ជាតិ
សង្គមជាតិ
រដ្ឋាភិបាល អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត
05, Apr 2019 , 10:56 am        
រូបភាព
នាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី
នាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី
ក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៥មេសានេះ គណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត។ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានផ្តល់ព័ត៌មានតាមបណ្តាញសង្គមថា មុនអនុម័ត សេចក្តីព្រាងច្បាប់នេះ ត្រូវបានកែពាក្យពេចន៍មួយចំនួន។



សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត ត្រូវបានតាក់តែងឡើង ស្របនឹងបរិបទនៃវិស័យប្រេងកាតនៅកម្ពុជានាពេលបច្ចុប្បន្ន។ គោលបំណងនៃការតាក់តែងច្បាប់នេះឡើង គឺដើម្បីជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តភាពនិងប្រសិទ្ធភាព និងដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេស។

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត មាន៩ជំពូកនិង៧២មាត្រា។ អង្គភាពអ្នកនាំពាក្យ អះអាងបែបនេះថា «ច្បាប់នេះមានវិសាលភាពអនុវត្តលើរាល់សកម្មភាពក្នុងវិស័យប្រេងកាតនៅក្នុងបូរណភាពទឹកដីនិងអធិបតេយ្យរបស់កម្ពុជា រួមទាំងបាតសមុទ្រនិងស្រទាប់ដីក្រោមបាតសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ ព្រមទាំងតំបន់ផ្សេងៗទៀត ដែលកម្ពុជាមានសិទ្ធិអធិបតេយ្យ»។ 

ក្រៅពីសេចក្តីព្រាងច្បាប់នេះ នៅមានរបៀបវារៈមួយចំនួនទៀត ​ដែលត្រូវបានលើកទៅដាក់ក្នុងកិច្ចប្រជុំ រួមមាន គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ កន្លែងទំហំ៨០MW និងនៅកំពង់ឆ្នាំង១កន្លែង ៦០MW, សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសុខភាពសិក្សា, កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ, កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ, កិច្ចព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ, និង សំណើសុំចូលជាសមាជិកអង្គការបណ្ដាញអន្តរជាតិសម្រាប់ឬស្សី និងផ្ដៅ៕

© រក្សាសិទ្ធិដោយ thmeythmey.com