អន្តរជាតិ
ចំ​ខួប​ទី​៧០​ឆ្នាំ​នៃ​ណា​តូ អាមេរិក​ពន្លះ​អាល្លឺម៉ង់ និង​តួ​ក​គី​ដែល​រកស៊ី​ជាមួយ​រុស្ស៊ី​
04, Apr 2019 , 7:39 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូនៅអាមេរិក។ (រូបភាព AFP)
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃរដ្ឋសមាជិកសម្ព័ន្ធយោធាណាតូនៅអាមេរិក។ (រូបភាព AFP)
​ខួប​ទី​៧០​ឆ្នាំ​នៃ​ការបង្កើត​សម្ព័ន្ធ​យោធា​ណា​តូ​នៅ​ឆ្នាំ​២០១៩ បែរជា​ឡោមព័ទ្ធ​ដោយ​រឿង​មិនល្អ​ទៅវិញ​។ ភាព​តានតឹង​បានកើត​ឡើង​រវាង​អាមេរិក និង​ដៃគូ​ជា​សមាជិក​សម្ព័ន្ធ​យោធា​នេះ​ពីរ​ទៀត គឺ​តួ​ក​គី និង​អាល្លឺម៉ង់​។ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន បាន​ប្រើពាក្យ​ខ្លាំងៗ​ដើម្បី​រិះគន់​ក្រុង​បែរ​ឡាំង និង​ក្រុង​អង់កា​រ៉ា​ដែល​រកស៊ី​ជាមួយ​រុស្ស៊ី ទោះជា​រុស្ស៊ី​ជាស​ត្រូវ​ធំ​ដែល​សមាជិក​ណា​តូ​ទាំងអស់​ត្រូវ​រួមគ្នា​ប្រឆាំង​ដាច់ខាត​ក៏ដោយ​។

 
​រដ្ឋមន្ត្រីការបរទេស​មកពី​រដ្ឋ​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ បាន​ជួបជុំគ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​រំឭក​ខួប​ទី​៧០​ឆ្នាំ​នៃ​ការបង្កើត​សម្ព័ន្ធ​យោធា​ដែលមាន​ឈ្មោះថា សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​។ ជា​សន្ធិសញ្ញា​ការពារ​មួយ ណា​តូ​មាន​គោលដៅ​ចម្បង​បំផុត​គឺ​ការពារ​អឺរ៉ុប​ពី​ការគំរាមកំហែង​របស់​រុស្ស៊ី​ដែល​នៅក្បែរ​អឺរ៉ុប​ជាងគេ​។ យ៉ាងណាមិញ កម្មវិធី​អធិកអធម​មួយ​នេះ បែរជា​ចោមរោម​ដោយ​ពាក្យ​មិន​ប្រពៃ​របស់​មេដឹកនាំ​លំដាប់​ទី​ពីរ​របស់​អាមេរិក​ទៅវិញ​។​
 
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន បាន​រិះគន់​ខ្លាំងៗ​ដោយ​មិន​ប្រណី​មាត់​អ្វី​ឡើយ​លើ​សមាជិក​ណា​តូ​ពីរ​ប្រទេស​មាន​អាល្លឺម៉ង់​ជុំវិញ​ការចំណាយ​តិច​ស្ដួចស្ដើង​សម្រាប់​សម្ព័ន្ធ​យោធា​មួយ​នេះ និង​តួ​ក​គី​ដែល​ទិញ​សព្វាវុធ​ពី​រុស្ស៊ី​។ ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​ថ្ងៃទី​៣ ខែមីនា លោក ផេ​ន ប្រាប់​ឲ្យ​អាល្លឺម៉ង់​បង្កើន​ការចំណាយ​របស់ខ្លួន​ទៀត ព្រោះ​អាមេរិក​មិនអាច​ធានា​ពី​សុវត្ថិភាព​លោកខាងលិច​បានឡើយ បើ​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅតែ​ពឹងផ្អែក​ខ្លាំង​លើ​រុស្ស៊ី​ទៅវិញ​។  
 
