អន្តរជាតិ
កូរ៉េខាងត្បូង កំពុង​ព្យាយាម​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់ ឯ​មូលហេតុ​នៅ​មិនទាន់​ដឹង​ច្បាស់
06, Apr 2019 , 9:02 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​តន ចាន់​រិ​ទ្ធា​រ៉ា (​)
 
​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំងក្លា​មួយ កំពុង​រាតត្បាត​តំបន់ឆ្នេរ​ភាគ​ខាងកើត​របស់​កូរ៉េខាងត្បូង​ដោយបាន​បំផ្លាញ​ព្រៃឈើ និង​ផ្ទះ​រាប់រយ​ខ្នង​ឯណោះ​។ ខ្យល់​បក់​ខ្លាំង ត្រូវបាន​គេ​ជឿថា ជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ភ្លើង​រាលដាល​យ៉ាង​រហ័ស​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង បានប្រកាស​ភាពអាសន្ន​នៅ​តំបន់​រង​ផលប៉ះពាល​ល់ ហើយ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​៥ ខែមេសា បាន​ទៅដល់​ទីក្រុង Goseong ដែល​រងគ្រោះ​ខ្លាំង​។ មកទល់ពេលនេះ មនុស្សម្នា​ក់បាន​ស្លាប់ និង​ជាង​៣០​នាក់​ទៀត​រងរបួស​។​
 
​កម្លាំង​ពន្លត់អគ្គីភ័យ និង​យោធា​ជាង​មួយ​ម៉ឺ​នាក់ ព្រមទាំង​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​ទៀត កំពុងតែ​ញាប់ដៃ​ញាប់ជើង​ក្នុងការ​គ្រប់គ្រង​ភ្លើង​ឆេះ​ដែល​រាល​ដល់​តំបន់​ភាគ​ខាងកើត​កូរ៉េខាងត្បូង​។ ភាព​ង​អាសន្ន​ថ្នាក់ជាតិ ត្រូវបាន​ប្រកាស​នៅ​ទីតាំង​រងគ្រោះ ហើយ​កម្លាំង​ទាំងអស់​ត្រូវបាន​ប្រមូល​ទៅកាន់​ទីតាំង​ភ្លើង​ឆេះ ដើម្បី​ត្រួតត្រា​ស្ថានការណ៍​។​
 
​ក្រុម​ពន្លត់អគ្គីភ័យ​ដែល​មកពី​ទូទាំងប្រទេស បាន​តស៊ូ​នឹង​ភ្លើង​ឆេះ​ដែល​កើតជា​ដំបូង​នៅ​តំបន់ភ្នំ Goseong ចម្ងាយ​១៦០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល​។ ប៉ុន្មាន​ម៉ោង​ក្រោយមក ភ្លើង​ក៏​រាលដាល​ដល់ទី​ក្រុង​ផ្សេងទៀត​ដែល​នៅក្បែរនោះ ដោយសារតែ​ខ្យល់​បក់​ខ្លាំងពេក​។ ជាមួយនឹង​ការប្រកាសអាសន្ន សម្ភារៈ​ចាំបាច់ និង​គ្រឿង​ជួយសង្គ្រោះ​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​រងគ្រោះ​យ៉ាង​លឿន​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​បន្តទៀត​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap គិត​ត្រឹម​ថ្ងៃទី​៥ ខែមេសា ផ្ទៃដី​ព្រៃឈើ​ជាង​៥០០​ហិច​តា​ត្រូវបាន​ឆេះ​ខ្ទេចខ្ទី អាគារ និង​ផ្ទះ​ជាង​៣០០​ខ្នង​ត្រូវបាន​បំផ្លាញ តែ​មនុស្សម្នា​ក់បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ ខណៈ​ច្រើន​នាក់​ទៀត​របួស​។ ប្រជាជន​ប្រមាណ​៤២០០​នាក់ ត្រូវបាន​ជម្លៀស​ពី​កន្លែងកើតហេតុ ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង​៥២​ខ្សែ​ត្រូវបាន​បិទ​ដំណើរ ឯ​សាលារៀន និង​អាគារ​សាធារណៈ​ជាច្រើន​ទៀត​ក៏​បិទ​ដូចគ្នា​ដែរ​។ 
 
​មិនមាន​មូលហេតុ​ពិតប្រាកដ​ដែល​នាំទៅដល់​ការឆេះ​ដ៏​សន្ធោសន្ធៅ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​អាជ្ញាធរ​កូរ៉េខាងត្បូង​កំពុង​រក​ដើមហេតុ​។ ដំបូង​អាជ្ញាធរ​សង្ស័យថា ការផ្ទុះ​ឧបករណ៍​បំពាក់​លើ​ប៉ុស្តិ៍​ទូរ​សព្ទ​ជាដើម​ហេតុ ព្រោះ​មាន​សាក្សី​ឮ​សំឡេង​ផ្ទុះ​។ ក្រោយ​ការស៊ើបអង្កេត​បឋម ក្រុមហ៊ុន​Korea Electric Power Corp អះអាងថា ប៊ូ​តុង​នោះ មិនអាច​ផ្ទុះ​ឆេះ​ដោយ​ខ្លួនឯង​ឡើយ តែ​អាច​បណ្ដាលមកពី​ការ​ឆាប​ព្រាក​រវាង​ខ្សែភ្លើង និង​ធូលី​ក​ដោយសារតែ​រដូវ​នេះ​មាន​ខ្យល់​ស្ងួត​ខ្លាំង​។​
 
​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន បាន​ទៅ​ត្រួតពិនិត្យ​ការងារ​ពន្លត់អគ្គីភ័យ​ដោយផ្ទាល់​នៅឯ Goseong ។ លោក បានស្នើ​ឲ្យ​ក្រុម​ជួយសង្គ្រោះ និង​ភា្ន​ក់​ងារ​ពន្លត់អគ្គីភ័យ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ស្រោចស្រង់​ស្ថានការណ៍​។ លោក​ទទួលស្គាល់ថា ការទប់ស្កាត់​ភ្លើង​មិន​ឲ្យ​រាលដាល​ជា​រឿង​ពិបាក​ព្រោះ​ខ្យល់​បក់​ខ្លាំង តែ​ការគ្រប់គ្រង​ភ្លើង​នេះ នឹង​ធ្វើបាន​តាមរយៈ​ការប្រឹងប្រែង​របស់​មន្ត្រី​ទាំងអស់​។ 
 
​នេះ​ជា​លើកទីមួយ​ក្នុង​រយៈពេល​១២​ឆ្នាំ ដែល​ការប្រកាស​ភាពអាសន្ន​ត្រូវបាន​ប្រកាសឡើង​។ ការប្រកាស​ចុងក្រោយ ធ្វើឡើង​កាលពី​ឆ្នាំ​២០០៧ ពេលដែល​មាន​ករណី​ធ្លាយ​ប្រេង​ដ៏​អាក្រក់​នៅ​ឆ្នេរ​ភាគ​ខាងលិច​។ កាលពី​ឆ្នាំ​២០០៥ កូរ៉េខាងត្បូង​ក៏​ប្រកាស​ភាពអាសន្ន​ម្ដង​ដែរ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ Yangyang ៕ 
 

Tag:
 ​កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com