ជាតិ
«អានូ» ព្រាត់មេ ដោយសារមនុស្សកាប់ ដុត ទន្ទ្រានព្រៃធម្មជាតិ អានូ កំពុងប្រឡែងលេងជាមួយកុមារតូច ជាកូនម្ចាស់ផ្ទះដែលបានយកអានូមកចិញ្ចឹម។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
× ស្ទឹងត្រែង៖ «អានូ» គឺជាឈ្មោះកូនស្វាឈ្មោលកំព្រាមួយក្បាល ដែលត្រូវព្រាត់ប្រាស់ពីមេរបស់វា នៅក្នុងព្រៃមួយ ដែលគេទន្ទ្រាន កាប់ ដុតដើម្បីចាប់យកដី។ អានូ ត្រូវបានបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ រស់នៅក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង រើសមកពីក្នុងព្រៃ យកមកចិញ្ចឹមនៅក្នុងផ្ទះរបស់គាត់។
ឈរក្បែរទ្រុងរាងបួនជ្រុងធ្វើពីដែកសរសៃ ព័ទ្ធដោយសំណាញ់ដែក ដែលជាទ្រុងសម្រាប់ដាក់ អានូ បុរសម្នាក់ កំពុងប្រឡែងលេងជាមួយអានូ យ៉ាងសប្បាយរីករាយ ដូចឪពុកប្រឡែងនឹងកូន ។ អានូ លោតតោងជើងខោរបស់បុរសម្នាក់នេះ រួចតោងឡើងដល់ស្មា ឱប ក ដោយសេចក្តីស្រឡាញ់ រួចសម្រូតចុះមកក្រោមវិញ ដោយបន្តរត់ចូលក្រោមផ្ទះ ហើយត្រឡប់មកតោងឡើងលើបុរសម្នាក់នោះរបស់វិញ តាមសភាវរបស់សត្វពានរ។ ថ្វីដ្បិតតែវាមិនចេះនិយាយភាសាមនុស្ស ប៉ុន្តែ អានូបានសម្តែងកាយវិការ ស្រឡាញ់បុរសម្នាក់នេះខ្លាំងណាស់។ វាលោតតោង វាឱប យ៉ាងស្និទ្ធស្នាល។ នេះប្រហែលជាវាយល់ច្រឡំថា បុរសម្នាក់នេះ ជាម្តាយរបស់វាហើយក៏មិនដឹង។
អានូ នៅក្នុងទ្រុង។ រូបភាព៖ ឈុត ឈាណា / អច្ឆរិយភាពនៃទន្លេមេគង្គ
ថ្វីដ្បិតតែមានទ្រុង តែអានូមិនសូវស្ថិតនៅក្នុងទ្រុងទេ។ ទ្វារទ្រុងបើកចំហ។ អានូ វាអាចចេញ-ចូលដោយសេរី។ អានូ ហាក់បានក្លាយជាសមាជិកម្នាក់នៃគ្រួសារមួយនេះទៅហើយ។ វាលោតចុះ លោតឡើង ចូលក្នុងទ្រុង រូចចេញវិញ រត់ឡើងលើផ្ទះ តោងសមាជិកគ្រួសារមួយនេះ ពីម្នាក់ទៅម្នាក់។ ក្នុងចំណោមសមាជិកក្នុងគ្រួសារនេះទាំងមូល អានូ ស្រឡាញ់បុរសដែលរើសវាយកមកពីព្រៃជាងគេ។ វាហក់តោង វាឱប ហាក់មិនចង់ឃ្លាត។
«ទ្រុងនេះ នាមហៅថាទ្រុងប៉ុណ្ណោះ តែខ្ញុំមិនបិទទ្វារទេ គឺបើកចំហ។ អានូ វាអាចចេញចូលដោយសេរី។ ខ្ញុំដាក់អានូក្នុងទ្រុងហើយបិទទ្វារ ពេលណាដែលខ្ញុំមិននៅផ្ទះប៉ុណ្ណោះ»។ នេះជាសម្តីរបស់ម្ចាស់អានូ ប្រាប់ដល់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
បុរសម្នាក់នេះ បានឲ្យដឹងថា អានូ គឺជាស្វាកំព្រាមួយក្បាល ដែលបានព្រាត់មេរបស់វានៅក្នុងព្រៃមួយ ដែលគេកាប់ទន្ទ្រាន និងដុតយកដីមួយកន្លែង។ គាត់បានដាក់ឈ្មោះវាថា «អានូ»។ «ខ្ញុំមិនដឹងថា មេរបស់វាងាប់ដោយភ្លើងឆេះព្រៃ ឬក៏ជាប់អន្ទាក់ព្រានព្រៃឡើយ។ អានូ វានៅតូចណាស់ ដូចជាទើបនឹងកើត ព្រោះវារត់មិនបានលឿនឡើយ»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការកាប់ព្រៃទន្ទ្រាន ដុតព្រៃ រានព្រៃធម្មជាតិនៅសេសសល់ យកដីធ្វើចំការ នៅតែមិនកើតមាននៅតាមបណ្តាខេត្តនានា ជាពិសេស នៅតាមបណ្តាខេត្តភាគខាងជើងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com