​តាមពិតទៅ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មិន​សប្បាយ​ចិត្តនឹង​ការចំណាយ​ច្រើនជាងគេ​ក្នុង​ខ្ទង់ចំណាយ​របស់​សម្ព័ន្ធ​យោធា​មួយ​។ លោក ផេ​ន ក៏​ពន្លះ​ក្រុង​បែរ​ឡាំង​ទៀតថា វា​ជា​រឿង​មិនអាច​ទទួល​បានឡើយ ពេល​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​របស់​អឺរ៉ុប មិន​អើពើ​គ្រោះថ្នាក់​ក្បែរ​ផ្ទះ ហើយ​មិនត្រូវ​មិនសូវ​ខ្វល់ខ្វាយ​សន្តិសុខ​ផ្ទាល់​របស់ខ្លួន ព្រមទាំង​សន្តិសុខ​របស់​សមាជិក​ដទៃ​ទៅទៀត​។ 
 
​មិន​ត្រឹម​រឿង​ចាយលុយ​នេះឡើយ អាមេរិក​រឹតតែ​មិន​ពេញចិត្ត​ចំពោះ​អាល្លឺម៉ង់​ដែល​បន្ត​អនុវត្ត​គម្រោង​សាងសង់​បំពង​បង្ហូរ​ឧស្ម័ន Nord Stream 2 ជាមួយ​រុស្ស៊ី​។ អាល្លឺម៉ង់​ដែល​ត្រូវការ​ថាមពល​ខ្លាំង បាន​ចូលរួម​គម្រោង​ជាមួយ​រុស្ស៊ី​ដែល​អនុញ្ញាត​ឲ្យ​អាល្លឺម៉ង់​បង្កើន​ការ​នាំចូល​ទ្វេដង ទោះ​អាមេរិក​ព្រមាន​ក្ដី​។ ជាថ្មី​ម្ដងទៀត អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​លើកឡើងថា សេដ្ឋកិច្ច​អាល្លឺម៉ង់​អាច​ក្លាយជា​ចំណាប់ខ្មាំង​របស់​រុស្ស៊ី​ទៀតផង​។ 
 
​ក្រៅពី​អាល្លឺម៉ង់ លោក ផេ​ន ក៏​ឆ្លៀត​រិះគន់​តួ​ក​គី​មួយទៀត​។ បច្ចុប្បន្ននេះ តួ​ក​គី និង​អាមេរិក​កំពុង​ទាស់​គ្នា​លើ​គម្រោង​ទិញ​ប្រព័ន្ធ​ការពារ S-400 ពី​សំណាក់​តួ​ក​គី​។ ខឹង​នឹង​រឿងនេះ អាមេរិក​បាន​ផ្អាក​ការផ្គត់ផ្គង់​យន្តហោះ F-35 ទៅ​ឲ្យ​តួ​ក​គី​វិញ និង​ប្រាប់​ឲ្យ​តួ​ក​គី​បញ្ឈប់​គម្រោង​ខ្លួន បើសិន​នៅ​ចង់បាន​អាវុធ​អាមេរិក​ទៀត​។ លោក ផេ​ន ប្រាប់​ផ្ដល់​ពីរ​ទៅ​តួ​ក​គី គឺ​ទីមួយ បន្ត​ជា​ដៃគូ​សំខាន់​របស់​ណា​តូ ឬ​ទី​ពីរ ត្រូវ​ប្រឈមមុខ​ហានិភ័យ​តាមរយៈ​ការសម្រេចចិត្ត​ដែល​ប៉ះពាល់​ដល់​សម្ព័ន្ធ​ណា​តូ​។​
 
​យ៉ាងណាមិញ លក្ខខណ្ឌ​របស់​អាមេរិក សាប​ដូច​ទឹក​ចំពោះមុខ​តួ​ក​គី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេស​តួ​ក​គី Mevlut Cavusoglu និយាយថា កិច្ចព្រមព្រៀង S-400 ជាមួយ​រុស្ស៊ី ចប់សព្វគ្រប់​ហើយ ហើយក៏​មិនអាច​បក​ក្រោយ​បានដែរ​។ លោក​អះអាងថា តួ​ក​គី​ធ្វើការ​ជាមួយ​រុស្ស៊ី តែ​មិនមែន​មានន័យថា តួ​ក​គី​មិន​ខ្វល់​ពី​សម្ព័ន្ធ​ណា​តូ ហើយ​យល់​តាម​សម្ដី​រុស្ស៊ី​រហូត​ដែរ​៕
 

Tag:
 អាមេរិក​
  តួ​ក​គី​
  អាល្លឺម៉ង់​
  រុស្ស៊ី​
  ម៉ៃ ផេ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com