អន្តរជាតិ
អគ្គរដ្ឋទូត​ចិន​ប្រចាំ​ជប៉ុន​ដែល​កាន់តំណែង​ជាង​៩​ឆ្នាំ នឹងត្រូវ​ផ្លាស់ប្តូរ មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី
04, Apr 2019 , 9:59 pm        
រូបភាព
លោក Cheng Yonghua អគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន (ឆ្វេង) ចាប់ដៃជាមួយ​នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ អំឡុងជំនួបមួយនាទីក្រុងតូក្យូ នាពេលកន្លងទៅ (រូបថត៖ AP)
លោក Cheng Yonghua អគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន (ឆ្វេង) ចាប់ដៃជាមួយ​នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ អំឡុងជំនួបមួយនាទីក្រុងតូក្យូ នាពេលកន្លងទៅ (រូបថត៖ AP)
ដោយ:
​ប្រមុខ​ការទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន នឹង​ចុះចេញ​តំណែង​នា​ដើមខែ​ឧសភា ខណៈ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង ធ្វើ​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ G-20​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Kyodo រដ្ឋាភិបាល​ចិន បាន​ប្រាប់​ទៅកាន់​ភាគី​ជប៉ុន​រួចហើយ​ជុំវិញ​ការសម្រេចចិត្ត​ផ្លាស់ប្តូ​រលោក Cheng Yonghua ។

 
​លោក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន Cheng Yonghua ទំនងជា​នឹងត្រូវ​ជំនួស​ដោយ​លោក Kong Xuanyou ។ លោក Kong ដែល​បច្ចុប្បន្ន​ជា​អនុរដ្ឋមន្ត្រី​ការបរទេស​ចិន គឺជា​អ្នកជំនាញ​ម្នាក់​ទទួលបន្ទុក​ផ្នែក​កិច្ចការបរទេស​របស់​ចិន​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ 
 
​លោក Cheng Yonghua បាន​ក្លាយជា​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ជប៉ុន ក្នុង​ខែកុម្ភៈ ២០១០​។ សម្រាប់​រយៈពេល​ជាង​៩ ឆ្នាំ លោក បាន​ប្រឹងប្រែង​ពង្រឹង​ចំណងទាក់ទង​រវាង​ជប៉ុន និង​ចិន ទោះបី​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​ជាមួយគ្នា​ជុំវិញ​ជម្លោះទឹកដី​នៅ​ប្រជុំ​កោះ Senkaku ក្នុង​សមុទ្រ​ចិន​ខាងកើត​។ 
 
​អាណត្តិ​របស់លោក Cheng មាន​រយៈ​វែង​យ៉ាង​គេ​បង្អស់​ក្នុងចំណោម​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ជប៉ុន គិត​ចាប់ពី​ក្រុង​តូ​ក្យូ​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ​១៩៧២​មក​។ កាលពី​ឆ្នាំមុន លោក បាន​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឃឺ​ឈាង ទៅកាន់​ប្រទេស​ជប៉ុន និង​ទស្សនកិច្ច​របស់លោក ស៊ិន​ហ្សូ អា​បេ ទៅកាន់​ក្រុង​ប៉េកាំង​។​
 
​ការដោះដូរ​មន្ត្រី​ទូត​ចិន​ដែល​កាន់តំណែង​ជិត​៩​ឆ្នាំ​ហើយ​នោះ ធ្វើឡើង​ក្រោយពី​មួយឆ្នាំ​ចុងក្រោយ​នេះ ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន​ចាប់ផ្តើម​ល្អប្រសើរ​ជាង​មុន​។ ហេតុផល​នោះ​គឺ​ដោយសារតែ​គោលនយោបាយ​គាំពារ​និយម​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បង្ខំ​ឲ្យ​ប្រទេស​អាស៊ី​ទាំងពីរ​ដែល​ធ្លាប់​ប្រឈមមុខ​ដាក់គ្នា​នេះ ជាពិសេស​បញ្ហា​ជម្លោះ​ដែន​កោះ ងាក​មក​ចាប់ដៃគ្នា​វិញ​ដើម្បី​ទប់​ទល់នឹង​ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជកម្ម​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល Osaka នៃ​ក្រុម​ប្រទេស G-20 ដែល​រៀបចំឡើង​នា​ចុងខែ​មិថុនា​ខាងមុខ​។ នេះ​នឹង​ក្លាយជា​ទស្សនកិច្ច​ទីមួយ​បង្អស់​របស់​មេដឹកនាំ​ចិន​ដ៏​មាន​ឥទ្ធិពល​នេះ​ទៅកាន់​ប្រទេស​ជប៉ុន ចាប់តាំងពី​ឆ្នាំ​២០០៨​មក​។ ទស្សនកិច្ច​ចុងក្រោយ​របស់លោក​ទៅកាន់​ប្រទេស​ជប៉ុន បានធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៩ កាលនោះ​លោក ស៊ី កាន់តំណែង​ជា​អនុ​ប្រធានាធិបតី​ចិន​។​
 
​អំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​ចិន​កាលពី​ខែតុលា​កន្លងទៅ នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ បាន​អញ្ជើញលោក ស៊ី ឲ្យ​ទៅធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ក្រុង​តូ​ក្យូ នា​ខែកញ្ញា​។ នេះ​ក៏​ជា​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទីមួយ​របស់​លោកនាយក​រដ្ឋមន្ត្រី​ទៅកាន់​ប្រទេស​ចិន ក្រោយពី​លោក​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១២៕

Tag:
 ចិន​
  ជប៉ុន​
  អគ្គរដ្ឋទូត​ចិន​ប្រចាំ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com