វត្ថា វិច្ឆិកា លះបង់​ការងារ​ដើរ​ម៉ូត មក​កែច្នៃ​ដូងទុំ ជា​ផលិតផល​ថែ​សម្រស់ និង​សុខភាព
ជាតិ
វីដេអូ
វត្ថា វិច្ឆិកា លះបង់​ការងារ​ដើរ​ម៉ូត មក​កែច្នៃ​ដូងទុំ ជា​ផលិតផល​ថែ​សម្រស់ និង​សុខភាព
06, Apr 2019 , 11:08 am        
រូបភាព
​ភ្នំពេញ​៖ កញ្ញា វត្ថា វិច្ឆិកា គឺជា​ម្ចាស់​សិប្បកម្ម​ខ្នាតតូច​ឈ្មោះថា​«​ដៃ​ខ្មែរ​»​ដែល​កែច្នៃ​ដូងទុំ និង​វត្ថុធាតុដើម​ក្នុងស្រុក​មួយចំនួនទៀត ទៅជា​ផលិតផល​ធម្មជាតិ ថែរក្សា​សម្រស់ និង​សុខភាព​។ សិប្ប​កម្មនេះ មាន​ទីតាំងនៅ​ក្នុងភូមិ​កំពង់​សំណាញ់ ឃុំ​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ដៃ​ខ្មែរ មានន័យថា​ជា​ផលិត​ខ្មែរ​ដែល​ធ្វើ​ដោយ​ដៃ និង​រំឭក​ដល់​ការតស៊ូ​របស់​ម្តាយ​ដែល​បាន​ចែក​ឋាន​ទៅ តែ​នៅតែ​ជា​វីរនារី​ក្នុង​ដួងចិត្ត និង​ក៏​ជា​កម្លាំង​ដែល​តែង​ជំរុញ​វិច្ឆិកា​ឲ្យ​ពុះពារ​គ្រប់​ឧបសគ្គ​ផងដែរ​។  នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា វិច្ឆិកា​។​

 
​មុននឹង​បើក​សិប្បកម្ម​«​ដៃ​ខ្មែរ​» កញ្ញា វត្ថា វិច្ឆិកា ដែលមាន​កម្ពស់​ខ្ពស់ រាងស្តើង សម្បុរ​ស្រអែម គឺជា​អ្នក​បង្ហាញ​ម៉ូត​អាជីព​ម្នាក់ ដែល​គ្រាន់តែ​មានចិត្ត​ស្រឡាញ់​ការធ្វើ​ជំ​នូ​ញ​ប៉ុណ្ណោះ​។​តែ​ចាប់ពី​ពេល​បាន​ប្រឡូក​ផ្ទាល់​ក្នុង​ការធ្វើ​អាជីវកម្ម​នៅ​អំឡុង​ឆ្នាំ​២០១៤​មក សេចក្តីស្រឡាញ់​មុខ​ជំនួញ របស់​អ្នក​បង្ហាញ​ម៉ូត​វ័យ​២៦​ឆ្នាំ​រូបនេះ ចេះតែ​រីកធំឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូត​ធ្វើ​ឲ្យ​នាង​ដកខ្លួន​ស្ទើរ​ទាំងស្រុង ពី​ការងារ​ជា​អ្នក​បង្ហាញ​ម៉ូត មក​ធ្វើ​អាជីវកម្ម​តែម្តង​។  


 
​កញ្ញា វត្ថា វិច្ឆិកា បានចាប់ផ្តើម​ដំណើរការ​សិប្បកម្ម​ដៃ​ខ្មែរ​ដោយ​ខ្លួនឯង ក្នុង​ឆ្នាំ​២០១៧ បន្ទាប់ពី​ផ្តាច់ខ្លួន​ពី​ដៃគូ​អាជីវក​ម្មចាស់ ដែល​បាន​ចាប់ដៃគ្នា​តាំងពី​ឆ្នាំ​២០១៤​។ ការកែច្នៃ​ដូងប្រេង ជា​គំនិត​ដើម​ដែល​បាន​ពី​ដៃគូ​អាជីវក​ម្មចាស់ ប៉ុន្តែ​នៅពេលដែល​មក​ផ្តើមធ្វើ​អាជីវកម្ម​ខ្លួនឯង វិច្ឆិកា បាន​ខិតខំ​ស្រាវជ្រាវ និង​បង្កើត​រូបមន្ត​ផលិត​សាប៊ូ​ថ្មី​ដោយ​ខ្លួនឯង ដោយមាន​វត្ថុធាតុដើម​ចម្បង​គឺ​ប្រេងដូង​។ កញ្ញា វុត្ថា វិច្ឆិកា បញ្ជាក់​ដូច្នេះ​៖«​ដំបូង​ឡើយ​ខ្ញុំ​រៀន​ពី​គេ ប៉ុន្តែ​ការរៀន​តែមួយ​មុខ គឺ​មិនអាច​បំ​លែងចេញ​ជា​រូបរាង​អ្វី​ផ្សេង​ទេ​។ ទាល់តែ​យើង​ចេះ​ឆ្ងល់ ហើយ​យើង​ក៏ត្រូវ​មានគំនិត​ចង់​បង្កើត​អ្វីដែល​ថ្មី ប្លែក​ពី​គេ​ដែរ​។ អីចឹង​ហើយ យើង​ត្រូវ​សិក្សា​ឲ្យ​បាន​លម្អិត និង​ស៊ីជម្រៅ​លើ​អ្វីដែល​យើង​ចង់​បង្កើត​។ បន្ទាប់ពី​សិក្សា​ច្បាស់​ហើយ យើង​អនុវត្ត​ម្តង​ហើយ​ម្តងទៀត និង​ធ្វើតេស្ត​រហូត​ទទួលបាន​លទ្ធផល​មួយ​ដែល​យើង​គិតថា​អាច​ទទួលយកបាន​»​។​
 
​សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ​៖

 
 
​ដៃ​ខ្មែរ ដែល​គ្មាន​ប្លា​ស្ទិ​ក
 
​បច្ចុប្បន្ន ក្រៅពី​ប្រេងដូង «​ដៃ​ខ្មែរ​» មាន សាប៊ូ​ដុស​មុខ និង​ខ្លួន​ជាច្រើន​ប្រភេទ  សាប៊ូកក់សក់ និង​ម្សៅ​ធ្យូង​ដែល​ផលិត​ពី​ត្រឡោក​ដូង​។ ប៉ុន្តែ​ការច្នៃប្រឌិត​របស់​វិច្ឆិកា មិន​បញ្ចប់​ត្រឹម​ការផលិត​ប្រេងដូង និង​សាប៊ូ​នោះទេ​។ វិច្ឆិកា បាន​បញ្ចូល​គំនិត​បរិស្ថាន និង​ការច្នៃប្រឌិត​របស់ខ្លួន នៅក្នុង​ការ​ដំណើរការ​អាជីវកម្ម​ទាំងមូល​ដែរ ដោយ​លុបបំបាត់​ទាំងស្រុង ការប្រើប្រាស់​ប្លា​ស្ទិ​ក​នៅក្នុង​ហាង ជំនួស​ដោយ​ប្រអប់​វេច​ខ្ចប់​សាប៊ូ ដែល​កែច្នៃ​ពី​ដើម​ចេក និង​ការប្រើ​ថង់​ក្រដាស​ដែល​ងាយ​រលាយ សម្រាប់​ច្រក​ផលិតផល​នានា​ទៅ​ឲ្យ​អតិថិជន​។   កញ្ញា វត្ថា វិច្ឆិកា បញ្ជាក់ថា​៖«​គំនិត​នេះ គឺ​យើង​បង្កើតឡើង​ដើម្បី​កាត់បន្ថយ​ប្លា​ស្ទិ​កនៅ​ក្នុងស្រុក​ខ្មែរ ព្រោះ​ឥឡូវ​ហ្នឹង​មិនមែន​តែ​កម្ពុជា​ទេ គឺ​ទូទាំង​ពិភពលោក​គឺមាន​បញ្ហា​ហ្នឹង​។ អីចឹង​ហើយ​បានជា​យើង​បង្កើត​ផលិតផល​មួយ​ដែលមាន​ការ​វេច​ខ្ចប់​បែប​បរិស្ថាន ដែល​មិនមាន​បា្ល​ស្ទិ​ក ហើយ​ខ្ញុំ​ក៏បាន​បង្កើតជា​ក្រដាស​ដើម​ចេក​។ មួយទៀត​យើង​ក៏បាន​បង្កើតជា​ហាង​បរិស្ថាន ជាមួយនឹង​Refill concept ដែល​អតិថិជន​ឲ្យ​យក​ដប​ពី​ផ្ទះ​គាត់​មក​ដាក់​ប្រេងដូង និង​ផលិតផល​ផ្សេងៗ​។ យើង​ជួយ​ជំរុញ​គាត់ ឲ្យ​ឈប់​ប្រើ​ប្លា​ស្ទិ​ក​»​។​
 
​ក្រៅពីនេះ  ម្ចាស់​អាជីវកម្ម​រូបនេះ ក៏​ចង់​ផ្ញើ​សារ​ទៅ​ពលរដ្ឋ​ទូទៅ ឲ្យ​ស្វែងយល់​ពី​ផលប៉ះពាល់​របស់​បា្ល​ស្ទិ​ក​ដល់​បរិស្ថាន ព្រមទាំង​យល់​ពី​តម្លៃ វត្ថុធាតុដើម​ក្នុងស្រុក​ដែល​អាច​កែច្នៃ​ជាវ​ត្ថុ​ប្រើប្រាស់​ផ្សេងៗ​បាន​យ៉ាងច្រើន​។  លើសពីនេះ​ទៀត កញ្ញា វិច្ឆិកា ចង់ឃើញ​អាជីវកម្ម​ផ្សេងទៀត ចាប់ផ្តើម​គិតគូរ​ពី​ការ​គាំពារ​បរិស្ថាន​ដែរ តាមរយៈ​ការបន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ព្យាយាម​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ឲ្យ​អស់​លទ្ធភាព ដូចដែល​ដៃ​ខ្មែរ​កំពុង​ធ្វើ​។ ស្ថាបនិក​ដៃ​ខ្មែរ ក៏​មិន​កំណាញ់​ក្នុងការ​ចែករំលែក​ចំណេះ ដែល​កើតចេញពី​គំនិត​ច្នៃប្រឌិត​របស់ខ្លួន​ឡើយ​។​
 
​មានចំណេះ ប្តូរ​គំនិត និង​ជួយ​អ្នកសម្រេច​គោលដៅ​
 
​តាមពិតទៅ កញ្ញា វត្ថា វិច្ឆិកា បាន​កំព្រាម្តាយ និង​មិន​ទទួលបាន​ការផ្គត់ផ្គង់​ពី​ឪពុក តាំង ពី អាយុ ១៤​ឆ្នាំ​ម្ល៉េះ​។ បន្ទាប់​ម្តាយ​ចែក​ឋាន​ទៅ នាង​ត្រូវ​ធ្វើការ​រកប្រាក់​ចិញ្ចឹម​ខ្លួន និង​ផ្គត់ ផ្គង់​ការសិក្សា​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ដោយ​ជីវភាព​ទ័ល​លំបាក​ពេក វិច្ឆិកា ក៏​សម្រេចចិត្ត​ចោលការ​សិក្សា​នៅត្រឹម​ថ្នាក់​ទី​១០ ហើយ​មករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​។ ដោយមាន​មាឌ​ស្តើង កម្ពស់​ខ្ពស់ និង​មាន​ទេពកោសល្យ​ផង វិច្ឆិកា ដែលមាន​សម្បុរ​ស្រអែម​ផង​នោះ បាន ចាប់យក​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូត​ចាប់តាំងពី​ពេល​នោះមក​។ 
 
​ការសិក្សា​ផ្លូវការ​បាន​ត្រឹម​ថ្នាក់​ទី​១០ ប៉ុន្តែ​សហគ្រិន​មកពី​ក្រុង​តាខ្មៅ ក្បែរ​ភ្នំពេញ​រូបនេះ តែង​សង្វាត​ការសិក្សា​ក្រៅផ្លូវការ​ជានិច្ច​។ សហគ្រិន​ស្រអែម​ស្រស់​រូបនេះ អះអាង ការរៀនសូត្រ និង​ការទទួលយក​យោបល់ និង​ការរិះគន់​របស់​អ្នកដទៃ​បាន​ផ្លាស់​ប្តូរជីវិត​ទ័ល​លំបាក​របស់ខ្លួន​បាន​មកដល់​ថ្ងៃនេះ​។ «​និយាយ​រួម​ទៅ ចំណុច​ដែល​ជួយ​សំខាន់​ជាងគេ គឺ​ការរៀន​។ ខ្ញុំ​ជឿជាក់​លើ​ការរៀន កាលណា​យើង​មានចំណេះដឹង គឺ​ផ្លាស់ប្តូរ​ការគិត​របស់​យើង​បាន​ច្រើន​មែនទែន​។ នៅពេលដែល​គេ​ថា​ខ្ញុំ​អត់​ចេះ​ធ្វើ​អ្វីមួយ ឬថា​ខ្ញុំ​អត់​ចេះ​ធ្វើ​ជំនួញ​ទេ​! គេ​និយាយ​ត្រូវ ព្រោះ​ខ្ញុំ​អត់​ដឹង​មែន អត់​ចេះ​មែន​។ អីចឹង​ហើយ​ខ្ញុំ​ព្យាយាម​ស្វែងរក​ចំណេះវិជ្ជា​ទាំងអស់នោះ​»​។ កញ្ញា បញ្ជាក់​ដូច្នេះ រួច​ក៏​បន្ត​ជំរុញ​ឲ្យ​ស្ត្រី​ដទៃទៀត​សង្វាត​ចំណេះដឹង និង​ការសិក្សា​ដូច​ខ្លួន​ដែរ ទោះជា​ជីវិត​លំបាក​យ៉ាងណាក៏ដោយ ព្រោះ​សម្រាប់​ម្ចាស់​សិប្បកម្ម​ដៃ​ខ្មែរ នៅពេល​មានចំណេះ ស្ត្រី​នឹង​ក្លាហាន មាន​ចំណូល មាន​ជំហរ​ខ្លួនឯង និង​មាន​ឯករាជ្យ​នៅក្នុង​ការសម្រេចចិត្ត​ផងដែរ​៕

Tag:
 វត្ថា វិច្ឆិកា​
 ​ដូង​
 ​ប្រេងដូង​
 ​ច្នៃប្រឌិត​
© រក្សាសិទ្ធិដោយ thmeythmey.com