EU ទទួលស្គាល់​ផលិតផល​GI ស្ករត្នោត​កំពង់ស្ពឺ របស់​កម្ពុជា​
ជាតិ
សេដ្ឋកិច្ច
EU ទទួលស្គាល់​ផលិតផល​GI ស្ករត្នោត​កំពង់ស្ពឺ របស់​កម្ពុជា​
06, Apr 2019 , 10:39 am        
រូបភាព
​ភ្នំពេញ​៖ ស្ករត្នោត​កំពង់ស្ពឺ ត្រូវបាន​សហភាព​អឺរ៉ុប (EU) បញ្ចូល​ក្នុង​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ការពារ (PGI) នៅ​ថ្ងៃទី​៣​ខែមេសា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ EU នៅ​កម្ពុជា​។​
​បើតាម​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​លោក ស៊ា​ង ថៃ ការទទួលស្គាល់​ស្ករត្នោត​កំពង់ស្ពឺ​ជា PGI នេះ គឺ​មានន័យ​ដូចគ្នា​នឹង GI ដែរ ដែលជា​រួម​សភាព​អឺរ៉ុប​ទទួលស្គាល់ និង​ការពារ​ផលិតផល​មួយ​នេះ​។​


 
​ស្ករត្នោត​កំពង់ស្ពឺ ត្រូវបាន​រដ្ឋាភិបាល​ដាក់​ជា​ផលិត​សម្គាល់​ភូមិសាស្ត្រ កាលពី​ឆ្នាំ​២០១០ ហើយ​បន្តបន្ទាប់​ត្រូវបាន​ទទួលស្គាល់​ប្រទេស​ថៃ និង​វៀតណាម មុននឹង​ទទួល​កា​រកា​ពារ​ដោយ​សហភាព​អឺរ៉ុប​នៅពេលនេះ​។ ស្ករត្នោត​កំពង់ស្ពឺ GI នេះ សំដៅ​ការផលិត​ក្នុងស្រុក​ចំនួន​បី​ប៉ុណ្ណោះ​នៃ​ខេត្តកំពង់ស្ពឺ ពោលគឺ​មិនមែន​ក្នុង​ខេត្ត​ទាំងមូល​នោះទេ​។ 
 
​លោក ស៊ា​ង ថៃ អះអាងថា ការផ្ដល់​ឋានៈ​ស្ករត្នោត​កំពង​ស្ពឺ​ជា​ផលិតផល GI ដោយ​សហភាព​អឺរ៉ុប​នេះ នឹង​ជំរុញ​សក្ដានុពល​ផលិតផល​នេះ​បន្ថែមទៀត​។ «​វា​ធ្វើ​ឲ្យ​មានការ​ទទួលស្គាល់ និង​ជឿទុកចិត្ត​ពី​អ្នកបញ្ជា​ទិញ និង​អ្នក​បរិភោគ​កាន់តែខ្លាំង ហើយ​តម្លៃ​ស្ករ និង​បរិមាណ​នាំចេញ​នឹង​កើនឡើង ដែលជា​ប្រយោជន៍​ដល់​កសិករ​អ្នក​ផលិត​»​។​
 
​មុន​ទទួល​បានការ​កា​ពារ ស្ករត្នោត​កំពង់ស្ពឺ​ត្រូវបាន​នាំចូល​ទីផ្សារ​អឺរ៉ុប​មួយចំនួន​រួចមកហើយ​តាមរយៈ​ក្រុមហ៊ុន​ក្នុងស្រុក Confirel ។ នេះ​បើតាម​លោក សម សារឿន ប្រធាន​សមាគម​អភិវឌ្ឍន៍​ស្ករត្នោត​កំពង់ស្ពឺ​។ លោក សារឿន មើលឃើញ​ដូចគ្នា​នឹង​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ដែរ​។ លោក​ថា ទាំង​តម្លៃ​និមិត្តរូប​ក្នុងនាម​ជា​ផលិតផល​ខ្មែរ ក៏ដូចជា​ការនាំចេញ គឺ​ស្ករត្នោត​កំពង់ស្ពឺ​កាន់តែ​ល្បី​លើ​ទីផ្សារ​អន្តរជាតិ​។​
 
​ការផលិត​ស្ករត្នោត GI នេះ ក៏​ជួប​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​ផលិត​ផងដែរ​។ «​យើង​កំពុងតែ​គិត​បញ្ហា​ខ្វះខាត​ការផលិត​នេះដែរ​។ តែមួយ​ទៀត កន្លងមក​យើង​ផលិត​តែ​ក្នុង​ឃុំ​៦​ក្នុង​បី​ស្រុក​នេះ គឺ​មិនទាន់​គ្រប់​ឃុំ​ក្នុងស្រុក​ទាំង​នោះទេ ដូចនេះ​យើង​កំពុង​សិក្សា​តំបន់​ដី​បន្ថែមទៀត​ក្នុង​បី​ស្រុក​នេះ ដើម្បី​ដាក់ជូន​ក្រសួងពាណិជ្ជកម្ម​សម្រេច​។ ហើយ​បើ​ពង្រីក​វិសាលភាព​ដី​អាច​ផលិត​ស្ករ GI បាន​ដូច​ការស្នើ​នោះ​មែន ប្រហែល​ការផលិត​នឹងមិន​ជួប​បញ្ហា​នោះទេ​»​។​
 
​បើតាម​លោក សម សារឿន ការផលិត​ក្នុង​ឆ្នាំ​២០១៨ សម្រេចបាន​ប្រមាណ​២០០​តោន ដែលមាន​ពលរដ្ឋ​ក្នុង​ផលិតកម្ម​ចំនួន ១៦០​គ្រួសារ​។​
 
​គួរបញ្ជាក់​ថា​មុន​ស្ករត្នោត​កំពង់ស្ពឺ EU បានដាក់​ម្រេច​កំពត​របស់​កម្ពុជា ក្នុង​បញ្ជី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ការពារ កាលពីដើមឆ្នាំ​២០១៦៕

Tag:
 ស្ករត្នោត​កំពង់ស្ពឺ​
  GI
© រក្សាសិទ្ធិដោយ thmeythmey.com