កីឡាជាតិ
ជាតិ
ត្រូវ​ម្ដាយ​ហាម​មិន​ឲ្យ​ហាត់​ប្រដាល់​ព្រោះ​ខ្លាច​កូន​ឈឺ​សាច់ តែ​នៅ ស្រី​ពៅ ជម្នះ​រហូត​ល្បីឈ្មោះ​
06, Apr 2019 , 8:29 am        
រូបភាព
​ដោយ​៖ ស៊ី​ធី 
 
​មុនពេល​មានឈ្មោះ​បោះ​សំឡេង នៅ ស្រី​ពៅ ដែល​ត្រូវគេ​ទទួលស្គាល់ថា​ជា​កីឡាការិនី​គុន​ខ្មែរ​កំពុងមាន​ប្រជាប្រិយភាព​នោះ ត្រូវ​ម្ដាយ​ហាមឃាត់​មិន​ឲ្យ​ចូល​ហាត់​ប្រដាល់​ដំបូង​កាល​ដើមឆ្នាំ ២០១៤​។  ទម្រាំ​សុំ​ម្ដាយ​បាន ដ្បិត​ម្ដាយ​បដិសេធ​មុន​ចូល​ហាត់គុន​ខ្មែរ ប៉ុន្តែ ឳ​ពុក​របស់ ស្រី​ពៅ លោក គង់ នៅ បាន​បើកភ្លើង​ខៀវ​ដល់​កូនស្រី ព្រោះ​រូបលោក​ក៏​ស្រលាញ់​កីឡាប្រដាល់​ដែរ​។ 

 
​ឆ្លើយឆ្លង​តាមរយៈ​ទូរ​សព្ទ អ្នកស្រី កឹម សយ អាយុ​៥៨ ឆ្នាំ ដែល​ម្ដាយបង្កើត​របស់ នៅ ស្រី​ពៅ បាន​រៀបរាប់ថា អ្នកស្រី​មិន​ចង់​ឲ្យ​កូនស្រី ចូល​ហ្វឹកហាត់​ប្រដាល់​ទេ ព្រោះ​ខ្លាច​ឈឺ និង ខូច​សាច់​កូន ហើយ​ម្យ៉ាង​ខ្លួន​ជា​ស្រី​មាន​ភាពទន់ភ្លន់​មិន​ដូច​បុរស​ទេ​។ យ៉ាងណា កីឡាការិនី​វ័យ ២៤​ឆ្នាំ បាន​បង្ហើប​ថា ខ្លួន​ខំ​លួងលោម ពន្យល់ និង​សុំ​ម្ដាយ​ដើម្បី​ចូល​ហាត់​ប្រដាល់​រហូតដល់ ៣​ខែ​ឯណោះ ទើប​អ្នកស្រី​យល់​ឲ្យ​ចូល​ហ្វឹកហាត់​ដូច​បំណង​។ 
 
​កីឡាការិនី​គុន​ខ្មែរ​រូបនេះ​បាន​លាឈប់​ពី​ការងារ​រោងចក្រ​នៅ​ម្ដុំ​ព្រែក​ថ្លឹង​ភ្លាមៗ ក្រោយ​ទទួលបាន​ការយល់ព្រម​ពី​ម្ដាយ​នា​ដើមឆ្នាំ ២០១៤​។ បន្ទាប់មក​នាង​បាន​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ដំបូង គឺ​ក្លិប​ប្រដាល់​តា​ឡី​ដំរី​មាន​រិ​ទ្ធិ ក្រោម​ការបង្ហាត់បង្ហាញ​ពី​លោកគ្រូ ញ៉ូ​វ ម៉ាក និង លោក ម៉ាក សា​ខន​។ ការដែល​ចូល​ហ្វឹកហាត់​នៅ​ក្លិប​នេះ​ព្រោះ​គ្រានោះ បងប្រុស​បង្កើត នៅ ស៊ីថា ក៏​ធ្លាប់​ហ្វឹកហាត់​ទីនោះ​ដែរ មុន​លាឈប់​ពី​កីឡាប្រដាល់​ទៅ​ប្រកប​របរ​លក់​ត្រី​រហូត​បច្ចុប្បន្ន​។ គ្រាន់តែ​ចូល​ហ្វឹកហាត់​បាន ១​ខែ ស្រី​ពៅ ត្រូវ​ចាប់​គូ​ឲ្យ​ប្រកួត​នៅ​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​បាយ័ន ទល់នឹង វី ស្រី​ល័​ក្ខ​។ កាលនោះ ស្រី​ពៅ ឈ្នះ​ការប្រកួត​ដោយ​ទទួលបាន​តម្លៃ​ខ្លួន ៣០ ម៉ឺន​រៀល ដែលជា​ការចងចាំ​លើកដំបូង​ក្នុង​អាជីព​កីឡាប្រដាល់​។ 


 
​លទ្ធផល​នេះ អ្នកស្រី កឹម សយ  មាន​មោទកភាព​ចំពោះ​កូនស្រី ដែល​ធ្វើ​បានល្អ​សម្រាប់​ខ្លួនឯង និង​ក្រុមគ្រួសារ​ជាពិសេស​ការទទួល​ជ័យជម្នះ​ផ្ទួនៗ​លើ​ឆាក​អន្តរជាតិ​នៅ​សង្វៀន World Lethwei Championship នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង សង្វៀន​កម្រិត​ពិភពលោក One Championship កាល​ពាក់កណ្ដាល​ខែកុម្ភៈ កន្លងទៅ​។ បន្ទាប់ពី​ត្រូវបាន​ជ្រើសរើស​ជា​កីឡាការិនី​ឆ្នើម​នៅ​សង្វៀន World Lethwei Championship ប្រចាំឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ ជើងឯក​គុន​ខ្មែរ​ទម្ងន់ ៦៣,៥ គីឡូក្រាម រូបនេះ បាន​គូសបញ្ជាក់ថា ប្រដាល់​បានរួម​ចំណែក​ដល់​ជីវភាព​គ្រួសារ​មួយចំណែក និង​ចង់​ចេញទៅ​ប្រកួត​នៅក្រៅ​ស្រុក​ឲ្យ​បាន​ច្រើន​ព្រោះ​មិនសូវមាន​គូ​វ៉ៃ​ក្នុងស្រុក​។  
 
​បន្ទាប់ពី​ធ្វើ​ឲ្យ​កក្រើក​ដល់​អ្នកគាំទ្រ​ប្រដាល់ នៅ ស្រី​ពៅ ត្រូវបាន​កោះហៅ​ឲ្យ​ចូល​ហ្វឹកហាត់​ប្រដាល់សកល​ជម្រើសជាតិ ដែលមាន លោកគ្រូ វ៉ែន សុផល ជា​អ្នក​បង្ហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ជា​រៀងរាល់ថ្ងៃ​ក្នុង​គោលដៅ​ត្រៀម​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​តំណាង​ជាតិ ដែល​រៀបចំ​នៅ ហ្វីលីពីន នា​ចុង​ឆ្នាំនេះ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com