន្ទាប់​ពី​ជួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ឈ្នះ​ជើងឯក Champions League ៣​លើក​ជាប់ៗ​គ្នា ពោលគឺ​មុន​បន្តិច​ប៉ុណ្ណោះ​ពេល Ronaldo បាន​ផ្លាស់​ទៅ Juventus នៅ​ចុង​បញ្ចា​ប់​រដូវ​កាល​មុន ។​
 
​យ៉ាងណាក៏ដោយ​អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៤៦​ឆ្នាំ​បាន​វិល​ចូលទៅ​កាន់តំណែង​អ្នកចាត់ការ​ទូទៅ​ក្រុម​ដែល​ស្ថិតក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​វិញ​ដោយ​ចុះកិច្ចសន្យា​រហូតដល់​ឆ្នាំ ២០២២ ដើម្បី​ជំនួស​លោក Santiago Solari ដែល​ត្រូវ​បណ្តេញចេញ​ក្រោយ​ដឹកនាំ​មិនបាន​ល្អ​។​
 
​នៅក្នុង​កម្មវិធី​មួយ​ដែល​ផ្សាយ​ដោយ RMC Sport នៅ​ថ្ងៃទី​៣ ខែមេសា​នេះ Ronaldo បាន​សាទរ​វិធីសាស្ត្រ​ក្នុងការ​ដឹកនាំ​ក្រុម​របស់ Zidane អំឡុងពេល​អ្នក​ទាំងពី​រ​ជា​គ្រូ​នឹង​សិស្ស​រួម​ក្រុម Real Mdrid​។​
 
​ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៤​ឆ្នាំ​រូបនេះ​បាន​លើកសរសើរ​ថា Zidane បាន​គ្រប់គ្រង​ក្រុម​ដោយ​ភាព​វៃឆ្លាត​បំផុត​។ «​វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​ព្រោះ​កីឡាករ​គ្រប់រូប​ចង់​លេង​ច្រើន​។ គាត់​ធ្វើ​ការងារ​ដ៏​ឆ្លាត​វៃ​មួយ​ដែល​ពាក់ព័ន្ធ​នឹង​កីឡាករ​ទាំង​អស់ហើយ​វា​មាន​អត្ថប្រយោជន៍​ខ្លាំងណាស់​»​។​
 
​ក្រៅពី Ronaldo ប្រធាន​ក្រុម​ស្តេច​ស Sergio Ramos ក៏បាន​សរសើរ​ពី​ជំនាញ​គ្រប់គ្រង​របស់ Zidane ផងដែរ​។ Ramos លើកឡើងថា Zidane បាន​ពន្យល់​កូនក្រុម​ទាំង​អស់ពី​របៀប​ដែល​លោក​បានធ្វើ​ក្នុងនាម​ជា​កីឡាករ និង​ជា​គ្រូបង្វឹក​។​
 
«​គាត់ (Zidane) បាន​រកឃើញ​វិធី​មួយ​ដើម្បី​ផ្ទេរ​ទេពកោសល្យ​ដែល​គាត់​មាន​កាល​នៅ​ជា​កីឡាករ​បង្កើត​ទៅជា​ច្បាប់​ផ្ទាល់ខ្លួន​ក្នុងនាម​ជា​គ្រូបង្វឹក​ដើម្បី​គ្រប់គ្រង​នៅក្នុង​បន្ទប់​ប្តូរ​ស្លៀកពាក់​។ គាត់​ធ្វើ​ការងារ​ដ៏​អស្ចារ្យ​និង​ប្លែក​ខុសគេ ហើយ​លទ្ធផល​ទាំងនោះ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​ឡើយ​»​។ Ramos បន្ថែម​ដូច្នេះ​។​
 
Zidane ដែលមាន​រហស្សនាម Zizou ធ្លាប់​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ឈ្នះ Champions League ក្របខណ្ឌ Serie A និង LaLiga ក្នុងចំណោម​ពានរង្វាន់​ជាច្រើន​ទៀត​ក្នុងអំឡុងពេល​លោក​នៅ​ប្រកប​អាជីព​ជា​កីឡាករ​៕
 

Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Zinedine Zidane
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម