កីឡាអន្តរជាតិ
អន្តរជាតិ
Spurs បំបែក​កំណត់ត្រា​ក្លាយជា​ក្លិប​ចំណេញ​ប្រាក់​ច្រើនជាងគេ​លើ​លោក រដូវ​កាល​មុន​
05, Apr 2019 , 10:33 am        
រូបភាព
​ក្លិប Tottenham Hotspur ទទួលបាន​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​ច្រើន​បំផុត​លើ​លោក ដែល​មិន​ធ្លាប់មាន​រហូតដល់ ១១៣​លាន​ផោន (១៤៨​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​បង់ពន្ធ​រួច កាលពី​រដូវ​កាល​មុន​។​


 
​លទ្ធផល​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​សម្រាប់​រដូវ​កាល ២០១៧-១៨ បានបង្ហាញ​ពី​ប្រាក់ចំណូល​របស់​ក្លិប​រហស្សនាម​មាន់​ខ្នាយ​មាស ដែល​កើនឡើង​ពី ៤១០​លាន​ដុល្លារ​អាមេរិក ដល់ ៤៩៧​លាន​ដុល្លារ​អាមេរិក​។ ប្រាក់​ចំ​ណួ​ល​ដ៏​ច្រើនសន្ធឹក​នេះ​រកបាន​ដោយសារ​ការលក់​កីឡាករ ការកើនឡើង​អ្នកទស្សនា​នៅឯ​កីឡដ្ឋាន Wembley និង​ការ​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League​។​
 
​ក្រៅពីនោះ ប្រាក់ចំណូល​ក្នុងការ​ប្រកួត​នៅ Premier League បាន​កើនឡើង​ទ្វេដង​ពី ២៥​លាន​ដុល្លារ ដល់​ជាង ៥៥​លាន​ដុល្លារ ដ្បិត​ទទួលបាន​អ្នកគាំទ្រ​ច្រើន​នៅ​កីឡដ្ឋាន Wembley អំឡុងពេល​កីឡដ្ឋាន​ថ្មី​របស់​ពួកគេ​កំពុង​សាងសង់​។​


 
​តួលេខ​នេះ បានចេញ​ផ្សាយ​ខណៈដែល Spurs បាន​បើក​កីឡាដ្ឋាន​ថ្មី​ឈ្មោះ Tottenham Hotspur ដែលមាន​តម្លៃ​១,៣១​ពាន់​លាន​ដុល្លារ​។ ជំនួប​ដំបូង​នៅ​ទីលាន​ថ្មី​នេះដែរ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Mauricio Pochettino បាន​យកឈ្នះ Crystal Palace ២-០ ផងដែរ​។​
 
​ក្នុង​រដូវ​កាល ២០១៧-១៨ Spurs មិនសូវ​ចំណាយ​ប្រាក់​លើ​កីឡាករ​ច្រើន​នោះទេ​។ ពួកគេ​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស ដែល​ប្រសើរ​ជាង Arsenal និង Chelsea ដែល​មិន​ទទួលបាន Top4 បើ​ទោះ​ក្រុម​ទាំង​ពីនេះ​ចំណាយ​លើ​ការទិញ​កីឡាករ​ថ្លៃៗ​ក៏ដូចជា​ការចំណាយ​លើ​ប្រាក់បៀវត្ស​ខ្ពស់​ក៏ដោយ​។​
 
Spurs បាន​ចំណាយ​ប្រាក់ ១៩២​លាន​ដុល្លារ​លើ​ប្រាក់​ឈ្នួល​កីឡាករ ដែល​តិចជាង​ការចំណាយ​របស់ Arsenal ដល់​ទៅ ១១២​លាន​ដុល្លារ និង​តិច​ជា Man Utd ពាក់កណ្តាល​ឯណោះ​កាលពី​រដូវ​កាល​មុន​។​
 
​សម្រាប់​រដូវ​កាល​នេះ ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣​បណ្តោះអាសន្ន​ក្នុង​តារាង Premier League ដោយមាន ៦៤​ពិន្ទុ​ពី​ការប្រកួត​៣២​លើក​៕
 

Tag:
 បាល់ទាត់​
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com